ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម​ ៖ អភិបាលខេត្ត គឺ​តំណាង​ឲ្យ​រដ្ឋាភិបាល មិនមែន តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ​ទេ​

កំពង់ធំ ៖ តួនាទី​របស់​អភិបាលខេត្ត គឺ​តំណាង​ឲ្យ​រដ្ឋាភិបាល មិនមែន​ជា​តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ​ទេ ពេល​រដ្ឋមន្ត្រី​ចុះទៅ​បំពេញភារកិច្ច​ការងារ អភិបាលខេត្ត ត្រូវបំពេញកាតព្វកិច្ច មិនមែន​គ្រាន់តែ​ឆ្លៀតពេល​ទៅ​ទទួល​ទេ បើ​មិន​ទទួល​គឺជា​ការ​ខុសច្បាប់ លើកលែង​តែ​មាន​កិច្ចការ​ចាំបាច់​ដូចជា​បេសកកម្ម​ក្រៅ​ប្រទេស នាយករដ្ឋមន្ត្រី​កោះហៅ ក្រៅពីនោះ​គឺ​ពុំ​អាច​លើកលែង​បានទេ អញ្ចឹង​ហើយ​កុំ​យល់​ច្រឡំ​ថា ជា​មន្ត្រី​របស់​ក្រសួងមហាផ្ទៃ គ្រាន់តែ​ក្រសួងមហាផ្ទៃ​ជា​អ្នកគ្រប់គ្រង ក្រប​ខណ្ទ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​រាជធានី ឃុំ សង្កាត់ ប្រៀប​ដូច​ជា​សភា តែ​មិនមែន​ធ្វើ​គណនីយ​ភាព​ជា​មួយ​រដ្ឋ​សភា​ និង​ព្រឹទ្ធសភា​ទេ ក្រុមប្រឹក្សា​ជា​សភា​ខេត្ត សភា​ស្រុក ក្រុង ឃុំ គឺ​ធ្វើ​គណនីយភាព​ចំពោះ​រដ្ឋាភិបាល។

ប្រសាសន៍​នេះ ត្រូវ​បាន​លើកឡើង​ក្នុង​ពេលសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ប្រកាស តែងតាំង លោក​សុខ លូ ជា​អភិបាល​នៃ​គ​ណៈអភិបាល​ខេត្តកំពង់ធំ ជំនួស​លោក អ៊ុត សំអន ដែល​ត្រូវ​បាន ផ្លាស់​ប្តូរ​មុខតំណែង​ថ្មី នៅ​រសៀល​ថ្ងៃ​ទី​៦ ​ខែមករា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​។

លោក​អ៊ុត សំអន អតីត​អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ក្នុង​រយៈពេល​៤​ឆ្នាំ ជា​អភិបាល​ខេត្តកំពង់ធំ បាន​គ្រប់​គ្រង់​ការពារ ថែ​រក្សា​បាន​សន្តិសុខ​សណ្តាប់​ធ្នាប់ ឆ្លើយតប​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព រួម​ទាំង​ការងារ​រដ្ឋបាល​សាធារណៈ ការងារ​សម្បទាន​ដី​សេដ្ឋកិច្ច និង​ការងារ​ផ្សេងៗ​ទៀត ក្នុង​នោះ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​ដែល​បាន​តែងតាំង​លោក​ជា​អភិបាលខេត្ត​ដែល​ជា​ទីតាំង​ខ្ពស់​បំផុត​ក្នុង​ស្ថាប័ន​សាធារណៈ​ថ្នាក់ក្រោម​ជាតិ។

លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ​ថ្មី មានប្រសាសន៍​ថាបាន​ឆ្លងកាត់​ជីវិត​មន្ត្រីរាជការ​១៤​ឆ្នាំ​លើទឹក​ដី​ខេត្ត​កំពង់ធំ មាន​អនុស្សាវរីយ៍ និង​មនោសញ្ចេតនា​គោរព​ស្រឡាញ់ មន្ត្រីរាជការ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ និង​មិនចាញ់​ទឹកដី​កំណើត​ទេ និង​បាន​ប្តេជ្ញា​ចិត្ត អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់ នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល ទប់ស្កាត់​រាល់​បាតុភាព​អសកម្ម ទប់ស្កាត់ បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ ជំរុញ​ឲ្យ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព អភិវឌ្ឍន៍​វិស័យ​នានា​ក្នុង​ខេត្ត ពង្រឹង​សាមគ្គី​ផ្ទៃក្នុង ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ គ្រប់គ្រង​ស្ថិតិ​ជនអន្តោប្រវេសន៍ ដែល​មក​ស្នាក់នៅ​ខុសច្បាប់។

សម្តេច​ក្រឡាហោម​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ការ​ផ្លាស់ប្តូរ​តំណែង​របស់​លោក អ៊ុត សំអន ដោយសារតែ​អាយុ​ការងារ​ ត្រូវ​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១៧​ខាងមុខនេះ ដូច្នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល មានការ​ជឿ​ទុកចិត្ត ឲ្យ​ទៅកាន់​តំណែង​ជា​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំណែក​ការតែងតាំង លោក​សុខ លូ ដែល ជា​អភិបាលរង​ខេត្ត​មកជា​អភិបាលខេត្ត​កំពង់ធំ គឺ​បាន​ធ្វើឡើង​ដ៏​ត្រឹមត្រូវ ដោយ​យោង​តាម​ការ​ត្រួតពិនិត្យ និង​ពិភាក្សា រវាង​ថ្នាក់ដឹកនាំ​ដែល​ជា​វីរជន​សំខាន់​ដែល​ទទួល ខុសត្រូវ ខេត្ត​កំពង់ធំ ក្នុង​នោះ​ក៏​ពុំ​មាន​មនោសញ្ចេតនា មិត្ត​ភក្តិ​ បងប្អូន​អ្វី​ឡើយ​ គឺ​ផ្អែក​ទៅ​លើ​សមត្ថភាព និង​បទពិសោធន៍ ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​តែង​តាំង​ជា​អភិបាល​ខេត្ត​កំពង់ធំ ដើម្បី​ឲ្យ​ដឹកនាំ​ប្រកបដោយ​ភាព​រីកចម្រើន បន្ត​ទៅ​មុខទៀត។

សម្តេច​បាន​បញ្ជាក់​ថា ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ត្រូវ​ចេះ​បើកបរ ពាក់មួក​សុ​វត្ថិភាព ពាក់​ខ្សែក្រវាត់ ប្រកាន់​ស្តាំ ត្រួតពិនិត្យ​បច្ចេកទេស ចំណែក​បញ្ហា​ដីធ្លី​ក្នុង​ខេត្ត​កំពង់ធំ សូម​អាជ្ញាធរ​បញ្ឈប់​ការ​ចុះហត្ថលេខា លើ​ឯកសារ​ដែល ពុំ​មានសាវតារ ត្រឹមត្រូវ ហើយ​មិន​ត្រូវ​ចុះហត្ថលេខា​លើ​បញ្ហា​ដី​ព្រៃ​លិច​ទឹក និង​ដី​ព្រៃឈើ ការ​រុករាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធិ​ជា​ពិសេស​បទល្មើស​ជលផល​បាន​កើតឡើង​ពេញបន្ទុក​នៅ​ក្នុង​បឹង​ទន្លេសាប ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ធំ ពុំ​មាន​ការយកចិត្តទុកដាក់ ធ្វើ​ឲ្យ​មាន​បទល្មើស​នេសាទ​ពេញ​ផ្ទៃ​ទឹក ចំណែក​ការ​ផ្តល់សេវា​សា​ធា​រណៈ ត្រូវ​ជៀសវាង ការ​យក​កម្រៃ​លើស​ការកំណត់ និង​មាន​តម្លាភាព​លឿន និង​ត្រូវ​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ត្រួតពិនិត្យ​ការងារ​របស់​មន្ត្រីរាជការ​បើ​ធ្វើ​ខុស​ប្រជាពលរដ្ឋ​អាច​ប្តឹង​ដើម្បី​កែ​តម្រូវ​ជាបន្ទាន់៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114