ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​ប្រកួត​បាល់ទាត់​មហាជន​ដណ្តើម​ពាន​រង្វាន់​៧​មករា បាន​រក​ឃើញ​ក្រុម​​ជាប់​លេខ​ ១ ២ ៣​ ហើយ​

បន្ទាយមានជ័យ ៖ កាលពី​ល្ងាច​ថ្ងៃទី​៧​ ខែ​មករា​ ឆ្នាំ​២០១៧ ​ការ​ប្រកួត​បាល់ទាត់​មហាជន​ដណ្តើម​ពាន​រង្វាន់​៧​មករា ​ឆ្នាំ​២០១៧​នេះ ​ក្រោយពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​ក្រុម​និ​មួយៗ​អស់​រយៈ​​ពេល​កន្លះ​ខែ​កន្លងមក​បាន​រកឃើញ​ក្រុម​ទទួល​ពានរង្វាន់​ជាប់​លេខ​១.២ .៣ ហើយ​ នៅ​តារាង​បាល់​ទាត់​សិប្បនិមិត្ត​ហេ​ភី​ស្ព​តក្លិប ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​។

ពិធី​នេះ​មានការ​ចូលរួម​ពី​ លោក​ ឈើ​យ​ ចាន់ណា អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​វរសេ​នីយ៍​ឯក​ វង្ស ធី​ មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុម​កីឡាករ​បាល់​ទាត់​ចូល​រួមមាន​ចំនួន​១២​ក្រុម ​ស្មើ​នឹង​ចំនួន​៣០០​នាក់ ​បាន​ចូលរួម​ផងដែរ​។

ក្នុង​ពិធី​បញ្ចប់​ការ​ប្រកួត​បាល់​ទាត់​នោះ​ លោក ​វង្ស​ ធី​ បាន​មានប្រសាសន៍ថា ​ការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មហាជន​៧​មករា ​ឆ្នាំ​២០១៧​នេះ ​រៀបចំ​ដោយ​ក្លឹប​កីឡាបាល់ទាត់​អធិរាជ​ភ្នំ​ស្វាយ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​សហការ​គ្នា​ជាមួយ​សាលាខេត្ត​បន្ទាយមានជ័យ ​និង​មន្ទីរអប់រំ​ខេត្ត​បន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក ​វង្ស​ធី​ បានបញ្ជាក់​ទៀតថា​ ការ​ប្រកួត​នេះ​មាន​ចំនួន​១២​ក្រុម​ ចែកចេញជា​៤​ពូ​ល​ស្មើ​នឹង​២០​ប្រកួត ប្រើ​រយៈពេល​១៩​ថ្ងៃ​ ចាប់ផ្តើម​ប្រកួត ​នៅ​ថ្ងៃទី​២០​ ខែ​ធ្នូ ឆ្នាំ​២០១៦ ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៧ ខែ​មករា​ ឆ្នាំ​២០១៧​នេះហើយ​ ក្រុម​ទាំង​១២​នេះ​រួមមាន​ ១-​ក្រុម​អា​ស៊ី​៤Bet ,២​-សី​សុ ផុន​F .C ,៣-​សកល UME ,៤-សកល មានជ័យ, ៥-​ភ្នំ​ស្វាយ, ៦​-នាគ​ភ្លើង, ៧​-សិរីសោភ័ណ, ៨-BIack Eagle ,៩-​ស្រី​គ្រប់លក្ខណ៍, ១០​-យុវជន​ភូមិ​គាប ,១១​-ពន្លឺ​កូន​ត្រី, ១២ -EDM F .C​។​

លោក​វរសេនីយ៍ឯក ​វង្ស​ ធី​ បានបញ្ជាក់​ទៀតថា ការ​ប្រកួត​អស់​រយៈពេល​ជាង​កន្លះ​ខែ​នេះ​ មាន​៤​ក្រុម​ ដែល​បាន​ឡើងមក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ នេះ​ជា​លទ្ធផល​ក្រុម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១បាន​ទៅ​ក្រុម​ស៊ីសុ​ផន FC​បាន​ពាន​១​ទង់​ និង​ប្រាក់​មួយ​ចំនួន​។ លេខ​២-​បាន​ទៅ​លើ​ក្រុម​អធិរាជ​ភ្នំ​ស្វាយបាន​ទង់​១ និង​ប្រាក់​មួយចំនួន។​ ៣-​បាន​ទៅលើ​ក្រុម សកល UME ទង់​១​ និង​ប្រាក់​មួយចំនួន​។​

