ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពោធ​បើក​ការប្រកួត​បាល់ទះ​“The 1st Cambodia Beer Volleyball League លើក​ទី​១​ឆ្នាំ​២០១៧

ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ដែល​ប្រសិទ្ធ​នាម​ថា “ ពានរង្វាន់​បាល់ទះ ខេ​ម​បូ​ឌា​ន​លី​ក លើក​ទី​១ ឆ្នាំ​២០១៧ ” ( The 1st Cambodian Beer Volleyball League 2017 បាន​សម្ពោធ​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃទី​០៨​ ខែមករា​ ឆ្នាំ២០១៧ នៅ​ខេត្ត​ព្រៃវែង ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី សំណាក់​លោក​ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រៃវែង លោក ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក ខៀវ ភារិទ្ធ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង។

លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ​បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ខ្ញុំ​ផ្ទាល់​សូម​គាំទ្រ​ពី​ការរៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទះ​ខេ​ម​បូ​ឌា​ន​លិ​គនេះ​ឡើង ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា កំពុងតែ​អភិ​ឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​នោះ ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​កាយ និង​កីឡា ត្រូវ​បាន​យកចិត្តទុកដាក់​ជាប្រចាំ ហើយ​ចាត់ទុកជា​ទស្សនវិស័យ​ថ្មី​មួយទៀត ដែល​តម្រូវ​ទិស​វិស័យ​កីឡា​ជាតិ​។

លោក​បាន​បន្ត​ថា ក្នុង​បរិ​ទ​ប​នេះ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ខាង​កីឡាបាល់ទះ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​នេះ ខ្ញុំ​យល់ថា គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួបរួម​សហការ​ឲ្យ​បាន​ល្អ និង​បង្កើន​សកម្ម​ភាព​ដណ្ដើម​ឈ្នះ​ក្នុង​គោលបំណង​បំផុស​ចលនា​អប់រំ​កាយ និង​កីឡា​ក្នុង​ជួរ​សិស្សានុសិស្ស​ឲ្យ​មាន​សក្ដានុពល​គ្របដណ្ដប់​ទាំង​បរិមាណ និង​គុណភាព។

លោក បឹង គីម​តោ អគ្គលេខា​នៃ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​រាយការណ៍​ថា ការប្រកួត​នេះ​ក្នុង​គោលបំណង​ចម្រាញ់ និង​ជ្រើស​រើស​យក​កីឡាករ​វ័យក្មេង​មាន​សក្ដានុពល​សម្រាប់​ហ្វឹកហាត់ ដើម្បី​ឈាន​ទៅ​ចូលរួម​ការប្រកួត​កីឡា​SEA GAMES ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ជាពិសេស​គឺ​ផ្សព្វផ្សាយ​ដល់​យុវជន​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​កីឡាបាល់ទះ ។

ចំពោះ​ការប្រកួត​ចែកចេញជា​៥​មណ្ឌល គឺ​មណ្ឌល​ខេត្ត​ព្រៃវែង មណ្ឌល​ខេត្ត​កំពង់ មណ្ឌល​ខេត្ត​ព្រះវិហារ មណ្ឌល​ខេត្ត​បាត់ដំបង និង​នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ លោក ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ថ្លែង​ថា សម្រាប់​ការប្រកួត​នឹង​ជួប​ឲ្យ​ប្អូន​ជា​កីឡា​ករ​ចេះ​ធ្វើការ​ជា​ក្រុម និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​ជាមិនខាន​។ ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា ក្នុងការ​ជួបជុំ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​បង្កើន​កិច្ច​សហប្រតិបត្តិការ តាមរយៈ​ការប្រកួត​បាល់ទាត់ ដណ្តើម​ពាន​រង្វាន់ Soccer League​។ ឱកាស​ការលេង​កីឡា នឹង​ផ្តល់​ឲ្យ​យុវជន​មកពី​អង្គភាព ស្ថាប័ន​ខុសៗ​គ្នា មុខងារ​ខុសៗ​គ្នា បង្កើត​ចំណងមិត្តភាព ដើម្បី​ឲ្យ​ក្លាយ​ជា​បណ្ដាញ​មួយ​រួបរួមគ្នា ក្នុង​បរិ​កាស​ស្និត​ស្នាល ចេះ​អត់អោន​គ្នា អា​ធ្យា​ស័​យ និង​គោ​ពរ​គ្នា​ទៅវិញទៅមក​។

ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​រួមជាមួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា និង​ក្រោម​ការឧបត្ថម្ភ​ក្រុម​ហ៊ុនស្រា​បៀរ​កម្ពុជា​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684