ព័ត៍មានទាន់​ហេតុការណ៏
Search

លោក គង់ វិបុល អញ្ជើញ​ចូលរួម​ពិធី​មី​ទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៨​នៃ​ទិវា​ជ័យជម្នះ​៧​មករា​នៅ​ស្រុក​ល្វាឯម

ភ្នំពេញ​ ៖ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ជា​អនុប្រធាន​ទី​១​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ល្វាឯម ព្រមទាំង​ក្រុមការងារ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៧ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រា​រព្ធ​ពិធី​មី​ទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៨ នៃ​ទិវា​ជ័យជម្នះ ៧​មករា (៧​មករា ១៩៧៩-៧​មករា ២០១៧) នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ល្វាឯម។

មាន​មតិ​សំណេះសំណាល​ក្នុង​ពិធី​នោះ លោក គង់ វិបុល បាន​លើកឡើង​ថា ថ្ងៃ​៧​មករា ១៩៧៩ គឺជា​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តូ​ល​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ង​ងឹត​បំផុត​នៃ​កម្ពុជា ហើយ​បើក​ឡើងវិញ​នូវ​ទំព័រ​សករាជ​ថ្មី​គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនៈភាព​សង្គម​។

លោក​បន្ត​ថា ថ្ងៃនេះ​យើង​ប្រារព្ធ​ខួប​លើក​ទី​៣៨ នៃ​ទិវា​ជ័យជម្នះ ជាមួយនឹង​មោទនា​ភាព​ដ៏​ថ្លៃថ្លា​ចំពោះ​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ច្រើន ដែល​ប្រជាជន​សម្រេចបាន​រយៈពេល​៣៨​ឆ្នាំកន្លងមក រួមទាំង​សមិទ្ធិផល ក្នុង​ឆ្នាំ​២០១៦ ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ។

តាម​លោក គង់ វិបុល ក្នុងការ​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល ដែល​សម្រេចបាន​ដូចជា ការ​រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ បូរណភាព​ទឹកដី និង​ភាព​សុខដុមរមនា​របស់​ប្រជាជន​, ការអនុវត្ត​កម្មវិធី​កំណែទម្រង់ លើកកម្ពស់​អភិ​បា​កិច្ច​ល្អ ដើម្បី​ដំណើរ​ការងារ​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព​, នៅ​ឆ្នាំ​២០១៦ កំណើនសេដ្ឋកិច្ច​សម្រេច​បាន​ក្នុង​រង្វង់​៧ ភាគរយ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​មាន​កំណើន ១១,៤​ភាគរយ សេវាកម្ម​មាន​កំណើន ៦,៧​ភាគរយ និង​វិស័យ​កសិកម្ម​មាន​កំណើន​ល្អ​ជាង​ឆ្នាំមុន​ចំណែក GDP កើន​ពី​៧៦០ដុល្លារ (​ឆ្នាំ​២០០៨) មកដល់​១៣០០ដុល្លារ (​ឆ្នាំ​២០១៦), រាជរដ្ឋាភិបាល​រួមជាមួយ​វិស័យ​ឯកជន និង​សប្បុរសជន​បាន​ដោះស្រាយ​រក្សា​ស្ថេរភាព​តម្លៃ ស្រូវ​របស់​ប្រជាកសិករ​យើង​, រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​អាជីវករ លក់ដូរ​តាម​ផ្សារ​របស់​រដ្ឋ អាច​ប្រើប្រាស់ អាស្រ័យ​ផល តូប​លក់ដូរ​របស់​ខ្លួន​ដោយ​គ្មាន​អាណត្តិ និង​បញ្ឈប់​យក​ការយកថ្លៃ​ផ្សេងៗ​ពី​អ្នកលក់ដូរ​តាម កញ្ច្រែង កញ្ជើ ល្អី , រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចំនួន​១២ ភាគរយ នៅ​ឆ្នាំ​២០១៧ និង​សម្រេច​គោលដៅ​ដល់​ជាង​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨ ព្រមទាំង​ដំឡើង​របប​ប្រាក់​សោធន​និវត្តន៍​, ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់ដេរ បាន​ដំឡើង​ពី ១៤០ ដុល្លារ ដល់ ១៥៣ ដុល្លារ អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០១៧ តទៅ បើក​បូក​បញ្ចូល​ជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ពួកគាត់​អាច​ទទួលបាន​ពី ១៧០ ដុល្លារ ទៅដល់ ១៨១ ដុល្លារ​ក្នុង​មួយខែ។