ក្នុងនោះដែរ ​លោក ​ឈើ​យ​ ចាន់ណា​ បាន​មានប្រសាសន៍​ដែរ​ថា​ លោក​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូលរួម​ការ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មហាជន​៧​មករា​ឆ្នាំ​២០១៧​នេះ​ បាន​រកឃើញ​ក្រុម​ទទួលពាន​ជាប់​លេខ​១.២ .៣ ហើយ​ លោក​បានធ្វើ​កោតសរសើរ​ដល់​ក្រុម​កីឡា​បាល់ទាត់​ទាំង​កន្លង​មក ដែល​បាន​ខិតខំ​ប្រឹង​ក្នុងការ​ប្រកួត​ដ​ណ្តើម​ពានរង្វាន់​នេះ​។​

លោក​បាន​បញ្ជាក់ទៀតថា ​ការលេង​កីឡា​ច្រើន​ ដើម្បី​រួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡា​ក្នុង​ខេត្ត​ឲ្យ​មាន​ភាព​រីកចម្រើន​ ទាំង​ធនធានមនុស្ស និង​បច្ចេកទេស និង​បាន​ប្រមូលផ្ដុំ​បាន​នូវ​អ្នកមាន​បទពិសោធន៍ ចំណេះដឹង​ ផ្នែក​កីឡាបាល់ទាត់​ក្នុង​ការ​រៀន​សូត្រ​ពី​គ្នា​ទៅវិញទៅមក​ ពិសេស​ការ​ទទួល​បាន​នូវ​មតិ​ណែនាំ​ពី​គ្រូ​បង្វឹក​ដែល​ធ្លាប់​ចូលរួម​ប្រឡូក​ក្នុងការ​ប្រ​កួត​នៅ​ថ្នាក់ជាតិ​ជាដើម​។​

លោក​បានបញ្ជាក់​ទៀតថា​ ម្យ៉ាង​វិញទៀត ​ការលេង​កីឡា​កាន់តែច្រើន​បង្ក​ឱកាស​ឲ្យ​យុវជន​យើង​យក​ពេលវេលា​ទំនេ​រពី​ការងារ ពី​ការរៀនសូត្រ​ចូលរួម​លេង​កីឡា ​ជាជាង​យក​ពេលវេលា​ទៅ​បម្រើ​ឱកាស​សកម្មភាព​ដែល​សង្គម​ស្អប់ខ្ពើម ដូចជា​ល្បែង​អបាយមុខ ការ​សេព​គ្រឿងញៀន​ជាដើម​។​

លោក​បានបញ្ជាក់​ទៀតថា ​វិស័យ​កីឡា​នៅ​ខេត្តបន្ទាយមានជ័យ​មិនសូវមាន​ការរីកចម្រើន​ក៏ពិតមែន តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​បាន​យកចិត្តទុកដាក់​លើកស្ទួយ​វិស័យ​កីឡា​នេះ​យ៉ាងខ្លាំង​ សម្តេច​តែងតែ​ផ្តល់​ការលើកទឹកចិត្ត​ដល់​លើ​កីឡាករ ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ​មាន​ភាព​រីកចម្រើន​ទៅ​មុខជា​លំដាប់​។

ដោយឡែក​ សម្រាប់​ខេត្ត​បន្ទាយមានជ័យ បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ពី​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន​មួយចំនួន ក្នុង​ការ​កសាង​គ្រូ​បង្វឹក ក្រុម​កីឡា​ករ ថែមទាំង​បាន​ចូលរួម​ក្នុងការ​ប្រកួត​ជម្រើសជាតិ​ផងដែរ​។​

លោក​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ការ​ប្រកួត​នេះ ​ការ​ចាញ់​ឈ្នះ​វា​មិន​សំខាន់​នោះ​ទេ តែ​អ្វីដែល​សំខាន់ ​គឺ​ស្មារតី​ នៃ​ការ​រាប់អាន និង​មាន​សាមគ្គីភាព រវាង​កីឡាករ​ និង​កីឡាករ​តែប៉ុណ្ណោះ​៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114