ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​អាល្លឺម៉ង់ ​៖ អ្នក​វាយប្រហារ​ដោយ​រថយន្ត​នៅ​ទីក្រុង​ប៊ែ​កឡាំង​ប្រើ​យ៉ាងហោចណាស់​១៤​ឈ្មោះ​

បុរស​ទុយ​នេស៊ី​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​១២​នាក់​ កាលពី​ខែ​មុន​ដោយ​បើក​រថយន្ត​ដឹកទំនិញ​បុក​រះ​ចូល​ក្នុង​ទីផ្សារ​លក់​ផលិតផល​បុណ្យ​ណូអែល​នៅ​ទីក្រុង​ប៊ែក​ឡាំង ​គឺ​បាន​រស់នៅ​ជា​មួយនឹង​ឈ្មោះ​យ៉ាងហោចណាស់​ចំនួន​១៤​ផ្សេងគ្នា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រធាន​ប៉ូលិស​ក្នុង​តំបន់​ដែល​បង្ក​ឲ្យ​មាន​ការ​លើក​ឡើងជា​សំណួរ​បន្ថែម​ទៀត​អំពី​ភាព​ចន្លោះប្រហោង​ផ្នែក​សន្តិសុខ។

លោក Anis Amri ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ដោយ​ប៉ូលិស​អ៊ីតាលី​ក្នុង​ទីក្រុង​មី​ឡេ​ន​នៅ​ថ្ងៃទី​២៣​ខែធ្នូ​គឺ​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​គំរាមកំហែង​ ដ៏​មាន​សក្ដានុពល​ដោយ​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ សហព័ន្ធ​ភាគ​ខាងលិច North Rhine-Westphalia (NRW) កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦ ​ដែល​មាន​រយៈពេល​ប្រហែល​ប្រាំ​មួយ​ខែ​បន្ទាប់ពី​គាត់​បាន​មក​ដល់​ក្នុង​ប្រទេស​អាល្លឺម៉ង់​ និង​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន។

លោក Dieter Schuermann ប្រធាន​អង្គភាព​ប៉ូលិស​ព្រហ្មទណ្ឌ​រដ្ឋ NRW បាន​ប្រាប់​សភា​ក្នុង​តំបន់​ក្នុង​អំឡុងពេល​សន្និសីទ​មួយ​ថា “​គាត់​បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​រួមគំនិត​ក្បត់​និង​បាន​ប្រើ​ឈ្មោះ​នានា​”​។ លោក Schuermann បាន​និយាយ​ទៀត​ថា បុរស​វ័យ​២៤​ឆ្នាំ​រូប​នេះ ​បាន​បែងចែក​ពេលវេលា​រវាង​រដ្ឋ NRW និង​ទីក្រុង​ប៊ែ​កឡាំង​ដែលជា​កន្លែង​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ក៏បាន​ចាត់​ថ្នាក់​ផង​ដែរ​ថា​គាត់​ជា​ការ​គំរាមកំហែង​ដ៏​មាន​សក្ដានុពល។

ការស៊ើបអង្កេត​មួយ​ចូល​ទៅ​ក្នុង​ការ​វាយប្រហា​រ​នេះ ​គឺ​កំពុង​ផ្តោត​ទៅលើ​ថា​ តើ​មាន​អ្នកណា​សម​គំនិត​ជាមួយ Amri ដែរ​ឬក៏​អត់​។ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ទុយ​នេ​ស៊ី​ម្នាក់ទៀត​ក្នុង​ទីក្រុង​ប៊ែ​កឡាំង​នៅ​សប្ដាហ៍​នេះ​ដែល​ព្រះរាជអាជ្ញា​បាន​និយាយថា បានទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ Amri នៅ​ភោជនីយដ្ឋាន​អារ៉ាប់​មួយ​ក្នុង​រដ្ឋធានី​មួយថ្ងៃ​មុន​ពេល​ការវាយប្រហារ ថ្ងៃទី​១៩​ខែធ្នូ​កើតឡើង​។

អ្នកនាំពាក្យ​ព្រះរាជអាជ្ញា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា Amri និង​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដែល​គេ​ស្គាល់​ថា​មានឈ្មោះ Bilel A វ័យ​២៦​ឆ្នាំ​គឺ​បាន​ពិភាក្សា​គ្នា​យ៉ាង​យូរ​នៅ​ឯ​ភោជនីយដ្ឋាន​មួយ​មុន​ថ្ងៃ​នៃ​ការវាយប្រហារ។
ទោះបីជា​យ៉ាងណាក៏ដោយ ម្ចាស់​ភោជនីយដ្ឋាន​នៅ​ភាគ​ខាងជើង​ទីក្រុង​ប៊ែ​កឡាំង​ដែលជា​កន្លែង​អ្នក​ទាំងពីរ​ជួប​គ្នា​បាន​ប្រាប់​រ៉​យ​ទ័​រថា គាត់​មិន​បាន​ដឹង​ទេ​ថា Amri បានទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ទីនេះ​រហូតដល់​ប៉ូលិស​មក​សួរ​គាត់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684