ព័ត៍មានទាន់​ហេតុការណ៏
Search

បង្គោល​អង់​តែ​ន​សិប្បនិម្មិត​ ដែលមាន​ទម្រង់​រូបរាង​ជាដើម​ឈើ​ចំនួន​៦​ដើម ​ត្រូវ​បាន​ដាក់​ដំឡើង រួច​រាល់​ជា​ស្ថាពរ​​

សៀមរាប ៖ បង្គោល​អង់​តែ​ន​សិប្បនិម្មិត​ ដែលមាន​ទម្រង់​រូបរាង​ជាដើម​ឈើ​ចំនួន​៦​ដើម ​ត្រូវ​បាន​ដាក់​ដំឡើង រួច​រាល់​ជា​ស្ថាពរ​​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ផ្សេងៗ​បំពាក់​អង់តែន ​បង្កើន​សេវា​ទូរស័ព្ទ​ និង​ល្បឿន​អ៊ីនធឺណិត​ឲ្យ​បាន​ទូលំទូលាយ​ដល់​ភ្ញៀវទេសចរ ប្រជាជន​ក្នុង​តំបន់​អង្គរ អ្នក​ប្រកប​របរ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ និង​វិស័យ​ឯកជន​នានា​នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​ល្បី​មួយ​នេះ​។​

តាម​ការ​បញ្ជាក់​ពី​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បាន​ឲ្យ​ដឹង​ថា បង្គោល​អង់​តែ​ន បាន​ដំឡើង​ចំនួន​៦​ទីតាំង ដូចជា CTL1 នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក CTL2 នៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ CTL3 នៅ​ភូមិ​រហាល សង្កាត់​នគរធំ CTL4 នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក CTL5 នៅ​ខ្លោងទ្វារ​តា​កាវ និង CTL6 នៅតាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ​។

លោក សុខ សង្វារ បន្តទៀតថា បើ​គិត​មកដល់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត​ជា​ក្រុមហ៊ុន​ដំបូង​គេ ​ដែល​បាន​ដាក់ឲ្យដំណើរការ​សេវា​ទូរស័ព្ទ ​និង​បណ្ដាញ​អ៊ីនធឺណិត​4G​ យ៉ាង​រលូន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ហើយ​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​មាន​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេងៗ​ទៀត​ក្នុងប្រទេស​មក​បំពាក់​សេវា​ទូរស័ព្ទ ​និង​សេវា​អ៊ីនធឺណិត​បន្ថែមទៀត​ផងដែរ​។

តាមរយៈ​ការ​ដំឡើង​បង្គោល​អង់​តែ​ន​សិប្បនិម្មិត និង​បំពាក់​សេវា​ប្រព័ន្ធ​ទូរស័ព្ទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នេះ នឹង​ធ្វើឲ្យ​​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ដែល​មក​ទស្សនា​តំបន់​អង្គរ មាន​ភាព​ងាយ​ស្រួល​ ទាំង​ការហៅ​ទូរស័ព្ទ ការ​ផុស​រូប​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ផ្សាយ​ផ្ទាល់​វីដេអូ​ពី​ដំណើរ​កម្សាន្ត​របស់ខ្លួន​បាន​ភ្លាមៗ​។ ជាពិសេស​ជាងនេះទៅទៀត វា​បាន​ជួយ​សម្រួល ដល់​ការងារ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ផង​។​

នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បានរៀបចំ​ដំឡើង​អង់​តែ​ន​សិប្បនិម្មិត​មាន​រូបរាង​ដូច​ដើមឈើ ​និង​ដាក់ឲ្យ​ដំណើរការ​នៅលើ​ទឹកដី​អង្គរ​បេតិកភណ្ឌ​ពិភពលោក​។

អាជ្ញាធរ​ជាតិ​អប្សរា​ តែងតែ​យកចិត្តទុកដាក់​បំផុត ចំពោះ​ការផ្តល់ជូន​នូវ​ភាពងាយស្រួល​តាមរយៈ​ការរៀបចំ​សេវាកម្ម​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ​ឲ្យ​ចូលមក​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​នេះ​ឲ្យ​កាន់តែ​ច្រើនឡើង​។

លើសពីនោះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា ​ក៏បាន​គិតគូរ​ដល់​ការ​អភិរក្ស និង​ការ​ថែរក្សា​សោភ័ណភាព​នៅក្នុង​តំបន់​អង្គរ​ផង​ដែរ ជាក់ស្តែង​ការ​ដំឡើង​អង់​តែ​ន​សិប្បនិម្មិត​សម្រាប់​បំពាក់​ប្រព័ន្ធ​ទូរស័ព្ទ​ ដូច្នេះ​ក៏​តម្រូវឲ្យ​មាន​លក្ខណៈ​ធម្មជាតិ ដែល​អាច​បន្លំ​ និង​រក្សា​បាន​នូវ​ភាព​ស្រស់​បំព្រង ​នៃ​ទេសចរណ៍​ធម្មជាតិ ស្របតាម​បទដ្ឋាន​របស់​តំបន់​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114