ព័ត៍មានទាន់​ហេតុការណ៏
Search

ឈើ​កប់​នៅ​ក្នុង​ដី​រាប់​រយឆ្នាំ​ ក្លាយ​ជា​ថ្ម ​និង វិវត្តន៍​ទៅជា​ដែក

ស្ទឹងត្រែង ៖ ឈើ​ដ៏​ធំ​មួយ​ដើម​ កប់​នៅ​ក្នុង​ដី​មាន​អាយុកាល​ជាច្រើន​រយ​ឆ្នាំ​ក្លាយទៅជា​ថ្ម ហើយ អ្នកស្រុក​ជនជាតិ​ព្រៅ​នៅ​ភូមិ​កាតូត ស្រុក​សេសា​ន​ខេត្ត​ស្ទឹងត្រែង មាន​បំណង​អភិរក្ស​ទុកជា​សម្បត្តិ​វប្បធម៌​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរ​ណ៍​ក្នុងពេលដែល​ពិនិត្យ​ឃើញ​ថា ​សម្បត្តិ ធម្មជាតិ​នេះ កំពុង​វិវត្តន៍​ពី​ថ្ម​ទៅជា​ដែក​បន្ថែមទៀត។

លោក​ វា​ ធុន​ ប្រជាពលរដ្ឋ​នៅ​ភូមិ​កា​រតូត​បាន​បញ្ជាក់​ថា​ សម្បត្តិ ធម្មជាតិ​នេះ មាន​អាយុកាល​មិន​ក្រោម​ជាង​៥០០​រយ​ឆ្នាំ​ទេ នេះ​ចាត់ទុកជា ធនធាន​ដ៏​កម្រ​មាន ​ដែល​បាន​រក​ឃើញ​នៅ​ក្រោម​ដី​ ដោយសារ​ការ​ជីកកកាយ​ យក​ទី​ទួល​យក​ដី​មក​ធ្វើ​ផ្លូវ​មាន​ជម្រៅ​ពី​៤​ទៅ​៥​ម៉ែត្រ។

លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​ភូមិ​កា​រតូត​នេះ ​រិះរក​វិធី​អភិរក្ស​ទុក​ពី ព្រោះ​ថ្ងៃ​អនាគត​វា​នឹង​ក្លាយទៅជា​វត្ថុ​មានតម្លៃ ​នៅ​ក្នុង​ភូមិ​ ដែល​យើង​កម្រ​បានឃើញ  ​ពីមុន​ធ្លាប់ឮដែរ​ថា​ ឈើ​ក្លាយ​ជា​ថ្ម ប៉ុន្តែ​ដូច​នៅ​សៀម​បូក​នោះ តែ​វា​អត់​ធំ​ដូច​អញ្ចឹង ទើប​នឹង ឃើញលើក​នេះ ហើយ​ដល់ពេល​ឃើញ​ដូច​សប្បាយ​តែ​ម្តង ​បាន​ឃើញ​របស់​ចម្លែក​ៗ​អញ្ចឹង ចង់​ឲ្យ​មានការ​ថែ​រក្ស​ទុក​ឈើ​វត្ថុ​បុរាណ​ ដែល​យើង​អត់​ធ្លាប់​ឃើញ​អត់​ធ្លាប់​មាន​ណាស់។

លោក​ ទាង ​ប៊ុន​ណាត​ តំណាង​ឲ្យ​បងប្អូន​ជនជាតិ​នៅ​ភូមិ​កាត​តូ​ត​នេះ​ បាន​លើក​ឡើង​តាម​ការ​ពិនិត្យមើល​ជាក់​ស្តែង​ថា ថ្ម​ឈើ​នេះ ​វា​ពិតជា​មិនដែល​មាន​មែន ហើយ​វា​មានតម្លៃ​ទៅលើ​វិស័យ​ទេសចរ​ណ៍​ ប្រសិនបើ​កូន​ចៅ​យើង​ជួយ​ថែ​រក្សា​វា​បាន។

