ព័ត៍មានទាន់​ហេតុការណ៏
Search

អគារ​ស្នាក់នៅ​ ដែល​ចំណាយ​ជាង​១០​លាន​ដុល្លា​រ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែមេសា​ខាងមុខ​

ភ្នំពេញ​ ៖ អគារ​ស្នាក់នៅ​រួម​ ដែល​ជា​គម្រោង​បែប​ច្នៃប្រឌិត ឆ្លើយតប​ទៅ​នឹង​ការ​អភិវឌ្ឍ​​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​នោះ នឹង​ត្រូវ​សាងសង់ឡើង​នៅ​ខែមេសា​ខាងមុខ ដោយ​ចំណាយ​ជំហាន​ដំបូង​ប្រមាណ​ជាង​១០​លាន​ដុល្លា​អាមេរិក ហើយ​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធាន​ភ្នំពេញ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Urban Living Solutions បាន​ធ្វើ​ការ​លើ​ការ​បង្កើត​ដំណោះស្រាយ​បែប​ច្នៃប្រឌិត ដើម្បី​ឆ្លើយតប​ទៅនឹង​នគរូបនីយកម្ម និង​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា​។

ការ​ធ្វើ​អាជីវកម្ម និង​ការសាងសង់ ដែល​មាន​លក្ខណៈ​រស់រវើក​នេះ ដែល​ជា​កន្លែង​ធ្វើ​ការតភ្ជាប់​រវាង​មនុស្ស និង​មនុស្ស​នៅ​ចំណុច​កណ្តាល និង​បេះដូង​នៃ​គម្រោង​។ ដោយ​ពិចារណា​ពី​ប្រទេសកម្ពុជា ជាពិសេស​គុណ​តម្លៃ និង​បរិស្ថាន​ប្រពៃណី​រស់នៅ​របស់​សហគម​ន៍​ប្រជាពលរដ្ឋ ក្រុមហ៊ុន​បាន​ធ្វើ​ការសាងសង់​ភូមិ នៅក្នុង​ក្រុង ដែល​ទាន់សម័យ សុវត្ថិភាព និង​និរន្តរភាព សម្រាប់​អ្នកជំនាញ​វ័យក្មេង។

ក្រុមហ៊ុន Urban Living Solutions ដែល​គ្រប់គ្រង​ដោយ​លោក​គាង គឹម​លាង ដែល​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន Genki Sushi ភោជនីយដ្ឋាន Kai Fun ភោជនីយដ្ឋាន Doors Music +Tapas កន្លែង​ស្បា Amara សណ្ឋាគារ Lebiz និង Cara​។ តាម​សេចក្តី​ប្រកាស​បាន​អះអាង​ថា មជ្ឈមណ្ឌល​ទីក្រុង​ជា​គម្រោង​ធំ​មួយ​របស់​ក្រុមហ៊ុន Urban Living Solutions នាពេល​បច្ចុប្បន្ន​ដែលជា​គម្រោង​លំនៅឋាន​ថ្មី​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ សាងសង់ឡើង​សម្រាប់​អ្នកជំនាញ​វ័យក្មេង ដែលមាន​ប្រាក់ចំណូល​មធ្យម​ធ្វើការ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ដំណាក់កាល​ទីមួយ​នៃ​គម្រោង​មជ្ឈមណ្ឌល​ទីក្រុង​នឹងត្រូវ​ចាប់​ផ្តើម​ឡើង​នៅ​ខែមេសា ឆ្នាំ​២០១៧ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​នឹង​មាន​លំនៅឋាន​ចំនួន​៦០០​លំនៅឋាន​នីមួយៗ​ មាន​ទំហំ​ប្រហែល​៥០​ម៉ែត្រការ៉េ និង​មានតម្លៃ​រហូតដល់​៣៥០០០​ដុល្លារ​អាមេរិក​។

គម្រោង​ផ្តោត​សំខាន់​សម្រាប់​អ្នក​ ដែល​មាន​បំណង​ចង់​ចូលមក​រស់​នៅ​ក្នុង​លំនៅឋាន​នា​ពេល​ឆាប់ៗ តែ​មិនមែន​សម្រាប់​អ្នក​ដែលមាន​បំណង​វិនិយោគ​នោះទេ​។ សហគមន៍​នឹងត្រូវ​បង្កើតឡើង​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​២៥ ទៅ​៤០ ឆ្នាំ រួមទាំង​គ្រួសារ និង​កូន​ផងដែរ​។

