ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង ចែក​អំណោយ​ជូន​សិស្ស​ពូកែ​ប្រ​ឡង​ជាប់​បាក់​ឌុប​និទ្ទេស​ល្អៗ និង​ចែក​អំណោយ​កីឡាករ​១៥០​នាក់ ​ដែល​ប្រកួត​បាន​មេដាយ​៥៩​គ្រឿង

កំពង់ឆ្នាំង ​៖ « ក្មួយៗ​ជា​សិស្ស​ថ្នាក់​ទី​១២​ទាំងអស់ ​ត្រូវ​ខិតខំ​រៀន​សូត្រ​ដើម្បី​ប្រឡង​ជាប់​ឲ្យបាន​ច្រើន និង​ទទួល​បាន​និទ្ទេស A- B ឲ្យ​បាន​ច្រើនជាង​ឆ្នាំ​២០១៦​។

ដោយឡែក​វិស័យ​កីឡា​វិញ យើង​ត្រូវ​នាំគ្នា​បង្កើត​ក្លឹប​កីឡា​ថ្មីៗ​ឲ្យបាន​ច្រើន​ទៀត និង​ហ្វឹកហាត់​ឲ្យ​មាន​គុណធម៌​និង​សមត្ថ​ភាព​ល្អ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​អន្តរជាតិ​ឆ្នាំ​២០១៨ និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​ក្នុង​កម្ពុជា »។

លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​សាលា​​នយោបាយ​បក្ស​ខេត្ត ក្នុង​ពិធី​ចែក​អំណោយ​ដល់​សិស្ស​បាក់​ឌុប​ដែល​ប្រជាប់​និទ្ទេស​ល្អៗ និង​ចែក​អំណោយ​ដល់​កីឡាករ ដែល​ចូលរួម​ប្រកួត​បាន​ទទួល​មេដាយ​ចំនួន​៥៩​ជូន​ខេត្តកំពង់ឆ្នាំង​។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សិស្ស​ប្រឡង​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​សរុប ៣.១៦១​នាក់ ស្រី​១.៥៧២​នាក់ ប្រឡង​ក្នុង​មណ្ឌល​៥ និង​១៣៥​បន្ទប់​។ ក្នុង​នោះ​សិស្ស​ប្រឡង​បាក់​ឌុប​ជាប់ មាន​ចំនួន ១.៨២៤​នាក់ ស្រី​៧២៤​នាក់ គឺ​បាន​ប្រឡង​ជាប់​និទ្ទេស​A ៧​នាក់ ស្រី​២​នាក់​, និទ្ទេស B ៧៨​នាក់ , និទ្ទេស C ១៤៣​នាក់ ស្រី​៤២​នាក់ , និទ្ទេស D ២២៥​នាក់ ស្រី​១១០​នាក់ , និង​និទ្ទេស E ១.៣៧១​នាក់ ស្រី​២២៦​នាក់​។

ដោយឡែក​នៅ​ក្នុង​ថ្ងៃនេះ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត និង​ក្រុង​កំពង់ឆ្នាំង ថ្នាក់ដឹកនាំ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង និង​លោក​ឧកញ៉ា​មួយ​ចំនួន ដែល​គាំទ្រ​គណបក្ស​ខេត្ត បាន​ជួយ​ឧ​បត្ថ​ម្ភ​ថវិកា​មួយចំនួនធំ ដើម្បី​ផ្តល់​អំណោយ​ជូន​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទទួលបាន​និទ្ទេស​ល្អ និង​មួយ​ចំនួន​ទៀត​ចែក​ជូន​ដល់​កីឡាករ​ចំនួន​១៥០​នាក់ ដែល​ប្រឡង​បាន​មេដាយ​ចំនួន​៥៩​គ្រឿង​ជូន​ខេត្តកំពង់ឆ្នាំង​។

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​ពេលនេះ ​គឺ សិស្ស​និទ្ទេស​A ៧​នាក់​ទទួល​បាន​ម៉ូតូ​ថ្មី​ម្នាក់​១​គ្រឿង , សិស្ស​និទ្ទេស​A​ទទួល​បាន ទូរ​ស័ព្ទ​ដៃ​១​គ្រឿង និង​ថវិកា​២០​ម៉ឺន​រៀល , និទ្ទេស​B ទទួល​បាន​ថវិកា ៨​ម៉ឺន​រៀល , និង​សិស្ស​ពូកែ​១៥០​នាក់ ទទួល​បាន​ថវិកា​ម្នាក់ៗ ២​ម៉ឺន​រៀល​។

ដោយឡែក​កីឡាករ​ក្នុង​ខេត្ត​ចំនួន​១៥០​នាក់​ដែល​ទៅ​ប្រកួត​ថ្នាក់​ជាតិ ទទួលបាន​មេដាយមាស​១៧​គ្រឿង ១៧នាក់ ទទួល​បាន​ថវិកា​ម្នាក់ ២០​ម៉ឺន​រៀល​ មេដាយប្រាក់​១៦​គ្រឿង ១៦​នាក់ ទទួលបាន​ថវិកា​១៥​ម៉ឺន​រៀល និង​មេដាយសំរឹត​២៦​គ្រឿង ២៦​នាក់ ទទួល​បាន​ថវិកា​ម្នាក់​១២​ម៉ឺន​រៀល និង​រង្វាន់​លើកទឹកចិត្ត​ទាំង​១៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​រៀល។

ដោយឡែក លោកជំទាវ ជូ ប៊ុន​អេង ប្រធាន​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ក្រុង​កំពង់ឆ្នាំង បាន​ជួយ​ឧ​បត្ថ​ម្ភ​ដល់​សិស្ស​ពូកែ​ចំនួន​១៥០​នាក់ ដោយ​ម្នាក់​”​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល​។ លោកជំទាវ ក៏បាន​ផ្តាំផ្ញើ​ផង​ដែរ សូម​សិស្សានុសិស្ស កីឡាករ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត សូម​ទៅ​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​នៅ​សាលាឃុំ​សង្កាត់ និង​សូម​ណែនាំ ក្រើនរំលឹក ដល់​មិត្តភ័ក្ដិ​បងប្អូន និង​ក្រុម​គ្រួសារ ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114