ព័ត៍មានទាន់​ហេតុការណ៏
Search

ឱក សុគន្ធ​កញ្ញា ទម្លាយ​ហេតុផល​៩​ចំណុច​ នាំ​ឲ្យ​មនុស្ស​ស្រី​ជ្រើស​បុរស​ត្រឹម​ជា​មិត្តភក្តិ​ជាង​យក​ធ្វើ​សង្សារ

ភ្នំពេញ​ ៖​ ក្រោយពេល​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​ជាថ្មី​រវាង​តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស​កញ្ញា ឱក សុគន្ធ​កញ្ញា ជាមួយ​តារាចម្រៀង​ប្រុស​រួម​ដំបូល​ជាមួយគ្នា​លោក ឆន សុវណ្ណ​រាជ លើ​ករណី​ទំនាក់ទំនង​ក្រៅ​ឆាក​រហូត​មានការ​លើ​ឡើង​ថា​ ពួកគេ​កំពុង​លេងល្បែង​ស្នេហ៍​បំភ័ន្ត​ភ្នែក​មហាជន​។ ប៉ុន្តែ​យ៉ាងណាមិញ​ជារឿយៗ​ ពួកគេ​តែង​ចេញមុខ​ឆ្លើយ​បដិសេធ​ថា​ ជា​ការ​រាប់អាន​គ្នា​ត្រឹម​ជា​មិត្តភក្តិ​រួម​អាជីព​ការងារ​ប៉ុណ្ណោះ។

ទន្ទឹមគ្នា​នឹង​ការ​ផ្ទុះ​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​ ស្រាប់តែ​តារា​ចម្រៀង​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា ក៏បាន​ទម្លាយ​នូវ​ហេតុផល​៩​ចំណុច​រវាង​ការ​ជ្រើស​បុរស​ធ្វើ​ត្រឹម​ជា​មិត្ត​និង​ដំណាក់កាល​នៃ​ការ​ឈានដល់​សង្សារ​តែ​ក្នុង​ន័យ​នេះ​ ពុំ​ត្រូវ​បាន​នរណា​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​ នាង​ចង់​សម្តៅ​លើ​រឿង​អ្វីមួយ​នោះ។

តារា​ស្រី​កញ្ញា ឱក សុគន្ធ​កញ្ញា បាន​បញ្ជាក់​ថា ​ចំពោះ​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​សុខចិត្ត​ជ្រើស​បុរស​ត្រឹម​ជា​មិត្តភក្តិ​ជាជាង​យក​ធ្វើ​សង្សារ​មាន​ដូច​ជា ១.​មិត្តភក្ដិ​ទោះជា​អ្នក​ស្ថិតក្នុង​ស្ថានការណ៍​អ្វី​ក៏​នៅ​ជាមួយគ្នា​រហូត​ថែរក្សា​គ្នា​ទុក​ដូច​បងប្អូន​។ ​២. មិត្តភក្ដិ​នឹង​នៅ​ជាមួយ​អ្នក​រហូត ហើយក៏​អាច​យូរ​ជាង​សង្សារ​បាន​ដែរ​ មិន​ងាយ​ចេះ​ខឹង​អន់ចិត្ត​អ្វី​នោះ​ទេ​។ ៣. មិត្តភក្ដិ​មិន​តម្រូវ​ឲ្យ​អ្នក​ផ្កាប់​ចិត្តច្រើន​ឡើយ មិន​ដូច​សង្សារ​ដែល​ត្រូវ​តាមចិត្ត​គេ​គ្រប់ពេលវេលា។

កញ្ញា ឱក សុគន្ធ​កញ្ញា បាន​លើក​ឡើង​ទៀត​ថា ​ចំណែក​ទី​៤.​មិត្តភក្ដិ​បើ​អ្នកធ្វើ​អ្វី​លើ​គេ​ខុស​អាច​ត្រូវ​គ្នា​វិញ​ដោយ​ការ​សុំទោស​បន្តិចបន្ដួច​តែ​បើ​សង្សារ​វិញ​បើ​ហ៊ាន​តែ​ខុស​បន្តិច​ ហើយ​គេច​ង់​បែកចិត្ត​ទៀត​នោះ​លួង​ចង់​ស្លាប់​ក៏​មិន​ងាយ​ត្រូវ​គ្នា​វិញ​ដែរ​។ ៥.​មិត្តភក្ដិ​នឹង​ស្រឡាញ់​អ្នក​រហូត​បើ​ទោះ​ជា​អ្នក​ចាស់​ទៅ​លែង​ស្អាត​ដូច​មុន​ក៏ដោយ ប៉ុន្តែ​សង្សារ​វិញ​ហ៊ាន​តែ​មិន​ស្អាត​បន្តិច​ដឹង​តែ​រក​ថ្មី​ហើយ​។ ៦.​មិត្តភក្ដិ​នឹង​យល់​ពី​អ្នក​ច្រើនជាង​សង្សារ​ ព្រោះ​គេ​អាច​នឹង​ស្និទ្ធ​ជាមួយ​អ្នក​ជាង​មនុស្ស​ប្រុស​ដែល​ជួបគ្នា​ម្ដងម្កាល​ ឬ​ ទើបតែ​ស្រឡាញ់គ្នា​នោះ។

ជាមួយ​គា្ន​នេះ​ សម្រាប់​ចំណុច​ទី​៧​មិត្តភក្ដិ​មិនដែល​ចង់​ធ្វើបាប​អ្នក​ទេ ​ទោះ​ខឹង​ក៏ដោយ​តែ​ផ្ទុយ​ពី​សង្សារ​ឱ្យតែ​ខឹង ដឹង​តែ​រត់ចោល​ឯង​រហូត​។​ ៨. ត្រូវ​បាន​កញ្ញា ឱក សុគន្ធ​កញ្ញា បញ្ជាក់​បន្ថែមថា​មិត្តភក្ដិ​តែងតែ​ចង់​ឲ្យ​អ្នក​ល្អ​គ្រប់​ពេល​រហូតដល់​ពេល​ខ្លះ​ពួកគេ​អាចធ្វើ​ថោក​ដាក់​អ្នកដទៃ​ដើម្បី​អ្នក​ក៏មាន មិន​ដូច​សង្សារ​មានតែ​ពាក្យ​ស្រឡាញ់​តែ​ពេលខ្លះ​មិន​ខ្វល់​ជាមួយ​អ្នក​ឡើយ​ និង​ទី​៩ មិត្តភក្ដិ​មិនដែល​ចង់បាន​អ្វី​ពី​អ្នក​ទេ ​តែ​បើ​សង្សារ​វិញ​រកតែ​ផលចំណេញ​ជាពិសេស​រឿង​លើ​គ្រែ​តែម្ដង។

សូម​បញ្ជាក់​ថា ​តារាចម្រៀង​ស្រី​-​ប្រុស​ពីររូប​របស់​ផលិតកម្ម​ហង្ស​មាស​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក​ឆន សុវណ្ណ​រាជ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ​បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​នៃ​ការ​សាង​សម្ព័ន្ធភាព​ស្នេហា​ជាថ្មី​បន្ទាប់ពី​ពួកគេ​ទម្លាយ​នូវ​រូបភាព​ផ្អែមល្ហែម​ស្និទ្ធស្នាល​ជា​បន្តបន្ទាប់​ប្រៀប​បាន​នឹង​រលក​ញី​ឈ្មោះ​។​ ខណៈ​ចម្លើយ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ពេញ​ពី​បបូរមាត់​របស់​អ្នក​ទាំងពីរ​នៅឡើយ​៕