មជ្ឈមណ្ឌល​នេះ ជាទី​ក្រុង និង​ជា​សហគមន៍​លំនៅឋាន​បៃតង សុវត្ថិភាព និង​និរន្តរភាព​។ មជ្ឈមណ្ឌល គឺ​ផ្តោត​សំខាន់​លើ​របៀប​រស់នៅ​ជា​សហគមន៍​។ សហគមន៍​អាច​ដើរ​បាន ដែល​មិនមែន មានតែ​លំនៅឋាន​នោះ​ទេ ប៉ុន្តែ​ក៏មាន​ទាំង​ហាង​តូចៗ (​រួមទាំង​ហាង​គ្រឿងទេស​) ដែលមាន​តម្លៃ​សមរម្យ និង​មានការ​រចនា​ឡើង​សម្រាប់​ក្រុម​អ្នកជំនាញ​វ័យក្មេង​នា​ពេល​បច្ចុប្បន្ន​។

តាមរយៈ​មជ្ឈមណ្ឌល​ទីក្រុង​យើង​ធ្វើការ​ផ្តោតអារម្មណ៍​លើ​ការបង្កើត​ការតភ្ជាប់ និង​ការបង្កើត​សហគមន៍​នៅក្នុង​ប្រទេស​មួយ​ ដែល​មាន​កំណើន​ប្រជាជន​ក្រុង​ដ៏​ឆាប់រហ័ស​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន់ថយ​នៃ​ប្រពៃណី​សហគមន៍ និង​រចនាសម្ព័ន្ធ​ភូមិ​។ មជ្ឈមណ្ឌល​ទីក្រុង​នឹងត្រូវ​សាងសង់ឡើង​ដើម្បី​ធានាថា កន្លែង​នីមួយៗ​នៅក្នុង​សហគមន៍​មាន​លក្ខណៈ​គួរ​ឲ្យ​ទាក់ទាញ និង​អាច​ប្រើប្រាស់​បាន។

មជ្ឈមណ្ឌល​ទីក្រុង​បាននិងកំពុង​រៀបចំឡើង​ដោយ ប្រើ​វិធីសាស្ត្រ​រចនា “​មនុស្ស​ជា​ចម្បង​” ហើយ​កំពុង​ធ្វើ​ការស្ទង់មតិ ដើម្បី​វិភាគ​ទៅលើ​តម្រូវការ និង​ការ​ចង់បាន​របស់​ប្រជាជន យើង​ដើរ​តាម​ការ​និន្នាការ ​នៃ​ការ​ផ្លាស់ប្តូរ​សង្គម​នា​ពេល​បច្ចុប្បន្ន និង​រក្សាទុក​នូវ​គុណ​តម្លៃ និង​តម្រូវការ​សំខាន់​របស់​អ្នក​មក​រស់នៅ។

លោក លឹម សុជាតិ តំណាង​អ្នក​វិនិយោគ​ក្នុងស្រុក​បាន​ថ្លែង​ថា ដោយសារ​កត្តា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​កត្តា​កំណើន​ការ​អភិវឌ្ឍ​ន៍​នៅក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ភាពងាយស្រួល​របស់​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​សុខភាព​សាធារណៈ បាន​តម្រូវ​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយទៅជា​ការិយាល័យ ស្ថាប័ន​ឯកជន ស្ថាប័នរដ្ឋ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ដោយសារ​រាជធានី​ភ្នំពេញ​ពោរពេញ​ដោយ​ការិយាល័យ ទើប​ស្រូប​យក​កម្លាំង​ពលកម្ម​ជាច្រើន​ពី​តំបន់​ជាយក្រុង​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ហើយ​ជួប​បញ្ហា​អត់​ផ្ទះ​នៅ ដោយសារ​ផ្ទះ​មានតម្លៃ​ខ្ពស់​។ ដូច្នេះ​ពួកគាត់​ស្នាក់នៅ​ផ្ទះជួល ឬ​ផ្ទះ​បងប្អូន ហើយ​តាម​លោក លឹម សុជាតិ គំរោង​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​និង​ផលវិបាក​របស់​ពួកគាត់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114