ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Kurt Zouma ត្រឡប់​មកកាន់​ក្រុម​Chelsea​ ខណៈដែល​កីឡាករ​ជាច្រើន​ទៀត​ត្រូវ​សម្រាក​សម្រាប់​ការប្រកួត FA Cup

លោក Antonio Conte នឹងដាក់​កីឡាករ Kurt Zouma​និង​កីឡាករ Michy Batshuayi ឲ្យ​ចូល​លេង​ក្នុង​ក្រុម​តោ​ខៀវ Chelsea​សម្រាប់​ការប្រកួត FA Cup ជុំ​ទី​៣​នា​ថ្ងៃអាទិត្យ​នេះ​ជាមួយ​ក្រុម Peterborough United មកពី​ក្របខណ្ឌ League One ។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកចាត់ការ​របស់​ក្រុម Chelsea​រូប​នេះ បាន​អនុញ្ញាត​ឲ្យ​កីឡាករ​កំពូលៗ​ជាច្រើន​សម្រាក​ពេល​ជួប​ជាមួយ​ក្រុម​សិស្ស​ប្អូន​មកពី​ក្របខណ្ឌ​ទី​៣​នៃ​បាល់ទាត់​អង់គ្លេស​មួយ​នេះ ពោល​គឺ​រយៈពេល​៤​ថ្ងៃ ក្រោយពី​មើលឃើញ​ប្រវត្តិ​ឈ្នះ​ទាំង​១៣​ប្រកួត​ជាប់ៗ​គ្នា​របស់ខ្លួន​ត្រូវ​បញ្ចប់​ជាមួយនឹង​បរាជ័យ​០-២​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Spurs​។​

លោក Conte បានប្រកាស​ឲ្យ​ដឹងថា លោក​មាន​គម្រោង​ដាក់​ឲ្យ​កីឡាករ Zouma ចូល​លេង​នៅ​ខ្សែការពារ​ជាមួយ​ក្រុម Peterborough រយៈពេល​១១​ខែក្រោយ​ពេលដែល​ខ្សែ​ការពារ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ មាន​របួស​ក្បាលជង្គង់​ពេល​ជួប​ជាមួយ​ក្រុម Man Utd​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​វ័យ​៤៧​ឆ្នាំ​ម្នាក់នេះ បានប្រកាស​ផងដែរ​ថា កីឡាករ Batshuayi នឹង​ចូល​លេង​នៅ​ខ្សែប្រយុទ្ធ ដើម្បី​ចូល​លេង​ជំនួស​កីឡាករ​ឈានមុខ Diego Costa​។​

គួរ​ឲ្យ​ដឹងថា កីឡាករ Zouma បាន​វិល​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ជាច្រើន​សប្តាហ៍​មកហើយ ដោយ​លោក Conte បញ្ជាក់​ថា កីឡាករ​ម្នាក់នេះ នឹង​អាច​ស្ថិតនៅក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់លោក​។​

អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ម្នាក់​នេះដែរ បានប្រកាស​ឲ្យ​ដឹងផង​ដែរ​ពី​គម្រោង​ទិញ​កីឡាករ​បន្ថែម​ទៀត អំឡុង​រដូវ​កាល​ទីផ្សារ​កីឡាករ​នា​ខែមករា​នេះ​ប៉ុន្តែ​មិនមែន​សំឡឹង​រកមើល​ទិញ​ខ្សែការពារ​កណ្តាល​នោះទេ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114