Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរ ៣៤៥ គ្រឿង សម្រាប់ដឹកពលរដ្ឋទៅចូលឆ្នាំនៅស្រុកកំណើតដោយមិនយកប្រាក់

បានផុស

នៅ

អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន ៣៤៥ គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន ក្រុម​គ្រួសារ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ដោយ​មិន​យក​ប្រាក់ ដែល​ពិធីបុណ្យ​ចូលឆ្នាំ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៤ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១៣ មេសា គឺ​មុន​ថ្ងៃ​ចូលឆ្នាំ​មួយថ្ងៃ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ឡើង​ជិះ​រថយន្ត​ទៅ​ស្រុកកំណើត​តាម​ខេត្ត/ក្រុង នានា ដោយ​សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​គោលដៅ​ចេញដំណើរ​ជាច្រើន​កន្លែង​នៅ​ចំណុច​ផ្លូវជាតិ​ចេញចូល​រាជធានី​ភ្នំពេញ​។

លោក​អភិបាល​បាន​មាន​ប្រសាសន៍​ថា សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ប្រើប្រាស់​រថយន្ត​ចំនួន ៧០ គ្រឿង។ សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត និង​តាម​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ ប្រើប្រាស់​រថយន្ត​ចំនួន ២៧៥ គ្រឿង ដែល​មាន​ទីតាំង និង​គោលដៅ​ចេញដំណើរ និង​ពេលវេលា​ច្បាស់លាស់ ក្នុង​នោះ​មាន​ផ្លូវជាតិ​លេខ ១ មាន​ភ្នំពេញ​កណ្តាល​,​ភ្នំពេញ​ព្រៃវែង​រថយន្ត ៥ គ្រឿង មាន​ចំណត​នៅ​ស្ថានីយ​ចំណត​វាល​ស្បូវ។ ភ្នំពេញ​.​កណ្តាល​,​ភ្នំពេញ​.​ស្វាយរៀង​រថយន្ត ៥ គ្រឿង ចំណត​នៅមុខ​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ផ្លូវជាតិ​លេខ ២ ភ្នំពេញ​.​កណ្តាល​,​ភ្នំពេញ​.​តាកែវ រថយន្ត ៥ គ្រឿង ទីតាំង​ចំណត​ដូច​ខាង​លើ។ ផ្លូវជាតិ​លេខ ៣ ភ្នំពេញ​.​កែប​,​ភ្នំពេញ​.​កំពត​រថយន្ត ៥ គ្រឿង ទីតាំង​ចំណត​នៅ​ដី​ឡូត៍​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ផ្លូវ ២០០៤។ ផ្លូវជាតិ​លេខ ៤ ភ្នំពេញ​.​កំពង់ស្ពឺ​,​ភ្នំពេញ​.​ព្រះសីហនុ រថយន្ត ១០ គ្រឿង ទីតាំង​ចំណត​ដី​ឡូត៍​មុខ​គណបក្ស​រាជធានី​ភ្នំពេញ​។ គោលដៅ​ផ្លូវជាតិ​លេខ ៥ ភ្នំពេញ​.​កំពង់ឆ្នាំង​,​ភ្នំពេញ​.​ពោធិ៍សាត់​,​ភ្នំពេញ​.​បាត់ដំបង​,​ភ្នំពេញ​.​បន្ទាយមានជ័យ ,​ភ្នំពេញ​.​កំពង់ធំ រថយន្ត​សរុប ១១៨ គ្រឿង ទីតាំង​ចំណត​គឺ​ស្ថានីយ​ចំណត​សួនច្បារ​ឫស្សីកែវ​។ ផ្លូវជាតិ​លេខ ៦.​ភ្នំពេញ​សៀមរាប ចំនួន ១០០ គ្រឿង នៅ​រង្វង់​មូល​ទេព​មច្ឆា ជ្រោយចង្វារ​(OCIC)។ ផ្លូវជាតិ​លេខ ៦.​លេខ ៧ ភ្នំពេញ​.​កំពង់ចាម​,​ភ្នំពេញ​.​ត្បូងឃ្មុំ រថយន្ត ១០ គ្រឿង។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​,​និង​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ កុំ​ដំឡើង​ថ្លៃ​សេវា​ដឹកជញ្ជូន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​,​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង។

លោក ឃួង ស្រេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ធ្វើដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ (City Bus) រាជធានី​ភ្នំពេញ ដែល​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព។

លោក​បន្ត​ទៀត​ថា ក្រោម​ម្លប់ នៃ​សន្តិភាព និង​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ,​សម្តេច តែង​បាន​គិតគូរ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​គ្រប់ពេលវេលា៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម