ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​កាបូប​មិន​សម្រេច ប៉ូលិស​ឃាត់ខ្លួន​បាន​ម្នាក់, ជនរងគ្រោះ​រង​របួស​

ភ្នំពេញ ​៖ កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក បាន​ឃាត់ខ្លួន​ជន​សង្ស័យ​០១​នាក់ ខណៈ​ជនសង្ស័យ​ម្នាក់នេះ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពុំបាន​សម្រេច បណ្តាលឲ្យ​ជនរង​គ្រោះ​ដួល​ម៉ូតូ​រង​របួស ហើយ​ជនសង្ស័យ​ក៏​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​ដែរ​។​

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង១៤​និង​១៥នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៧៣៥ ផ្លូវ​លេខ​១២៨ ក្រុមទី​៣១ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ម៉ៅ វីល្លៀម ហៅ ខ្មោច ភេទប្រុស អាយុ១៨​ឆ្នាំ មុខរបរពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ពុំ​ចាំ​លេខ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ចំណែក​ជនរងគ្រោះ ​ឈ្មោះ ជាន សុជាតិ ភេទ​ស្រី អាយុ​២៥​ឆ្នាំ បុគ្គលិក​គ្លីនិក​ចេស្តា ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ( រងរបួស​ដាច់ រលាត់​ខ្នងជើង​ឆ្វេង និង​ជង្គង់​ទាំងសងខាង )។

ក្នុងការ​ឃាត់ខ្លួន​នេះ​ ប៉ូលិស​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក Su Zuki Nex ពណ៌​លឿង ស៊េរី​2014 ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-4966 មាន​លេខ​តួ 311490 និង​លេខ ម៉ាស៊ីន 311504 ( ជា​ម៉ូតូ​ដែល​ជន​សង្ស័យ​ជិះ​ធ្វើសកម្មភាព )។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​១៤​និង​១៥​នាទី ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GS-4706 ឌុប​មិត្តភ័ក្ដិ​ឈ្មោះ ប៊ុន ម៉ី សុភាគ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ដោយ​ជនរងគ្រោះ​មាន​ស្ពាយ​កាបូប​មួយ​ពណ៌​បៃតង​នៅ​ចំហៀង​ខាងឆ្វេង និង​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១២៨ ពី​កើតមក​លិច ពេលមកដល់​ចំណុច​កើត​ហេតុ ស្រាប់​តែមាន​ជនសង្ស័យ​០៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ​ម៉ាក Su Zuki Nex ពណ៌​លឿង ស៊េរី​2014 ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-4966 និង​ម៉ាក Hon da C125 ពណ៌​ខ្មៅ ស៊េរី​2017 តាម​មកពី​ក្រោយ អែប​ទន្ទឹម​ខាងឆ្វេង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រងគ្រោះ ដោយ​ខ្សែ​កាបូប​ជនរងគ្រោះ​ធំ ទើប​ជនសង្ស័យ​ទាញ​កាបូប​នោះ​ពុំបាន​សម្រេច បណ្តាលឲ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល​ទៅ​លើ​ម៉ូតូ​ជនសង្ស័យ ហើយ​ដួល​ម៉ូតូ​ទាំងអស់គ្នា។ ភ្លាមៗនោះ​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់​ ឈ្មោះ ម៉ៅ វីល្លៀម ហៅ ខ្មោច ចំណែក​ជនសង្ស័យ​០៣​នាក់​ទៀត ជិះ​ម៉ូតូ​គេចខ្លួនបាត់។

បច្ចុប្បន្ន​ ជនសង្ស័យ ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114