ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកួត​មិត្តភាព​ ៖ ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ តែ​ភ្នំពេញ​ក្រោ​ន ចាញ់​ក្រុម​មកពី​ម៉ាឡេស៊ី

នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែមករា ចុង​សប្ដាហ៍​នេះ​មានការ​ប្រកួត​មិត្តភាព​ចំនួន​២​ប្រកួត​ផ្សេងគ្នា ដោយ​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល ៣​ទល់​២ ខណៈ​ការប្រកួត​មួយ​គូ​ទៀត​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​ក្រុម​Negeri Sembilan FA មកពី​ប្រទេស​ម៉ាឡេស៊ី ដោយ​លទ្ធផល ៥​ទល់​៣។

សម្រាប់​ប្រកួត​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ស្វែងរក​កាដូ​សម្រាប់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ថ្ងៃជ័យ​ជម្នះ​៧​មករា ដោយ​ថ្វី​ជើង​កីឡាករ ប្រាក់ មុន្នី​ឧត្តម ១​គ្រាប់ និង​កីឡាករ Chigoze ចំនួន​២​គ្រាប់ ខណៈ​២​គ្រាប់​វាយបក​របស់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ រកបាន​ដោយ​កីឡាករ លី ភា​រុណ និង​កីឡាករ O.AOBI។

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ចាញ់​ក្រុម​Negeri Sembilan FA របស់​ម៉ាឡេស៊ី ៥​ទល់​៣ ខណៈ​៣​គ្រាប់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ​កំពុង​ធ្វើតេស្ត Chiharu Kosuge, Futa Nakamura និង​កែវ សុខ​ផេង​។

ក្រុម Negeri Sembilan FA​ដែល​ជា​អតីត​ក្រុម​ជើងឯក Malaysia Cup និង FA Cup បាន​ណាត់​ក្រុម​ជើងឯក​លីក​កំពូល​កម្ពុជា ៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ចំនួន ២​ជើង គឺ​នៅ​ថ្ងៃទី​០៧ និង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ លើ​ទីលាន​កីឡដ្ឋាន RSN Stadium ។ ក្រុម Negeri Sembilan ក៏មាន​គម្រោង​ជួប​ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​ក្រសួងការពារជាតិ ផងដែរ ក្នុង​ដំណើរ​មក​កម្ពុជា លើក​នេះ តែ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​ទីលាន​ប្រកួត​នៅឡើយ​នោះទេ។

​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នេះ លោក ស៊ុំ វណ្ណា គ្រូ​របស់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ និង​លោក សំ វ៉ាន់​ដេ​ត គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង លោក Oleg Starynskyi គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន សុទ្ធតែ​ត្រូវ​ពង្រឹង​កូន​ក្រុម​របស់​ខ្លួន​ទាំង​ថ្មី​ដែល​ទើបនឹង​នាំចូល​ក្រុម និង​កីឡា​ករចាស់ៗ​ដែលមាន​ស្រាប់​ដើម្បី ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​លី​កកំពូល​កម្ពុជា (Metfone Cambodian League 2017) និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup 2017) ផង​ដែរ​។ ចំពោះ​ភ្នំពេញ​ក្រោ​ន ត្រូវ​បន្ថែម​កាតព្វកិច្ច​មួយទៀត​គឺ​ចូលរួម​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ជាមួយ​ក្លិប Home United របស់​សិង្ហបុរី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114