ព័ត៍មានទាន់​ហេតុការណ៏
Search

MH370 ៖ ការស៊ើបអង្កេត​របស់​បារាំង​បង្ហាញ​ថា គ្មាន​ការសង្ស័យ​លើ​អាកាសយានិក ​និង​អ្នកដំណើរ​ទេ​

ប្រភព​នានា​បានលើកឡើង​ប្រាប់ AFP កាលពី​ថ្ងៃ​សុក្រ​ថា ការពិនិត្យ​សាវតារ​របស់​អ្នកដំណើរ​ និង​អាកាសយានិក​នៅលើ​ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤ ​គឺ​មិនបាន​រកឃើញ​អំពី​មូលហេតុ​ នៃ​ការសង្ស័យ​នោះទេ​។​

​បារាំង​ បាន​បើក​ការស៊ើបអង្កេត​ផ្ទាល់ខ្លួន​ចូលទៅក្នុង​ការបាត់​ខ្លួន​យន្តហោះ​នេះ​ដោយសារ​តែមាន​ជន​ជាតិ​បារាំង​ចំនួន​បួន​នាក់ ​គឺ​ស្ថិតនៅ​ក្នុងចំណោម​អ្នកដំណើរ​២២៧​នាក់​ និង​បុគ្គលិក​យន្តហោះ​១២​នាក់ នៅលើ​ជើងហោះហើរ​នេះ​។​

​ក្រុម​អ្នកស្រាវជ្រាវ ​និង​អាជ្ញាធរ​ពិនិត្យពិច័យ​បាន​ជួបប្រជុំ​ជាមួយ​សាច់ញាតិ​នៃ​ជនជាតិ​បារាំង​ទាំងបី​បួន​នាក់ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ប្រាប់​ពួកគេ​អំពី​ដំណើរការ​ នៃ​ការស៊ើបអង្កេត​។​

​សាច់ញាតិ ​ត្រូវបាន​គេ​ប្រាប់ថា ការត្រួតពិនិត្យ​សាវតា​លើ​អ្នកដំណើរ​ និង​អាកាសយានិក​ដោយ​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ក្នុងស្រុក​របស់​ប្រទេស​បារាំង (DGSI) គឺ​មិនបាន​រកឃើញ​អ្វី​អវិជ្ជមាន​ឡើយ​។​

​សំណួរ​អំពី​សាវតារ​អ្នកដំណើរ​ និង​អាកាសយានិក​បាន​ផុស​ឡើង​នៅពេលដែល​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​និយាយ​ថា អ្នកដំណើរ​អ៊ីរ៉ង់​ចំនួន​ពីរ​នាក់​នៅលើ​យន្តហោះ​នេះ ​គឺ​បានធ្វើ​ដំណើរ​ដោយ​ប្រើ​លិខិត​ឆ្លងដែន​លួច​ពី​គេ​។ ប៉ុន្តែ​ប៉ូលិស​អន្តរជាតិ​បាន​និយាយថា ពួកគេ​ប្រហែលជា​ជន​អន្តោប្រវេសន៍​ដែល​កំពុង​ព្យាយាម​ទៅ​អឺរ៉ុប​។​

​មេធាវី​ម្នាក់ ​ឈ្មោះ Marie Dose បាន​លើកឡើងថា នៅឯ​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកជំនាញ​បារាំង​ម្នាក់​ក៏បាន​ផ្តល់​កំណែ​ចុងក្រោយ​ នៃ​របាយការណ៍​បណ្ដោះអាសន្ន​ផងដែរ​ ដែល​ប្រមូលបាន​ក្នុង​ខែ​កញ្ញា​ ប៉ុន្តែ​មិនបាន​បង្ហាញ​ព័ត៌មាន​ច្រើន​នោះទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី ​បាន​សរសើរ​ចៅក្រម​ពិនិត្យពិច័យ​សម្រាប់​ការងារ “​គួរ​ឲ្យ​កត់សម្គាល់​” របស់​ពួកគេ​។​

គួរបញ្ជាក់​ជាថ្មី​ថា ជើងហោះហើរ MH370 បាន​បាត់​ខ្លួន​ខណៈ​ធ្វើដំណើរ​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៨​ ខែមីនា ​ឆ្នាំ​២០១៤​។​

​វា​ត្រូវបាន​គេ​ជឿថា យន្តហោះ Boeing 777 មួយគ្រឿង​នេះ​បាន​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ប៉ុន្តែ​ការ​ប្រមាញ់​ក្នុង​សមុទ្រ​ជ្រៅ​ជិត​ឆ្នេរ​ភាគ​ខាងលិច​របស់​ប្រទេស​អូស្ត្រាលី​បានទទួល​បរាជ័យ​ក្នុង​ការ​ស្វែងរក​សូម្បីតែ​បំណែក​មួយ​ដុំ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114