ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ណាហ្គា​វើ​ល បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Kelechi ត្រៀម​រដូវ​កាល​២០១៧

ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ បាន ប្រកាស ថា​ក្រុម​ខ្លួន​សម្រេច​បន្ត​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល ទៀត​ជាមួយ​កីឡាករ​បរទេស​ជនជាតិ​នី​ហ្សេ​រី​យ៉ា Gorge Kelechi Stanley ដើម្បី​ត្រៀម​ចួ​ល​ប្រកួត​ក្នុង​ពានរង្វាន់​សំខាន់ៗ​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ខាងមុខនេះ​។

ក្លិប​ណាហ្គា​វើ​ល បានប្រកាស​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖ «​ថ្ងៃនេះ (​ព្រហស្បតិ៍​) ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ Gorge Kelechi Stanley សម្រាប់​បន្ត​ការ​ស្នាក់នៅ​ជាមួយ​ក្លិប​ក្នុងឆ្នាំនេះ​បន្តទៀត​។ កីឡាករ Kelechi បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប ណាហ្គា​វើ​ល តាំងពី​ជុំ​ទី​ពីរ​នៃ​ការប្រកួត​ពានរង្វាន់ Metfone Cambodia League នៅ​រដូវ​កាល​មុន ។ ហើយ​យើង​សង្ឃឹមថា​គេ​នឹង​ធ្វើ​បាន​យ៉ាង​ល្អ​ជាមួយ​ក្លិប​នៅ​ក្នុង​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់ផ្ដើម​ខាងមុខនេះ​»​។

​កីឡាករ Kelechi កើត​នៅ​ទីក្រុង Owerri រដ្ឋ Imo ភាគ​ខាងត្បូង​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែលជា​កូនច្បង​ក្នុង​គ្រួសារ​មានកូន​៧​នាក់​។ ក្លិប​ដំបូង​របស់គេ​នៅ​នី​ហ្សេ​រី​យ៉ា គឺ​ក្លិប​យុវជន Unity Boys នៅ​ក្រុង Abuja ដែល​គេ​បាន​លេង​រយៈពេល​៧​ឆ្នាំ​។ បន្ទាប់មក​បាន​ចំណាយពេល​មួយឆ្នាំ​នៅ​ក្លិប Gabros នៅ​រដ្ឋ Anambra មុន​ពេល​ធ្វើដំណើរ​ទៅលេង​ក្រៅប្រទេស​លើកដំបូង​នៅ​វៀតណាម​។ គេ​ចំណាត់​ពេល​១​រដូវ​កាល​នៅ​ក្លិប Fico Tay Ninh នៅ V-League​។ បន្ទាប់មក​បាន​ត្រលប់​ទៅ​នី​ហ្សេ​រី​យ៉ា វិញ​២​រដូវ​កាល នៅ​ក្លិប Rivers United មុន​មក​កម្ពុជា ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប និង​ភ្នំពេញ​ក្រោ​ន ហើយ​បន្ត​មក​ដល់​ណាហ្គា​វើ​ល។

នេះ​ជា​ការ​បន្ថែម​សមាជិក​បរទេស​ថ្មី​នៅក្នុង​ក្លិប​ណាហ្គា​វើ​ល ខណៈ​ខាង​ក្លិប​បាន​បង្ហើប​ថា​មាន​កីឡាករ​បរទេស​ចំនួន​៤​រូប​ហើយ​រួមមាន Anderson Zogbe ដែល​ជា​ខ្សែ​ការពារ​ចាស់​ជនជាតិ​កូ​ឌី​វ័រ កីឡាករ​ជប៉ុន​Kento Fujihara​ជា​ខ្សែការពារ កីឡាករ​ប្រេ​ស៊ី​ល Diego Gama de Oliveira ដែល​ទើប​ចុះ​កុងត្រា​កាល​ពីពេល​ថ្មី​និង​កីឡាករ Kelechi នេះឯង​។ យោងតាម​គោល​ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី គឺ​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​អ្នកគាំទ្រ​ត្រូវ​រង់ចាំ​មើល​ថា​ តើ​កីឡាករ​បរទេស​៥ រូប​ណា នឹង​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល។

ក្រុម​ណាហ្គា​វើ​ល ទើបតែ​ចុះ​កិច្ចសន្យា​នាំ​យក​ម្ចាស់​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup 2016) គឺ​កីឡាករ សួង វីរៈ មក​ចូលរួម​ជាមួយ​ក្រុម​ដោយ​ជោគជ័យ​ផងដែរ​។ ទន្ទឹម​នឹង​ព័ត៌មាន​នាំចូល​កីឡាករ​ថ្មី ក្រុម​ណាហ្គា​វើ​ល ក៏មាន​ដំណឹង​ពី​ការចាកចេញ​របស់​កីឡាករ​មួយ​ចំនួន​ផងដែរ ដូចជា​កីឡាករ ទៀត ចាន់​ដា​រ៉ា​សុខា ដែល​សម្រេចចិត្ត​ឈប់​លេង​បាល់ កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី កីឡាករ សេត រ៉ូ​ហ្សី​ប និង​កីឡាករ សុខ ផេង បាន​ចាកចេញ​ទៅកាន់​ក្លិប​បឹងកេត​អង្គរ ខណៈ​កីឡាករ ផន រតនា​, កីឡាករ ប្រាក់ ចាន់​រតនា ទំនងជា​ទៅ​ចូលរួម​ជាមួយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ផងដែរ។

ចំពោះ​ក្រុម​ណាហ្គា​វើ​ល នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល​លោក មាស ចាន់ណា ដឹកនាំ​ក្រុម ខណៈ​ក្រុម​មួយ​នេះ​បាន​ខកចិត្ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​២​លើក​កាលពី​ឆ្នាំ ២០១៥ កន្លង​ទៅដោយ​ចាញ់​ស្វាយរៀង​អែ​ហ្វ​ស៊ី (​ស្វាយរៀង​ព្រះខ័ន​រាជ​) ដោយ​លទ្ធផល ២​ទល់​១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​ហ៊ុនសែន (Hun Sen Cup)​ហើយ​លើក​ទី​២ របូត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៥ ពី​ដៃ​ក្រោយ​ចាញ់​ភ្នំពេញ​ក្រោន ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី​។ ប៉ុន្តែ​ចូលឆ្នាំ​២០១៦ នេះ​ណាហ្គា​វើ​ល បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ខណៈ​កៅអី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិញ​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ប្រកួត​បាន​១៨​លើក ឈ្នះ​១០​លើក ស្មើ​៥​លើក និង​ចាញ់​៣​លើក មាន​៣៥​ពិន្ទុ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684