ព័ត៍មានទាន់​ហេតុការណ៏
Search

​លោក Jurgen Klopp សង្ឃឹមថា​ក្រុម​បម្រុង​នឹង​អាចជួយ​ឲ្យ Liverpool​ គេច​ផុត​ពី​ភាព​អាម៉ាស់​នៅ FA Cup

លោក Jurgen Klopp បាន​លើក​ឡើង​ថា ​ការ​កកស្ទះ​ការប្រកួត គឺជា​ហេតុផល​ដ៏​សំខាន់​មួយ​ទម្រង់​លេង​របស់​ក្រុម Liverpool​នៅ​ជុំ​ទី​៣ FA Cup ជាមួយ​ក្រុម Exeter កាលពី​រដូវ​កាល​មុន​។​

រយៈពេល​១​ឆ្នាំក្រោយ គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​៤៩​ឆ្នាំ​ម្នាក់នេះ ដើរ​តាម​គន្លង​តែមួយ​ពេល​ជួប​ជាមួយ​ក្រុម Plymouth មកពី​ក្របខណ្ឌ​ទី​៤ League Two។

លោក Klopp យល់ថា ​កាលបរិច្ឆេទ​ប្រកួត​អំឡុង​រដូវ​កាល​គ្រិស្ត​ស្មាស់ បាន​បង្ខំ​ឲ្យ​ក្រុម​របស់លោក​ត្រូវ​លេង​២​ប្រកួត​ត្រឹម​រយៈពេល​តែ​៤៨​ម៉ោង​ប៉ុណ្ណោះ​កាលពី​ចុង​សប្តាហ៍​មុន ជា​ពេលដែល​ពួកគេ​បាន​លត់​ក្រុម Man City១-០​នៅ​ថ្ងៃ​សៅរ៍ មុន​ពេល​បណ្តោយ​ឲ្យ​របូត​គ្រាប់​បាល់​២​គ្រាប់​អំឡុងពេល​ទាត់​ស្មើ​២-២​ជាមួយ​ក្រុម Sunderland។

លោក​បាន​លើក​ឡើង​ផង​ដែរ ​ពី​ការកកស្ទះ​ការប្រកួត កាលដែល​ក្រុម Liverpool ត្រូវ​លេង​ការប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ EFL Cup ជាមួយ​ក្រុម Southampton នា​ថ្ងៃ​ពុធ​ខាងមុខនេះ ដែល​នេះ​មានន័យថា​ ការ​ផ្លាស់ប្តូរ​កីឡាករ​លេង​មិន​អាច​ជៀស​ផុត​បាន​ឡើយ ហើយ​ទំនងជា​ដល់​វេន​របស់​ក្រុម​បម្រុង​ផងដែរ​ដែល​ត្រូវ​ជួយ​លើកស្ទួយ​ទម្រង់​លេង​របស់​ក្រុម​។

លោក Klopp បាន​បញ្ជាក់​ថា អ្នកចាំទី Loris Karius​ ដែល​ត្រូវ​បាន​ដក​តំណែង​លេង​មកវិញ​ទាំង​ពាក់កណ្តាល​ទី​កាលពី​ខែ​មុន ក្រោយពី​មាន​កំហុស​ម្តង​ជា​ពីរដង​នាំ​ឲ្យ​មានការ​រិះគន់​ច្រើន​នោះ នឹងត្រូវ​វិលត្រឡប់​មកវិញ ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នកចាំទី Simon Mignolet​មាន​ពេល​ដកដង្ហើម​ខ្លះ​។

លោក Klopp បាន​និយាយ​ថា មាននូវ​ឱកាស​ច្រើន​ដែល​អ្នកចាំទី Loris នឹងត្រូវ​ចូល​លេង​។ គាត់​បាន​ហ្វឹកហាត់​យ៉ាង​ល្អ ហើយ​គាត់​មានការ​អភិវឌ្ឍ​ច្រើន ដូច្នេះហើយ​វា​គួរតែ​ដល់ពេល​ត្រូវ​ផ្តល់ឱកាស​ឲ្យ​គាត់​បាន​លេង​វិញ​ម្តង​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114