ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​ស្ទឹងត្រែង ​ប្រកាស​ឲ្យ​ឈប់​យក​ប្រាក់​ក្នុងការធ្វើអត្តសញ្ញាណ​ប័ណ្ណ ​និង​លិខិតស្នាម​ផ្សេងៗ

ស្ទឹងត្រែង ៖ ក្នុង​វេទិកា​ពិគ្រោះ​យោបល់​ជា​សាធារណៈនៅ​ស្រុក​សៀម​ប៉ាង​ថ្ងៃ​ទី​៦​ ខែមករា ​ឆ្នាំ២០១៧ អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​នៅ​តាម​ឃុំ​សង្កាត់​ពេល ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ និង ​លិខិតស្នាម​ផ្សេងៗ​បញ្ឈប់​ការ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ នេះ​ជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​នៅក្នុង​ឆ្នាំ​២០១៧​តម្រូវ​ឲ្យ​អនុវត្ត​សេវា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​ម៉ុម សារឿន​ អភិបាលខេត្ត​មាន​ប្រសាសន៍​ដាក់​បទបញ្ជា​ឲ្យ​មេឃុំ​ស្មៀន​ និង សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់​ នៅ​តាម​ឃុំ​សង្កាត់ បំពេញការងារ​ធ្វើជា​អ្នកបម្រើ​ប្រជាពលរដ្ឋ។

លោក​អភិបាលខេត្ត បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​បាន​លើក​គោល​ការ​ណ៍​ដាក់​ក្នុង​គម្រោង​និង​បាន​អនុម័ត​ក្នុង​រដ្ឋសភា​រួចមក​ហើយ ​រាល់​កិច្ចការងារ ផ្តល់​សេវា​តម្រូវការ មិន យកប្រាក់​ពី​ប្រជាពលរដ្ឋ​ឡើយ ហើយ​បើ​រក​ឃើញ​ថា ​ស្មៀន​ ឬ​ មេឃុំ​ណាមួយ​ប្រព្រឹត្ត​អំពើ​នេះ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ថ្លៃ​សេវា​អត្តសញ្ញាណ​ប័ណ្ណ ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧​ អត់​មាន​យក​ថ្លៃ​ទេ ធ្វើ​ដោយ​ព្រី​ជូន​ប្រជាជន​ ហើយ​អត្រានុកូលដ្ឋាន​ក៏​អត់​យក​ថ្លៃ​ដែរ (​សេវា​) អញ្ចឹង​សូម​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ផង ពី​ណា​យក​ពី​ហ្នឹង​ទទួលខុសត្រូវ ស្មៀនឃុំ​យក​ស្មៀនឃុំ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ បើ​មេឃុំ​យក​មេឃុំ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​ប៉ូលិស​យក​ ប៉ូលិស​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ អាហ្នឹង​និយាយ​ឲ្យ​ច្បាស់ អត់​មាន​ឆ្លើយ​ដាក់​ពី​ណា​ទេ។

លោក​ ប៉ាង​ ច្រែស មេឃុំ​សន្តិភាព​បាន​ទទួល​ស្គាល់ថា ​កន្លងមក​ធ្លាប់​មាន​មន្ត្រី​មួយ​ចំនួន​បំពេញការងារ​នេះ​ទាមទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ធ្វើ​លិខិតស្នាម​ផ្សេងៗ​មែន ដូចជា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គោល​ការ​ណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ​យក​តម្លៃ​មួយ​ម៉ឺន​រៀល តែ​ប្រជាពលរដ្ឋ​ខ្លះ​ចង់បាន​រហ័ស​យក​លើស​ពីនេះ​ក៏មាន។

លោក​មេឃុំ​អះអាង​ថា ​តប​តាម​បទបញ្ជា​របស់​អភិបាលខេត្ត​ លោក​និង​មន្ត្រី​ពាក់​ព័ន្ធ​ថ្នាក់​ឃុំ​យកចិត្តទុកដាក់​អនុវត្ត​ការ​ផ្តល់សេវា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ ខ្ញុំ​ប្តេជ្ញា​ថា បម្រើ​ការងារ​តាមតែ​ពាក្យ​ណែនាំ​របស់​អភិបាលខេត្ត ​ ដោយបម្រើការ​ឲ្យ​បាន​ជោគជ័យ គឺ​ឯកភាព​ជាមួយ​មេក្រុម ក្រុមការងារ​​ ​ប៉ូលិស​ អ្នក​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ព្រមទាំង​មន្ត្រី​របស់ខ្ញុំ ដែល​ធ្វើ​អត្រានុកូលដ្ឋាន ផ្តាច់​មិន​ឲ្យ​យក​ទេ។

លោកស្រី​ភឿន ឈូក​នៅ​ភូមិ​អូរ​ចាយ​ឃុំ​សន្តិភាព គាំទ្រ​ចំពោះ​ការ​ប្តេជ្ញាចិត្ត​នេះ​ពីព្រោះ​ការបញ្ឈប់​យកប្រាក់​ពី​ការ​ផ្តល់សេវា​តម្រូវការ នេះ​អាចជួយ​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយ​ចំណែក​ ហើយ​ពួកគាត់​ក៏​ស្រឡាញ់​ពេញចិត្ត​ដល់​អាជ្ញាធរ​ដែល​បាន​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ​ទៅតាម​សំណូមពរ​ទាំងនោះ​។

លោកស្រី បាន​ទទួល​ស្គាល់​ថា ករណី​នេះ​កន្លងមក​ពិតជា​ពិបាក​មែន ហើយ​នៅ​ឆ្នាំ​ថ្មី​នេះ​បើ​បាន​អាជ្ញាធរ​ដោះស្រាយ បញ្ហា​នេះ​បាន​ប្រជាពលរដ្ឋ​ងាយស្រួល​ និង​មិន​ចំណាយ​ថវិកា ពីព្រោះ​នៅតាម​ជនបទ ប្រជាពលរដ្ឋ​យើង​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ។

សូម​បញ្ជាក់​ថា ស្រុក​សៀម​ប៉ាង​ នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជិត​១០០​គីឡូម៉ែត្រ​មាន​ឃុំ​ចំនួន​៥​ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​២៤.០០០​នាក់ ​ប្រកប​របរ​កសិកម្ម​ប្រមាណ​៩៥%៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114