ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​យី​ឌុប​ធំៗ​​ ផ្ទុក​លើស​ចំណុះ​ ​​កំពុង​កម្ទេច​ផ្លូវជាតិ​លេខ​៧៦ជាបណ្ដើរៗ

មណ្ឌលគិរី ៖ រថយន្ត​យី​ឌុប​ធំៗ​របស់​ក្រុម​អាជីវករ​នៅ​ខេត្ត​មណ្ឌលគិរី និង​បណ្ដា​ក្រុមហ៊ុន​ដឹកទំនិញ​ផ្ទុក​លើស​ចំណុះ ​​កំពុង​វាយប្រហារ និង​ឈាន​ទៅ​រក​ការ​កម្ទេច​ផ្លូវជាតិ​លេខ​៧៦ ចាប់ពី​ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌលគិរី​ទៅកាន់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ​ហើយ​បញ្ហា​នេះ​​​មន្ទីរ​ជំនាញ និង​សមត្ថកិច្ច​ព្រមទាំង​អាជ្ញាធរ​ផង​ដែរ​ហាក់បីដូចជា​កំពុង​មើល​រំលង។

មហាជន​ទូទាំង​ខេត្តមណ្ឌលគិរី បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការខូចខាត​ផ្លូវជាតិ​លេខ​៧៦​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់​ស្រុក​ស្នួល ខេត្តក្រចេះ។ ពេលនេះ​ដងផ្លូវ​មួយ​នេះ​កំពុង​ឈានទៅរក​ការខូចខាត​យ៉ាងដំណំ ដូចជា​មានការ​ស្រុត​ប្រេះ​បែក​ទ្រូងផ្លូវ ស្ទើរ​គ្រប់កន្លែង​បង្កឡើង​ដោយសារ​ពួក​ថៅកែ​រថយន្ត​ធំៗ​នៅ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​ ដឹកទំនិញ​គ្រឿងសំណង់ មាន​ឥដ្ឋ ខ្សាច់ ដែក​។​ល​។ ដឹក​លើស​ចំណុះ​ម៉ា​សេរី​ចូល​មក​កាន់​ខេត្ត​មួយ​នេះ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត រីឯ​សមត្ថកិច្ច​កង​នគរបាល​ចរាចរណ៍​ផ្លូវគោក​អនុវត្ត​ច្បាប់​វិញ​ ហាក់បីដូចជា​មិន​មាន​ការ​អើពើ​នោះ​ឡើយ​។ ​ក្នុងនោះ​សព្វថ្ងៃនេះ​ក៏មាន​ក្រុមហ៊ុន​មួយចំនួន​កំពុង​ធ្វើ​ចរាចរ​​ដឹកជញ្ជូន​ទំនិញ​ពី​ខេត្តមណ្ឌលគិរី​ទៅកាន់​ទី​រួម​ខេត្ត​ផ្សេង​លើស​ចំណុះ​ឆ្លងកាត់​ដងផ្លូវ​មួយ​នេះ​យ៉ាង​រលូន​ គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ម្នាក់​ណា​ហ៊ាន​ចេញ​ចេញ​មុខមក​សួរនាំ​អា​រឿង​លើស​ចំណុះ​នោះ​ឡើយ។

ក្រុម​មហាជន​នានា​ទូទាំង​ខេត្ត​មណ្ឌលគិរី​បាន​ធ្វើ​ការ​អំពាវនាវ​ស្នើ​ឲ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ជួយ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ និង​ចាត់វិធានការ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដល់​ក្រុម​ថៅកែ​រថយន្ត​ធំៗ​នៅ​ក្នុង​ខេត្ត​នេះ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​នានា​ ដែល​បាន​ដឹកទំនិញ​ចូល​មក​កាន់​ខេត្ត​ឬក៏​ដឹកទំនិញ​ចេញពី​ខេត្ត​នេះ​ទៅកាន់ បណ្ដា​ខេត្ត​ផ្សេងៗ​ ​ដើម្បី​ឲ្យ​ពួកគេ​នាំគ្នា​គោរព​ច្បាប់​​ឲ្យ​បាន​ត្រឹមត្រូវ ​ប្រយោជន៍​ជួយ​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​បាន​នៅ​គង់វង្ស​សម្រាប់​ការធ្វើ​ចរាចរ​​របស់​ពលរដ្ឋ និង​បណ្ដា​អ្នក​ទេសចរ​។ ម្យ៉ាងវិញទៀត​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា កុំ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ នាំគ្នា​បំផ្លាញ​សម្បត្តិ​របស់​ជាតិ​នោះ​ ព្រោះ​ផ្លូវ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​រាប់​រយ​លាន​ដុល្លារ​​​ ក្នុង​ការ​សាងសង់​ ហើយ​ក្រុម​អាជីវករ​​ ​ឬ​បណ្ដា​ក្រុមហ៊ុន​ដឹកទំនិញ​លើស​ចំណុះ​ ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​​ផ្លូវ​នេះ ​ក៏​មិនមែន​ពួកគេ​នោះ​ចេញ​ប្រាក់​រាប់​រយ​លាន​រៀល​សាងសង់​ផ្លូវ​នោះ​ដែរ។

សូមជម្រាបថា កាលពី​ពេលមុន​ក្នុងអំឡុង​ឆ្នាំ​១៩៨៩.១៩៩០​ការធ្វើដំណើរ​ពី​ខេត្តមណ្ឌលគិរី​ទៅកាន់​បណ្ដា​ខេត្ត​ផ្សេងៗ​ និង​រាជធានី​ភ្នំពេញ​អ្នកធ្វើដំណើរ​កាលណោះ គឺ​ត្រូវ​ប្រើ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​តែ​សព្វថ្ងៃនេះ​ការធ្វើដំណើរ​ទៅកាន់​ទី​រួម​ខេត្ត​ផ្សេងៗ​ឬ​ទៅកាន់​រាជធានី​ភ្នំ គឺ​ត្រូវ​ប្រើ​រយៈពេល​តែ​៥​ទៅ​៦​ម៉ោង​ប៉ុណ្ណោះ​ទាំងនេះ​ក៏​ដោយសារ​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧​​​​​ថា នៅក្នុង​សប្ដាហ៍​ទី​ពីរ ខែមករា ឆ្នាំ​២០១៧​នេះ​ខេត្ត នឹង​កោះហៅ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ប្រជុំ​ផ្សព្វផ្សាយ ​និង​ធ្វើការ​រឹត​បណ្ដឹង​ពី​បញ្ហា​នេះហើយ​។

នៅ​រសៀល​​ថ្ងៃ​ដដែល ​លោក ម៉ៅ ធនា​រ័ក្ស ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី​​​បាន​ថ្លែង​ថា លោក​ពិតជា​បាន​ទទួល​ស្គាល់ថា ដងផ្លូវ​នេះ​ពិតជា​មានការ​ខូចខាត​មែន ហើយ​ការដឹកជញ្ជូន​ក៏​លោក​ពិតជា​បាន​ទទួលស្គាល់ថា មានការ​ផ្ទុកទំនិញ​ដឹកជញ្ជូន​លើស​ចំណុះ​មែន ប៉ុន្តែ​ដោយសារ​ពិបាកធ្វើ​ការចោទប្រកាន់​គេ ​ព្រោះ​អត់​ជញ្ជីង ហើយ​នៅ​ពេលនេះ​ខេត្ត​កំពុង​ដាក់​សំណើ​ទៅកាន់​កាន់​ថ្នាក់លើ​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684