Connect with us

កីឡា

ឥណ្ឌូណេស៊ី ចង់បានអតីតគ្រូវៀតណាម លោក Park ដោយ​ផ្តល់​ប្រាក់ខែ«ដ៏ច្រើន»

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) មានឆន្ទៈក្នុងការផ្តល់ប្រាក់ខែ​ដ៏ច្រើន ដើម្បី​នាំ​យក​អតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang Seo មកកាន់តំណែងជានាយកបច្ចេកទេសសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី ដើម្បីជំនួស​លោក លោក Indra Sjafri ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម U-22 ឥណ្ឌូណេស៊ី ត្រៀមស៊ីហ្គេម​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Suara បាន​ផ្សាយ​​​ពី​ដំណើរ​ការ​ថា ៖«គ្រូបង្វឹក Park Hang Seo កំពុងស្ថិតក្នុងដំណើរការចរចាជាមួយ PSSI។ លោក​ត្រូវបានគេនិយាយថា នឹងត្រៀមខ្លួន​ជួយក្រុមឥណ្ឌូណេស៊ី​ ឆ្ពោះទៅរកគោលដៅនៃការឈ្នះកៅអី​​ទៅ​កាន់​ជើង​ឯក​​ពិភពលោក ឆ្នាំ២០២៦»។

PSSI ចង់ឱ្យគ្រូបង្វឹក Park Hang Seo អង្គុយក្នុងតំណែងជានាយកបច្ចេកទេស​ដើម្បី​ដើរ​​​តួនាទីជាមគ្គុទ្ទេសក៍ មិនមែនដឹកនាំក្រុមឥណ្ឌូណេស៊ី​​ផ្ទាល់នោះទេ។ ថ្មីៗនេះ សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី​ ​បាន​ត្រៀម​រួចជាស្រេចក្នុងការបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹក Shin Tae Yong ជាមុន។ ហេតុផលគឺចាប់ពីពេលនេះរហូតដល់ដាច់​ឆ្នាំ (នៅពេល​កិច្ចសន្យារបស់គ្រូបង្វឹកជនជាតិកូរ៉េចប់) ក្រុមឥណ្ឌូណេស៊ី​ នឹងមិនចូលរួមក្នុងការប្រកួតណាមួយឡើយ។

ប្រភព​ព័ត៌មានបានអធិប្បាយ​ពីលោក​ Park Hang Seo ថា ៖«គ្រូបង្វឹកជនជាតិកូរ៉េមិនមែនជាមនុស្សចម្លែកសម្រាប់បាល់ទាត់អាស៊ីអាគ្នេយ៍ទេ។ គាត់បានបង្ហាញសមត្ថភាព​ដ៏​អាស្ចារ្យ​​ដោយ​ទទួល​បាន​សមិទ្ធផលល្អជាមួយ​វៀតណាម។ ក្រោយចាកចេញពីប្រទេសវៀតណាម គ្រូបង្វឹក Park Hang Seo ទំនេរ​ពីការងារ។ វាមិនច្បាស់ថាតើ​លោក​នឹងត្រឡប់មកធ្វើជាគ្រូបង្វឹកឬអត់នោះទេ»។

ប្រភព​សារព័ត៌មានបានបញ្ជាក់ថា លោក Park Hang Seo ទទួល​បាន​ប្រាក់​ខែ​ ៥០ ០០០​ដុល្លារ​​ក្នុង​១​ខែ​កាល​នៅ​​​វៀតណាម ​​ប៉ុន្តែ​តំណែង​ជានាយកបច្ចេកទេស​នៅ​ឥណ្ឌូណេស៊ី​នឹង​ទទួល​បាន​​ដ៏ច្រើនលើស​ជាង​នៅ​វៀតណាម។​

ជា​មួយ​គ្នា​នេះ លោក Park Hang Seo នឹងមកក្លិប Hanoi Police នៃលីគវៀតណាម ដើម្បីធ្វើការជានាយកបច្ចេកទេស។ ទោះជាយ៉ាងណា ប្រធានក្លិបមួយបានបដិសេធព័ត៌មាននេះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន

ប្រភព៖ postsen

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម