ព័ត៍មានទាន់​ហេតុការណ៏
Search

ផាន់​គ្រាន់​ចាញ់​Phath Say Fa ដោយ​ពិន្ទុ ខណៈ​ វី សេរី​ចាន់​ឌី​ន​ចាញ់​Chhrng Krai ទឹក​២

អ្នក​ប្រដាល់​កម្ពុជា​ផាន់ គ្រាន់ ក្លិប​គុជ​សា​កីឡា បាន​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Phath Say Fa ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួបគ្នា​លើស​ង្វៀន​Ganzberg នៅ​SEATV កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៨ ខែមករា ឆ្នាំ២០១៧​នេះ ។ Phath Say Fa និង ផាន់ គ្រាន់ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម ។ Phath Say Fa បាន​វាយ​ផាន់ គ្រាន់ ឲ្យ​អាជ្ញា​កណ្តាល​រាប់​៨​ដល់​ទៅ​ពីរ​ដង ក្នុង​ទឹក​ទី​២ តែ​ពីរ​ទឹក​ចុងក្រោយ​ផាន់ គ្រាន់​គេ​មានប្រៀប​លើ Phath Say Fa ប៉ុន្តែ​យ៉ាងណា​ផាន់​គ្រាន់ មិន​ត្រូវ​បាន​គេ​អោយ​ឈ្នះ​នោះ​ទេ ដោយសារតែ​ត្រូវ​រាប់​ពីរ​ដង​ក្នុង​មួយ​ទឹក​ហើយ​នោះ ។

សូម​បញ្ជាក់ថា ពីដំបូង​ផាន់ គ្រាន់​ត្រូវ​ផ្គូផ្គង​អោយ​ជួប​ជម្រះ​បញ្ជី​ជាមួយ​Chheang Krai ទេ តែ​បាន​ប្តូរ​គូ​វិញ ដោយ​ឲ្យ​ផាន់ គ្រាន់​ជួប​ជាមួយ Phath Say Fa ឯ​Chheng Krai អោយទៅ​ជួប​ជាមួយ​វី សេរី​ចាន់​ឌី​ន​វិ​ន។ នេះ​ជា​ការ​បរាជ័យ​លើក​ទី​៨ របស់​ផាន់ គ្រាន់ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ ជាង​៣០​នាក់​កន្លង​មកនេះ។ រាប់​៨​លើក​ទី​១​នោះ ផាន់ គ្រាន់​ត្រូវ​មួយ​ជើង​របស់ Phath Say Fa ចំ​ឆ្អឹងជំនី​ស្តាំ ហើយ​រាប់​៨​លើក​ទី​២​នោះ គឺ​ត្រូវ​កណ្ដាប់​របស់ Phath Say Fa ដាល់​ចំ​មុខ ដែល​ការរាប់​នេះ មិនអាច​ឲ្យ​ផាន់​គ្រាន់​ស្តារ​ពិន្ទុ​យកឈ្នះ​ថៃ​បាន​នោះ​ឡើយ។

ចំណែក វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​វិញ គេ​ត្រូវ​Chheang Krai ទាត់ ត្រូវ​កញ្ចឹង ក មួយ​ជើង បណ្ដាល​ឲ្យ​ដួល​សន្លប់​លែង​ក្រោក ក្នុង​ទឹក​ទី​២ ។ នេះ​មកពី​ចាន់​ឌី​ន វាយ​រាង​ប្រហែស​ពេក និង​រាង​មើលស្រាល​ទៅលើ​Chheang Krai ទើប​មិនសូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ។
​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិខ្មែរ​គ្នា​វិញ សល់ អា​មូល អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា បាន​បំបាក់ លឿង រ៉ា អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ អោយ​សន្លប់​ក្នុង​ទឹក​ទី​២។ កាលពី​ជួបគ្នា​លើក​មុន​(៣០​តុលា​២០១៦)​លឿង រ៉ា ក៏​ចាញ់​សល់ អា​មូល ក្នុង​ទឹក​ទី​១​ដែរ ។​

​ចំណែក សំអាត រស់ជាតិ អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​វាយ​ឈ្នះ អេ សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ក្រោយ​ពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ៕