ជាមួយនឹង​ការ​លើកឡើង​ខាងលើ​នេះ លោក គង់ វិបុល បាន​លើក​ឡើង​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤០ អាណត្តិ​ទី​៥ ដោយ​បញ្ជាក់​ថា អង្គ​សន្និបាត​ឯកភាព និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សភាពការណ៍​ទូទៅ​ការងារ​បក្ស​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ ហើយ​បាន​គាំទ្រ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ព្រមទាំង​លទ្ធផល​ដ៏​ល្អ​នៃ​ដំណើរ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។

ជាមួយគ្នា​នោះ អង្គ​សន្និបាត​បាន​គាំទ្រ​ពេញទំហឹង​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជា​មាន​សុខ​សន្តិភាព ស្ថេរភាព និង​អភិវឌ្ឍ​គ្រប់​វិស័យ ហើយ​ក៏បាន​គាំទ្រ​ពេញទំហឹង​នូវ​យុទ្ធនាការ​ប្រយុទ្ធ និង​បង្ក្រាប​អំពើ​ចោរកម្ម ឃាតកម្ម ប្លន់​ប្រដាប់​អាវុធ ជួញដូរ​គ្រឿងញៀន កាប់​ឈើ​ខុសច្បាប់ ការទន្ទ្រាន​យក​ដី​រដ្ឋ បទល្មើស​នេសាទ និង​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ផងដែរ​។

តាម​លោក គង់ វិបុល នៅ​ក្នុង​អង្គសន្និបាត​នោះដែរ គណបក្ស​បាន​បន្ត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​សម្រេច​បាន​ក្នុង​រង្វង់​៧ ភាគរយ ក្នុង​ឆ្នាំ​២០១៧ និង​បន្ត​សម្រេច​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ធានា​សមធម៌​នៃ​ការបែងចែក​កំណើន​សេដ្ឋកិច្ច បញ្ចុះ​តម្លៃ​ប្រើប្រាស់​ភ្លើងអគ្គិសនី​ពី​បណ្តាញ​ជាតិ​៦៥០​រៀល ក្នុង 1Kw/h ចំពោះ​អ្នកប្រើប្រាស់​ក្រោម ៥០Kw/h ហើយ​ក៏បាន​គាំទ្រ​កំណែទម្រង់​លើ​គ្រប់​វិស័យ រួម​ទាំង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដើម្បី​បង្ខិត​សេវាសាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​កៀក​ជាមួយ​ប្រជាពលរដ្ឋ និង​បាន​កំណត់​ទិសដៅ​សំខាន់ៗ​ឆ្ពោះ​ទៅ​ដណ្តើម​ជោគជ័យ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ​២០១៧ ហើយក៏​បាន​ប្រកាស​រក្សា​ជំហរ​ស្មោះសរ ម៉ឺងម៉ាត់ ក្នុងការ​អនុវត្ត​វប្បធម៌​សន្ទនា ជាមួយ​គណបក្ស​មាន អាសនៈ​ក្នុង​រដ្ឋសភា​ផងដែរ។

លោក គង់ វិបុល ក្នុងនាម​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ល្វាឯម ក៏បាន​លើកឡើង​ដែរ​ថា ៧​មករា គឺជា​កំណើត​ទី​២ របស់​យើង​ទាំងអស់គ្នា ដែល​យើង​មិនអាច​បំភ្លេច​បាន​ឡើយ ហើយ​ត្រូវតែ​បន្ត​ថែរក្សា​តទៅទៀត​កុំ​ឲ្យ​បាត់បង់​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114