ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​ថ្ងៃ​៧​មករា​ទើប​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃនេះ​

តាកែវ ៖ មាន​ថ្ងៃ​៧​មករា​ទើប​មាន​អ្វីៗ ដូច​សព្វ​ថ្ងៃនេះ ! នេះជាអត្ថន័យ​ដ៏​មាន ខ្លឹមសារ​នៃ​ពាក្យស្លោក​មួយ​ក្នុង​ចំណោម​ពាក្យស្លោក​ជាច្រើន ​ដែល​លោក​អភិបាល​នៃ​គណៈអភិបាលខេត្ត​បាន​មាន​ប្រសា​សន៍ ទៅ​កាន់​ប្រជាពលរដ្ឋ​ក៏​ដូច ជា​យុវជន​សម័យនេះ​ត្រិះរិះ​ពិចារណា​ និង​ទទួលយក​ការពិត​នៃ​ប្រវត្តិសាស្ត្រ​។

លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​តាកែវ​បាន​ថ្លែង​បែបនេះ​ទៅកាន់​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​រាប់ពាន់​អ្នក​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​រំលឹក​ខួប​លើក​ទី​៣៨​នៃ​ថ្ងៃ​ជ័យជម្នះ៧​មករា ១៩៧៩ – ៧​មករា​២០១៧​នៅមុខ​សា​លម​ហោ ស្រព​ខេត្ត​តាកែវ​នា​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧​។

លោក​អភិបាល​បាន​ថ្លែង​សង្កត់​ធ្ងន់​ថា អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧​មករា​គឺ បាន​ន័យ​ថា​ចង់​ឲ្យ​របប​ប្រល័យ ពូជ​សាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ ក្នុង​ន័យ​នេះ​គឺ​លោក​បាន​រំលឹក​ពី​អតីតកាល​ដ៏​ខ្មៅ​ងងឹត​ក្នុង​សម័យ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ស្ទើរ​តែ​គ្រប់រូប​ទទួលរង​ទុក្ខ​គ្មាន​ល្ហែ អត់បាយ​អត់​ទឹក ព្រមទាំង​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ៗ​ដូច​សត្វ​ធាតុ​។

ក្រោយពី​រំលឹក​អតិ​ត​កាល​ដ​ជូរចត់​រួចមក​លោក​ក៏​មាន​ប្រសា​ស​ន៍បន្ត​ថា ថ្ងៃ​រំដោះ​៧​មករា​មិនមែន​កើត​ឡើង​ដោយ​ទេវតា​ឋានសួគ៌​ជប់​នោះ​ទេ គឺ​កើតឡើង​ ដោយ​ការ​បូជា​ឈាម​ស្រស់​សាច់​ស្រស់​របស់​យុទ្ធជន​ខ្មែរ ពិសេស​យុទ្ធជន​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជា​ប្រមុខ។

ជា​ចុងក្រោយ​នៃ​ពិធី​រំលឹក​ខួប​នោះ​ដែរ លោក ឡាយ វណ្ណៈ បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ និង​អ្នក​ដែល​ចូលរួម​ទាំងអស់​ត្រូវ​ថែរក្សា​សន្តិភាព​ និង​សមិទ្ធផល​ធំធេង​ជាច្រើន​ ដែល​កើតឡើង​ក្រោយ​ថ្ងៃ​៧​មករា ហើយ​បើ​ចង់​ថែរក្សា​សន្តិភាព​និង​នាំមក​នូវ​ការ​រីកចម្រើន​ដូច​សព្វ​ថ្ងៃនេះ គឺ​ត្រូវតែ​បន្ត​បោះឆ្នោត​គាំទ្រ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន សម្ដេច​តេ​ជោ ជា​ប្រមុខ​បក្ស​ដើម្បី​បន្ត​នាំ ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​កម្ពុជា​ទៅ​មុខទៀត​៕

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684