សូត្រ ប៊ុន​ធី​ឈ្នះ​ថៃ​ចំណូល​ថ្មី​ដោយ​ពិន្ទុ ឯ វៀត ប៊ុន​ឌឿ​ន ឈ្នះ​ថៃ​ក្នុង​ទឹក​ទី​៤អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់​Black Cat​នៅ​សង្វៀន​SEATV យប់​ថ្ងៃអាទិត្យ​ទី​០៨​មករា​២០១៧​វិញ​នោះ បាន​វាយ​ឈ្នះ​ថៃ​ទាំងពីរ​នាក់។ ក្នុង​នោះ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក បាន​យកឈ្នះ​ថៃ Phek Rabkhav ដោយ​ពិន្ទុ​ប្រផឹតប្រផើយ ហើយ​វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ គេ​យកឈ្នះ​ថៃ​Yorth Mongkul ក្នុង​ទឹក​ទី​៤ ។
សម្រាប់​ការប្រកួត​របស់​សូត្រ ប៊ុន​ធី គឺ​ឈ្នះ​ថៃ​ដោយ​ប្រផិ​ប្រ​ផើយ ដោយ​គេ​មានប្រៀប​លើ​Phek Rabkhav ដោយសារ​កែង និង​ធាក់ តែ​ពេល​ចូល​កៀក​ឬ​អោប​គ្នា​នោះ ប៊ុន​ធី​ចាញ់​ថៃ​ដាច់​តែម្តង ដោយ​ត្រូវ​ថៃ​ចាប់​កាច់​ផ្តួល​លើ​រេញ​ជាច្រើន​ដង ។ ប៉ុន្តែ​យ៉ាងណា សូត្រ​ប៊ុន​ធី​ឈ្នះ​ពិន្ទុ​Phek Rabkhav​ដែរ ។​

ចំពោះ​កាល​ប្រកួត​របស់​វៀត ប៊ុន​ឌឿ​ន​វិញ ពីដំបូង​ក៏​ចាញ់​ប្រៀប​ថៃ​ដែរ តែ​ចុងក្រោយ​ប៊ុន​ឌឿ​ន បាន​វាយ​ប្តូរ​កែង​ដោយ​វាយ​កែង​មុខ​កប៉ាល់​ចូល​ចំ​ផ្ទៃមុខ​Yorth Mongkul ពេញ មួយ​កែង​ស្តាំ បណ្ដាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នោះ ដួល​លែង​ក្រោក​តែម្តង ក្នុង​ទឹក​ទី​៤ ។

ជា​លើក​ទី​១ របស់​វៀត ប៊ុន​ឌឿ​ន​ហើយ ដែល​វាយ​ឈ្នះ​ថៃ​នេះ ។ កាលពី​ជួប​ថៃ​លើក​ទី​១​នោះ ប៊ុន​ឌឿ​ន​វាយ​ចាញ់​Reda ក្នុង​ទឹក​ទី​៤​ដែរ ។ ដូច្នេះ​ជួប​ថៃ​២​លើក ប៊ុន​ឌឿ​ន​ឈ្នះ មួយ​លើក និង​ចាញ់​មួយ​លើក ។ ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់​រិ​ទ្ធ មុន្នី អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ បាន​វាយ​ឈ្នះ​ចេង គា អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥ ទឹក​ពេញ​នោះ ។

អ៊ុំ ចំរើន​ចាញ់​ថៃ​ទឹក​២​ទៀត ឯ ឡុង សុវណ្ណ​ឌឿ​ន​ឈ្នះ​ឡាវ​ដោយ​ពិន្ទុ ក្នុង​ជម្រុះ​លើក​ទី​២​ខ្សែក្រវាត់​Carabao
​អ្នក​ប្រដាល់​ឡុង សុវណ្ណ​ឌឿ​ន ក្លិប​សាល​វ័​ន្ត​កីឡា គេ​រកបាន​៣​ពិន្ទុ​បន្ថែមទៀត ក្រោយពី​យកឈ្នះ​អ្នក​ប្រដាល់​ឡាវ Thav Uo Lan ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ជម្រុះ ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៨​គីឡូក្រាម លើស​ង្វៀន​SEA-TV ថ្ងៃទី ០៧ មករា ២០១៧ ។  ​ឡុង សុវណ្ណ​ឌឿ​ន កាលពី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ក្នុង​ជម្រុះ​លើក​ទី​១​កន្លងមកនេះ គេ​វាយ​ឈ្នះ​Sang Yout ដោយ​ពិន្ទុ​។ ឥឡូវ​លើក​ទី​២​នេះ សុវណ្ណ​ឌឿ​ន គេ​វាយ​ឈ្នះ​ឡាវ​បាន​ម្នាក់ទៀត ធ្វើអោយ​គេ​ទទួលបាន​៦​ពិន្ទុ ក្នុង​ពីរ​ប្រកួត​នោះ ។ អ្នក​ប្រដាល់​ឡាវ Thav Uo Lan គេ​បាន​៤​ពិន្ទុ ក្នុង​ពិរ​ប្រកួត ដែល​ប្រកួត​ជម្រុះ​លើក​ទី​១ ថ្ងៃទី​២៤​ធ្នូ​២០១៦ គេ​បាន​ផ្តួល​អ៊ុំ ចំរើន អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២ តែ​លើក​ទី​២​នេះ គេ​ចាញ់​ឡុង សុវណ្ណ​ឌឿ​ន​ដោយ​ពិន្ទុ នាំ​ឲ្យ​ពីរ​ប្រកួត​ឈ្នះ​១​ចាញ់​១​ប្រកួត ។

សម្រាប់​គូ​ខ្សែក្រវាត់​មួយគូ​ទៀត​នោះ អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន ត្រូវ​អ្នក​ប្រដាល់​ថៃ Sang Yout វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។​ចំរើន ពីរ​ប្រកួត​ចាញ់​ទាំងពីរ​ប្រកួត​បាន​២​ពិន្ទុ ។ អ្វីដែល​ជា​ការ​កត់សម្គាល់​នោះ អ៊ុំ ចំរើន ឡើង​ប្រកួត​ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ ពីរលើក​ចា​អ់​ទាំង​ពីរលើក ហើយ​ចាញ់​ក្នុង​ទឹក​ទី​២​ដូចគ្នា​ទៀត ។​
​អ៊ុំ ចំរើន ជា​ជើង​ខ្លាំង​មិនគួរណា​គេ​ចាញ់​ទាំង​ពីរលើក​ដូច្នេះ​ទេ ហើយ​មួយទៀត គឺ​ចាញ់​ក្នុង​ទឹក​ទី​២​ដដែល​ទៀត​៕

សារឿន ច័ន្ទ ចាញ់ Kamlay Yuok ,​ធន់​ចាន់​តាក់​ស្មើ Yuok Phit អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ប្រទេស​ថៃ​នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៨​មករា​២០១៧​នេះ ក្នុង​កម្មវិធី​ប្រដាល់​ស្រា​បៀរ​កម្ពុជា នៅលើ​សង្វៀន​SEA-TV​នោះ គឺ​ស្មើ​១​ចាញ់​១ ។

​អ្នក​ប្រដាល់​ពីររូប​របស់​កម្ពុ​ជា​នោះ គឺ​សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍​និង​ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ។ សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Kamlay Yuok ក្នុង​ទឹក​ទី​៤ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​SEA-TV​នេះ​ទេ កន្លងមក ។

ចំណែក ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ និង​ជា​ម្ចាស់​ខ្សែក្រវាត់ Leo បាន​ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ Yuok Phit ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គ​.​ក្រ ។​

ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់ ។ គេ​ទើបតែ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​បាន​២​នាក់​ទាំង​លើក​នេះ​ប៉ុណ្ណោះ ដោយ​លើក​មុនគេ​ឈ្នះ តែ​លើក​ទី​២​នេះ​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ ។ ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិខ្មែរ​គ្នា​វិញ ខាំ ខ្លា​នាង អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ក៏​ប្រកួត​ស្មើ​ជាមួយ​សុខ ទូ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684