ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក ៖ ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ និង​មី​ស៊ីល ​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​ប្រកបដោយ​គុណភាព​នៃ​សមត្ថភាព​របស់​កូរ៉េខាងជើង​

សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កូរ៉េខាងជើង​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​ប្រកបដោយ​គុណភាព​នៅ​ក្នុង​សមត្ថភាព​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​ខ្លួន​បន្ទាប់ពី​កម្រិត​នៃ​ការ​ធ្វើ​តេស្ត​មិន​ធ្លាប់​មាន​ពី​មុន​មក​កាលពី​ឆ្នាំមុន​ហើយ​នេះ​ បាន​បង្ហាញ​ពី​ភាព​ចាំបាច់​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ត្រឡប់​ទៅកាន់​តុ​ចរចា​បន្ធូរបន្ថយ​អាវុធ។

អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ប្រាប់​សន្និសីទកាសែត​រួម​មួយ​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​ជប៉ុន​ និង​កូរ៉េខាងត្បូង​របស់​លោក​ថា កូរ៉េខាងជើង​បានធ្វើ​តេស្ត​មី​ស៊ី​ល​ចំនួន​២៤​គ្រាប់​ក្នុង​ឆ្នាំ​កន្លង​ទៅនេះ​ព្រមទាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ​ចំនួន​ពីរ​គ្រាប់​ហើយ​បាន​សិក្សា​ពី​គ្នា​ទៅវិញទៅមក​ផង​ដែរ។

លោក​បាន​និយាយ​ទៀត​ថា “​បើ​ទោះបីជា​មានការ​បរាជ័យ​ខ្លះ​ក៏ដោយ ពួកគេ​បាន​សិក្សា​អំពី​បចេ្ចក​វិទ្យា​របស់​ពួកគេ​ហើយ​ឈាន​ទៅ​រក​ការ​ធ្វើ​តេស្ត​បន្ទាប់​។ នៅ​ក្នុង​ការ​វាយតម្លៃរ​បស់​ពួក​យើង ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​ប្រកបដោយ​គុណភាព​នៅក្នុង​សមត្ថភាព​របស់​ពួកគេ​កាលពី​ឆ្នាំមុន​ដែលជា​លទ្ធផល​នៃ​កម្រិត​សកម្ម​ភាព​មិន​ធ្លាប់​មាន​ពីមុន។

លោក Blinken បាន​បន្ត​ថា “​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ការ​គំរាមកំហែង​កាន់​តែខ្លាំង​ឡើងៗ​”​។ លោក​បាន​និយាយ​បែបនេះ​ដោយ​សំដៅ​ទៅលើ​ការ​លើកឡើង​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un ដែល​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​របស់​គាត់​ជិត​ធ្វើតេស្ត​កាំជ្រួច​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ដែល​ជា​មី​ស៊ី​ល​មួយ​ប្រភេទ​អាច​វាយប្រហារ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ណាមួយ។ លោក Blinken បាន​បញ្ជាក់​ថា វា​ជា​ការ​សំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង​និង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​ការ​ជំរុញ​កិច្ច​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ឆ្លើយតប​ទៅវិញ​ចំពោះ​ការ​លើកឡើង​របស់​លោក Kim អំពី​ការធ្វើ​តេស្ត​មី​ស៊ី​ល ICBM ដោយ​ប្រកាស​ក្នុង Tweet មួយ​ថា “​វា​នឹង​មិន​អាច​កើតឡើង​បាន​ឡើយ​!”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684