ព័ត៍មានទាន់​ហេតុការណ៏
Search

ទួរគី​រង​ការវាយប្រហារ​ថ្មី​ទៀត​ ដោយ​សម្លាប់​មនុស្ស​ពីរ​នាក់​ ខណៈ​ខ្មាន់កាំភ្លើង​ក្រុង​អ៊ី​ស្តង់​ប៊ុល​កំពុង​តាម​ចាប់​

ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ស្ដីបន្ទោស​ទៅលើ​ពួក​សកម្ម​ប្រយុទ្ធ​ឃើដ​ បាន​ធ្វើ​ឲ្យ​រង្គើ​ទីក្រុង Izmir របស់​ប្រទេស​ទួរគី​កាលពី​ព្រហស្បតិ៍​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់ ​និង​បង្ក​ឲ្យ​មាន​ការ​បាញ់​តបត​គ្នា​ដ៏​សាហាវ​ ខណៈ​ដែល​អាជ្ញាធរ​កំពុង​ដេញ​តាម​ចាប់​ឃាតក​ដែល​រត់គេច​ខ្លួន​ក្រោយ​ការវាយប្រហារ​ឆ្នាំ​ថ្មី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល។

ការវាយប្រហារ​ថ្មី​នេះ​បាន​បង្កើន​ជា​ការ​ព្រមាន​កាន់​តែខ្លាំង​ក្នុង​ប្រទេស​ទួរគី​បន្ទាប់ពី​ការ​បាញ់ប្រហារ​នៅ​ក្លិប​រាត្រី Reina ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​មិនយូរប៉ុន្មាន ​ក្រោយ​ឆ្លង​ឆ្នាំ​ថ្មី​២០១៧​ដែល​បានសម្លាប់​មនុស្ស​ចំនួន​៣៩​នាក់​និង​ត្រូវបាន​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។

ត្រឹមតែ​រយៈពេល​បួន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ការសម្លាប់​រង្គាល​នៅ​ក្លិប​រាត្រី​នោះ គ្រាប់បែក​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះឡើង​នៅ​ខាងក្រៅ​តុលាការ​ក្នុង​ទីក្រុង Izmir ខណៈដែល​អាជ្ញាធរ​បាន​ស្តីបន្ទោស​វា​ទៅលើ​គណបក្ស​ពលករ​ឃើ​ដ​ខុសច្បាប់ (PKK) ។​

លោក​ឧបនាយករដ្ឋមន្ត្រី Veysel Kaynak បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ប៉ូលិស​ម្នាក់​និង​បុគ្គលិក​តុលាការ​ម្នាក់​ត្រូវបាន​សម្លាប់ ។ លោក​បាន​បន្តថា ប៉ូលិស​បាន​វាយ​ប្រយុទ្ធ​ជាមួយ​ពួក​ភេរ​វករ នៅក្នុង​ការប៉ះទង្គិច​មួយ​ដែលមាន​ពួក​សកម្មប្រយុទ្ធ​ពីរ​នាក់​ត្រូវបាន​សម្លាប់​ប៉ុន្តែ​សកម្មប្រយុទ្ធ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​។​

លោក​បាន​និយាយថា ប៉ូលិស​ដែល​ត្រូវបាន​សម្លាប់​គឺជា​អ្នក​ដែល​រារាំង​រថយន្ត​មុនពេល​វា​ផ្ទុះ​។ បន្ទាប់មក​ភេរ​វករ​ផ្សេងទៀត​បាន​បើក​ការបាញ់ប្រហារ​ជាមួយ​ក្រុមប៉ូលិស​។ មនុស្ស​រហូតដល់​ទៅ​ប្រាំពីរ​នាក់​បាន​រងរបួស​។

ទីភ្នាក់ងារ​ព័ត៌មាន Anadolu របស់​រដ្ឋ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវបាន​ឃុំខ្លួន​ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ​ពួកគេ​មាន​ជាប់ទាក់ទង​នឹង​ពួក​សកម្មប្រយុទ្ធ​នេះដែរ​ឬក៏​អត់​។ អភិបាលក្រុង Izmir លោក Erol Ayyildiz បាន​និយាយថា ភស្តុតាង​ជាដំបូង​បាន​បង្ហាញថា គណបក្ស PKK ដែល​បាន​វាយ​ប្រយុទ្ធ​សម្រាប់​រយៈពេល​ជាង​បី​ទសវត្សរ៍​មកហើយ​នោះ​គឺ​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

ទីក្រុង​កំពង់ផែ​ដែលជា​ធម្មតា​មាន​សន្តិភាព​មួយ​នេះ​គឺជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​បី​របស់​ប្រទេស​ទួរគី​និង​ជា​ច្រក​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ឆ្នេរ​នៃ​សមុទ្រ Aegean ហើយ​កម្រ​បាន​ជួបប្រទះ​អំពើ​ហឹ​ង្សា​ក្នុង​ទ្រង់ទ្រាយ​ធំ​បែបនេះ​ណាស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684