ព័ត៍មានទាន់​ហេតុការណ៏
Search

ជ័យ ប៊ុន​សង់ ​និង​តាំង សីហា អ្នកឈ្នះ​ចុងក្រោយ​ក្នុង​ដំណាក់កាល​ទី​១

អ្នក​ប្រដាល់​ជ័យ ប៊ុន​សង់ ក្លិប​គី​សែ​មាន​រិ​ទ្ធ និង តាំង សីហា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ជា​អ្នកឈ្នះ​ចុងក្រោយ​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ដំណាក់កាល​ទី​១ នៃ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series ទម្ងន់​៦០​គីឡូក្រាម។

ពួកគេ​ទាំងពីរ​នាក់​នេះ បាន​ប្រកួត​ឈ្នះ​លើ​ដៃគូ​ប្រកួត​ដោយ​ពិន្ទុ​ដូចគ្នា ក្នុង​ការ​ប្រកួត​ជម្រុះ​ចុង​ក្រោយ នៅ​លើ​សង្វៀន Tiffy Arena នា​យប់​ថ្ងៃសៅរិ៍ ទី៧ ខែមករា ឆ្នាំ២០១៧។ ជ័យ ប៊ុន​សង់ គេ​បាន​យកឈ្នះ​ម៉ឺន ដា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ក្នុង​ការ​ប្រកួត​ដែល​មាន​តែ​បី​ទឹក​នោះ ។ ម៉ឺន ដា​ត្រូវ​ប៊ុន​សង់ ដែល​ជា​អ្នក​ប្រដាល់​ជើងចាស់​នោះ វាយ​សម្រុក​តាំងពី​ក្នុង​ទឹក​ទី​១​ម្ល៉េះ បណ្ដាល​ឲ្យ​ម៉ឺន ដា ស្ថិត​ក្នុង​ស្ថានភាព​ការពារ​ខ្លួន​ជាង​ការ​វាយបក​វិញ​នោះ ។

​ម៉ឺន ដា គេ​ត្រូវ​ជ្រុះ​ចេញពី​ការប្រកួត​ជម្រុះ​ដណ្តើម​ពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series ទម្ងន់​៦០​គីឡូក្រាម​នេះ​ហើយ ខណៈ​ដែល​ជ័យ ប៊ុន​សង់ គេ​នៅ​បន្ត​ការប្រកួត​ក្នុងដំណាក់កាល​ទី​២​ទៀត។

ចំពោះ ការប្រកួត​រវាង​សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ និង តាំង សីហា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០​វិញ ពួកគេ​ប្រកួត​គ្នា​ក្នុង​លក្ខណៈ​តឹងតែង​បំផុត ដោយ​តាំង សីហា ជា​អ្នក​មានប្រៀប​ឈ្នះ​តាំងពី​ក្នុង​ទឹក​ទី​១ រហូតដល់​ទឹក​ទី​៣ ហើយ​ដែល​ចុងក្រោយ សេន កុសល​ចាញ់​តាំង សីហា​ដោយ​ពិន្ទុ ធ្វើ​ឲ្យ​សីហា នៅ​បន្ត​ការប្រកួត​ទៀត ឯ កុសល ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។

ជ័យ ប៊ុន​សង់ និង តាំង សីហា បន្ទាប់ពី​ឈ្នះ​នេះ ពួកគេ​ត្រូវ​ឡើង​ទៅ​ធ្វើការ​ប្រកួត​ជម្រុះ​ក្នុង​ដំណាក់​កាល​ទី​២ ដែល​មាន​អ្នក​ប្រដាល់​ចំនួន​១៦​រូប ដែល​ចម្រាញ់​ចេញពី​ក្នុងចំណោម​អ្នក​ប្រដាល់​ចំនួន​៣២​នាក់ ដែល​ចូលរួម​ប្រកួត​ជម្រុះ​ដំណាក់​ទី​១​នោះ។ ដូច្នេះ មកដល់ពេលនេះ ព្រឹត្តិការណ៍​ជម្រុះ​ដំណាក់​ទី​១ ដណ្តើម​ពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series ទម្ងន់​៦០​គីឡូក្រាម រកឃើញ​អ្នក​ប្រដាល់​ខ្លាំង​ចំនួន​១៦​នាក់​ហើយ ក្នុង​ការ​ប្រកួត​ជម្រុះ​៨​សប្ដាហ៍​កន្លង​មកនេះ គឺ​ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ , លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ , ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​, ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​,​លំពែង ខ្មៅ សមាគម​កីឡា​ក្រសួងកសិកម្ម ,​លាស់ យីន អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍ ,​រឿន ឈី​អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប , ស៊ឹម សុវណ្ណ​ដេ​ត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ,​វេន សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១, សំណាង សម្បត្តិ ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ​, ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ,​ផាន់ សារុន ក្លិប​គុជ​សា​កីឡា​,​វៀត ប៊ុន​ឌឿ​ន សមាគម​កីឡា​ក្រសួងការពារជាតិ , បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក់ , ជ៏​យ ប៊ុន​សង ក្លិប​គី​សែ​មាន​រិ​ទ្ធ និង តាំង សីហា ក្លិប​កងពលតូច​លេខ​៧០ ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684