ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​អង់គ្លេស​ នឹងទៅ​ទស្សនកិច្ច​លោក Donald Trump នៅ​និ​ទាឃ​រដូវ​នេះ

វិមាន Downing Street បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May នឹង​ទៅ​ទស្សនកិច្ច​លោក Donald Trump នៅ​និ​ទាឃ​រដូវ​នេះ បន្ទាប់ពី​ការចាប់ផ្ដើម​របស់​លោក​ជា​ប្រធានាធិបតី​អាមេរិក។

​ក្នុងនោះ​ប្រធាន​បុគ្គលិក​រួម​របស់​លោកស្រី May គឺ​លោក Nick Timothy និង​លោក Fiona Hill ក៏បាន​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ខែ​មុន​ដើម្បី​ជួប​ជាមួយនឹង​ក្រុម​របស់លោក Trump ផងដែរ ។ អ្នកនាំពាក្យ​វិមាន Downing Street បាន​ប្រាប់ AFP ថា “​នេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឈានមុខ​គេ​ឆ្ពោះ​ទៅរក​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ជាមួយនឹង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump” ។

អ្នកនាំពាក្យ​ខាងលើ​បាន​បន្ថែមថា “​ក្នុងអំឡុងពេល​ការហៅ​ទូរស័ព្ទ​លើក​ទី​ពីរ​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump លោកស្រី​នាយករដ្ឋមន្ត្រី​បាន​បង្ហាញថា វា​នឹង​ក្លាយជា​គំនិតល្អ​មួយ​សម្រាប់​បុគ្គលិក​ដ៏​សំខាន់​មកពី​ក្រុម​ទាំងពីរ​ដើម្បី​ជួបគ្នា ហើយ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Trump បាន​ព្រមព្រៀងគ្នា​ថា​វា​នឹងមាន​ប្រយោជន៍​” ។

ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ធានា បន្ទាប់ពី​ជំនួយការ​របស់​លោក​ស្រី​បាន​ជួប​ជាមួយ​ក្រុម​លោក Trump ។ អ្នកនាំពាក្យ​នោះបាន​និយាយថា “​យើង​មាន​សេចក្តី​រីករាយ​ដែល​វា​អាច​កើតឡើង ហើយ​លោកស្រី​នាយករដ្ឋមន្ត្រី​កំពុង​រងចាំ​ទស្សនកិច្ច​ប្រធានាធិបតី​ថ្មី​នៅ​និទាឃ​រដូវ​នេះ​” ។

រដ្ឋាភិបាល​អង់គ្លេស​នឹង​មិន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​ខណៈដែល​សារព័ត៌មាន Sky News បាន​រាយការណ៍​ថា ការកំណត់​ពេលវេលា​ជួបគ្នា​គឺ​នៅក្នុង​ខែកុម្ភៈ ដោយ​សារ​តែ​លោក Trump គឺ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២០ ខែមករា ។

ការិយាល័យ​របស់​លោក​ស្រី​បាន​និយាយ​ថា បន្ទាប់ពី​ការបោះឆ្នោត​អាមេរិក​រួចមក​ពួកគេ​បានបញ្ជាក់​ជាថ្មី​ពី​ទំនាក់ទំនង​យ៉ាង​ពិសេស​រវាង​ប្រទេស​ទាំងពីរ​របស់​ពួកគេ ខណៈដែល​លោកស្រី May បាន​សង្កត់ធ្ងន់​ពី “​ប្រវត្តិសាស្ត្រ​រយៈពេល​យូរ​នៃ​ការ​ចែករំលែក​សារៈសំខាន់​” របស់​ពួកគេ និង​ជំហរ​នៅ​ជាមួយគ្នា ។

លោកស្រី May មានបំណង​ចង់សង្កត់ធ្ងន់​ទៅលើ​ការពង្រឹង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាមួយ​អាមេរិក ខណៈដែល​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប បន្ទាប់ពី​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​លើ​សមាជិក​នៃ​ប្លុក​នេះ​កាលពី​ខែមិថុនា ឆ្នាំ​២០១៦។

សូម​បញ្ជាក់​ថា ការ​រក្សា​ទំនាក់ទំនង​យ៉ាងខ្លាំង​ទៅនឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ជួយ​ក្រុង​ឡុង​ដ៍ ខណៈ​ដែល​ខ្លួន​បាន​ប្រឈម​នឹង​ការមិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​នៅ​ក្រៅ​សហភាព​អឺរ៉ុប ទោះ​បីជា​រហូតមកដល់​ពេលនេះ​លោក Trump មិនបាន​បង្ហាញ​ឲ្យ​ប្រទេស​អង់គ្លេស​ឃើញ​ពី​អាទិភាព​របស់​ខ្លួន​ក៏ដោយ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684