លោក​អះអាង​ថា ទី​ទួល​ដែល​ទើប​រក​ឃើញ​ថ្ម​ឈើ​នេះ ​គណៈកម្មការ​ក្នុង​ភូមិ​មាន​គម្រោង​រៀបចំ​បង្កើត​ជា​កន្លែង​(​វត្ត​គី​រី​រា​មកា​រតូត​)​ជា​យូរ​មក​ហើយ​នៅ​ទីនោះ ប្រ​យោ​ជ​ន៍​ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​នេះ​បាន​ផង តែ​គោលបំណង​នេះ​ប្រជាពលរដ្ឋ​យើង​នៅ​ខ្វះ​ធនធាន​មិន​អាច​ធ្វើទៅបាន។ បច្ចុប្បន្ន​នៅ​កា​រតូត​នេះ​តាម​ការឯកភាព​គណៈកម្មការ​ព្រម​ទាំង​ពុក​ម៉ែ​បងប្អូន​ក្នុង​ភូមិ​ចង់​បង្កើត​វត្ត ជនបទ​ដាច់ស្រយាល ​ពី​ឃុំ ពី​ស្រុក​ អំពី​ខេត្ត​ អញ្ចឹង​ប្រជាពលរដ្ឋ​ទាំងអស់​ចង់បាន​វត្ត សព្វថ្ងៃ​សសរ​ក៏បាន​ ហើយ​គ្រឿង​អានុក​ក៏បាន ខ្វះ​តែ​ជើង​តាង​នេះ​មួយ ខ្វះ​របស់​ប្រក់​នេះ​ពីរ ខ្វះ​រនូត​ ហើយ​ហ្នឹង​ចាប់​ផ្តើម​លើក តែ​វា​ខ្វះ​ថវិកា។

លោក​ ខាន់ ​វិ​ន​ មេភូមិ​ជនជាតិ​កា​រតូត បាន​ទួល​ស្គាល់​ថា ​ភាព​ខ្វះខាត​នេះ​ដោយសារ​បងប្អូន​ជនជាតិ​មាន​ជីវភាព​ខ្សត់ខ្សោយ ​ហើយ​ការ​គិតគូរ​របស់​អាជ្ញា​ធ​រពាក់​ព័ន្ធ​មិនបាន​នឹកនា ​មក​បង្កើត​ឲ្យ​ន​មាន​វត្ត​អារាម​នេះ​ដែរ ដោយ​​​កន្លងមក​មាន​អង្គការក្រៅរដ្ឋាភិបាល​បាន​មក​ផ្ចង់​ផ្តើម​ឲ្យ​រៀបចំ​ឲ្យ​មាន​សាលារៀន​សហគមន៍​សាលាឆទាន​តិចតួច​តែប៉ុណ្ណោះ​នៅ​ក្នុង​ភូមិ​នេះ។

លោក​មេភូមិ​បន្ថែម​ថា រឿង​រ៉ាវ​នេះ​លោក​នឹង​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​ឃុំ ស្រុក​ដើម្បី​ឲ្យ​អ្នកដឹកនាំ​ទាំងនោះ​ជួយ​អន្តរា​គម​ន៍​ទៅលើ​បន្ថែម​ទៀត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ប្រ​យោ​ជ​ន៍​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ផង​ និង​ប្រទេសជាតិ​យើង​ផង។

សូម​បញ្ជាក់​ថា ឈើ​ថ្ម​នេះ​មាន​ទំ​ហំ​មុខកាត់​ជិត​ពី​ម៉ែត្រ​ប្រ​វែង​ជិត​២០​ ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​គាស់យក​ដី​លក់​ធ្វើ​ជំនួញ​ឯកជន​ប្រទះឃើញ​ និង ​មាន​ស្ថានភាព​បាក់​ជា​កង់ៗ នៅ​លើ​ទីទួល​ស្ថិតនៅ​ចំណុច​ផ្លូវ​ចូល​ទៅ​ភូមិ​កា​រតូត​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114