ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង​មន្ត្រី​យោធា និង​ប៉េអឹម​ផ្ទៃ​ប្រទេស​ដក​អាវុធ​ភ្ជង់​ដោយសារ ទំនាស់​រឿង​ស្រី ត្រូវ​បាន​ដោះលែង​

បាត់ដំបង​ ៖​ ជន​សង្ស័យ​ចំនួន​ពីរ​នាក់ ដែល​ម្នាក់​ជា​មន្ត្រី​យោធា និង​ម្នាក់ទៀត​ជា​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មាន​កាន់​អាវុធ​ខ្លី​គ្រប់​ដៃ​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង ធ្វើការ​ដោះលែង​ស្ងាត់​ៗ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ​បន្ទាប់ពី​ជន​ទាំង​ពីរ​នាក់​នេះ ​មាន​ទំនាស់​ជាមួយ​នឹង​យុវជន​ម្នាក់ទៀត ក្នុង​ករណី​ស្រឡាញ់​ស្រី​តែមួយ រហូត​គេ​ហ៊ាន​ដក​កាំភ្លើង​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ថែម​ទៀត​ផង​ ហើយក៏​ត្រូវ​កម្លាំង​បង្ការ ​បង្ក្រាប​ឃាត់ខ្លួន​ទាំង​យប់​តែម្តង​។​

យោងតាម​ពាក្យបណ្ដឹង​របស់​ដើមបណ្ដឹង​ឈ្មោះ​ផល សូលី​ស័​ក្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ​បាន​ឲ្យ​ដឹងថា​ នៅ​ប្រហែលជា​ម៉ោង​១១​យប់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៧ ខណៈ​ដែល​ខ្លួន​កំពុង​អង្គុយ​​ញុំា​ចំណី​លេង​នៅលើ​សួន​សម្ដេច ស ខេង ស្ថិតនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខាងមុខ​សណ្ឋាគារ​ភ្លា​ស៊ី ជាប់មាត់​ស្ទឹង​សង្កែ ​ស្រាប់​តែមាន​មនុស្ស​ប្រុស​ពីរ​នាក់ បាន​មក​រករឿង​លើ​ខ្លួន​ក្នុងន័យ​មិន​ឲ្យ​ខ្លួន​ទាក់ទង​ស្នេហា​ជាមួយនឹង​នារី​ដែល​ខ្លួន​ពេញចិត្ត តទៅទៀត ព្រោះ​នាង​ជា​កំណាន់ចិត្ត​របស់​គេ។

បន្ទាប់ពី​មានការ​ទាស់សម្ដី​បន្តិចបន្តួច ក៏​ស្រាប់តែ​ពួកគេ​ទាំងពីរ​នាក់​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​មក​អា​មេ បញ្ចូល​គ្រាប់ ដោយ​ភ្ជង់​មកលើ​ខ្លួន​ថែមទៀត និង​ដោយ​មានការ​ប្រតាយ​គ្នា​ ក៏​ស្រាប់តែ​កម្លាំង​បង្ការ បង្ក្រាប មកដល់​ល្មម​ដោយ​បាន​ឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​នេះ​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ព្រមទាំង​បាន​ឃុំខ្លួន​នៅក្នុង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ជា​បណ្ដោះអាសន្ន ក្រោយពី​ខ្លួន​បានដាក់​ពាក្យ​ប្តឹង​រួចមក​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ទាំងពីរ​នាក់​នេះ​មានឈ្មោះ​គី ឃុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស​ក្នុង​អង្គភាព​នាយកដ្ឋាន​បំពាក់​សម្ភារៈ​សឹក​( ទំនប់ទឹក ) ខណ្ឌចំការមន​ប្រើប្រាស់​អាវុធខ្លី​ធុន HKP30 និង​ឈ្មោះ វុ​ធ ប៊ុន​សូង​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​យោធា ( នៅ​បា​យ៉ាប ) សង្កាត់​ភ្នំពេញ​ថ្មី ប្រើប្រាស់​អាវុធ​ឡុ​ក​ធុន MDS.600​។​

នៅពេល​នោះដែរ ដោយសារតែ​មានការ​អន្តរាគមន៍​ព្រោងព្រាត ពី​សំណាក់​អស់​លោកធំៗ​ដោយ​ស្នើសុំ​មិន​ឲ្យ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ និង​ទទូច​អង្វរ​សុំ​សម្របសម្រួល​ជាមួយនឹង​ជនរងគ្រោះ​ដើម្បី​បញ្ចប់​បញ្ហា នៅ​ទីបំផុត​គឺ​នៅ​យប់​ថ្ងៃ​ទី​៧ ​ខែ​មករា ឆ្នាំ​២០១៧ ការចរចា​ក៏បាន​ត្រូវ​គ្នា​ដោយ​គ្រាន់តែ​បំពេញ​កិច្ចសន្យា​តែប៉ុណ្ណោះ គឺ​នៅ​ពេល​នោះ​ដែរ បើ​ទោះ​បីជា​បណ្ដា​អ្នកសារព័ត៌មាន​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច ឬក៏​សុំ​ចូល​ទៅ​ផ្ដិត​យក​រូបភាព​ក៏​គេ​មិន​អនុញ្ញាត​ដែរ​ដោយ​គេ​បាន​បិទទ្វារ​ការិយាល័យ​ជាប់​ជានិច្ច ដើម្បី​ទុក​ឱកាស​ចរចា​គ្នា​នៅ​ខាងក្នុង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684