ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រឿងចក្រ​អត់​ច្បាប់​ជីក​រណ្ដៅ​ដី​ជ្រៅ​បង្ក​ហានិភ័យ និង​ភាព​ក្ដៅក្រហាយ​ដល់​ពលរដ្ឋ​

ព្រៃវែង​ ៖​ គ្រឿងចក្រ​របស់​លោក កែវ សុវណ្ណ ​​កំពុង​ធ្វើ​អាជីវកម្ម​ជីក​កាយ​យក​អាចម៍ដី​លក់ ក្នុង​រណ្ដៅ​ជ្រៅ​ប្រហែល​ជាង​១០​ម៉ែត្រ​ ធ្វើ​ឲ្យ​ប៉ះពាល់​បាក់​ដីស្រែ​ ថែមទាំង​កាយ​ចូល​ដី​ពលរដ្ឋ​អស់​ជាច្រើន​ម៉ែត្រ​ទៀត។ នេះ​ជា​បញ្ហា​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កើត​ភាព​ក្ដៅក្រហាយ​ ព្រោះ​ពួកគាត់ ទៅ​ឃាត់​គ្រឿងចក្រ​គេ​មិន​ស្ដាប់​សោះ ឃាត់​ហើយ​ឃាត់​ទៀត​នៅតែ​ជីក​ដដែល​។​

សកម្មភាព​គ្រឿងចក្រ​ជីក​ដី​ខុសច្បាប់​កំណត់​នេះ​មាននៅ​ចំណុច​ខាងជើង​ផ្លូវជាតិ​លេខ​៨ ​ស្ថិតនៅ​ភូមិ​គ្រួស ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ឯ​ម្ចាស់​គ្រឿងចក្រ​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ កែវ សុវណ្ណ មាន​ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង។

ពាក់ព័ន្ធ​ករណី​ខាងលើ​លោក ឈួន សឿន អនុ​ភូមិ​គ្រួស លោក តេង ខេង អាយុ​៧៧ លោក ព្រំ ផុន អាយុ​៦២​ឆ្នាំ អ្នក​ទាំងអស់គ្នា​មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ បាន​អះអាង​ដូចៗ​គ្នា​ថា ខាង​ម្ចាស់​គ្រឿងចក្រ​សម្រុក​ជីកដី​លក់​ដោយ​ជីករណ្ដៅ​ជ្រៅ​ ហើយ​ចូល​ដី​លោក អ៊ុម តេង ខេង ប្រហែល​ក្បាល​៤​ម៉ែត្រ ​បណ្ដោយ​ប្រហែល​៣០​ម៉ែត្រ ថែមទាំង​ជីកដី​ប្រឡាយ និង​ជីក​មក​កើល​ភ្លឺស្រែ​ពួកគាត់​តែម្ដង ក្នុង​ជម្រៅ​ជិត​ម៉ែត្រ គឺ​ពុំ​បានធ្វើ​ជើងទេ​ឲ្យ​បាន​ត្រឹមត្រូវ​ និង មិន​ដកឃ្លា​ពី​ភ្លឺស្រែ​គាត់​សោះ​ ​បើ​ខែ​ភ្លៀង​ដឹង​តែ​បាក់​ដល់​កណ្ដាល​ស្រែ​ ហើយ​បើ​សល់​ពី​បាក់​ក៏​ដាក់​ទឹក​មិន​នៅ​ដែរ ព្រោះ​រណ្ដៅ​ជ្រៅ​ជាប់​ភ្លឺ​យ៉ាងនេះ។ ​រណ្ដៅ​នេះ​គឺ​ប៉ះពាល់​ដី​ចំនួន​៥​គ្រួសារ​ដែល​នៅ​ជុំវិញ ឯ​ផ្លូវ​គាវ​ក៏​គេ​ចាក់ដី​បិទ​ទៀត។ ​ប្រជាពលរដ្ឋ​បានស្នើ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​មេត្តាជួយ​ចុះទៅ​មើល និង​ដោះស្រាយ​ជូន​ពួកគាត់​ផង។

ឆ្លើយ​តប​នឹង​​​ករណី​នេះ ​លោក​មេភូមិ​គ្រួ​ស​បាន​អះអាង​ថា លោក​ធ្លាប់​បាន​ហាម​ម្ចាស់​គ្រឿងចក្រ​ដែរ កុំ​ឲ្យ​កាយ​ដល់​ភ្លឺស្រែ​គេ តែ​លោក​មិនបាន​នៅ​យាម​រហូត​ទេ ក្រោយមក​ឮថា​កាយ​បែបនេះ​ទៅ បើ​ដឹង​ទាន់​ឃាត់​បាន​ហើយ។

លោក ជា កក្ដ​ដា ប្រធាន​មន្ទីរ រ៉ែ​និង​ថាមពល ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ម្ចាស់​គ្រឿងចក្រ​នេះ​ឈ្មោះ កែវ សុវណ្ណ ឯ​ការជីក​ទាំងនោះ​គឺ​មិនមាន​ច្បាប់​ទេ ទាំង​ច្បាប់​អាជីវកម្ម​ និង​ច្បាប់​រណ្ដៅ​ដី គឺ​ម្ចាស់​អាជីវ​កម្មនេះ​ជា​មនុស្ស​រឹងរូស​មិន​គោរព​ច្បាប់ ខណៈ​លោក​បាន​ហៅ​ឲ្យ​មក​ធ្វើ​ច្បាប់​៤​ទៅ​៥​ដង​ហើយ​តែ​គេ​មិន​មក ដោយ​លើក​ហេតុផល​ថា ជិត​លក់​គ្រឿងចក្រ​អស់ហើយ ឯ​ការ​កាយ​នៅ​ចំណុច​នោះ​គឺ​ខាង​គ្រឿងចក្រ​មិនបាន​ប្រាប់​មន្ត្រី​ជំនាញ​ឡើយ ធ្វើ​ឲ្យ​ខុស​លក្ខណៈ​បច្ចេកទេស​ប៉ះពាល់​ដល់​ព​ល​រដ្ឋ​ដែលមាន​ដី​ជាប់​នោះ ព្រោះ​កាយ​ដល់​ភ្លឺស្រែ បើតាម​ច្បាប់​គឺ​ត្រូវ​ដកឃ្លា​ចាប់ពី​៥​ទៅ​១០​ម៉ែត្រ តាម​រណ្ដៅ​ជ្រៅ​ឬ​រាក់ និង​ធ្វើ​ជើង​ទេ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​បញ្ជាក់ថា ករណីនេះ​លោក​នឹង​អនុវត្ត​តាមច្បាប់​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ដោយឡែក លោក កែវ សុវណ្ណ ម្ចាស់​គ្រឿងចក្រ​ភ្នាក់ងារ​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684