ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​យុវជន ក​.៧៧ ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ​លើក​ទី​៣៨ ទិវា​បុណ្យជាតិ​៧​មករា​

ភ្នំពេញ ៖ ក្រុមយុវជន ក​.៧៧ នៅ​ល្ងាច​ថ្ងៃទី​៦ ​ខែមករា បាន​ជួបជុំ​សំណេះសំណាល និង​ទទួល ទាន​បាយ​សាមគ្គី​ក្នុង​ឱកាស​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ លើក​ទី​៣៨ ទិវា​បុណ្យ ជាតិ​៧​មករា​ដែល​ជា​ថ្ងៃកំណើត​ទី​២​របស់​យើង​ទាំងអស់គ្នា។

ការ​ជួប​ជុំគ្នា​នេះ ក៏​ដើម្បី​ជួប​សំណេះសំណាល​រវាង​សមាជិក​នៃ​គ្រួសារ ក​.៧៧ និង​រឹតចំណង​សាមគ្គី​ភាព មិត្តភាព​ក៏​ដូច​បង្ហាញ​ពី​លទ្ធផល​ការងារ​មួយ​ចំនួន​ដែល​ក្រុម​យុវជន ក​.៧៧ សម្រេច​បាន​នា​ពេល​កន្លងមក​ក្នុង​ការ​បម្រើ លើក​កម្ពស់​ការងារ​សង្គម​ដោយ​ស្ម័គ្រចិត្ត​ពិសេស​សកម្មភាព​មនុស្ស​ធម៌​ក៏​ដូច​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​ពិត ចំណាន អនុប្រធាន​កិត្តិយស​សកម្មជន​ក្រុម​យុវជន ក​.៧៧ បាន​លើក​ឡើង​ថា ក្រុម​យុវ​ជន ក​.៧៧ បាន​បង្កើត​ឡើង​ក្រោម​ការ​ផ្ដួចផ្ដើម របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន​តាំងពី​ឆ្នាំ​២០០២​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ការងារ​សង្គម​ គឺ​រួមគ្នា​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ និង​បន្ត​កសាង​កម្លាំង​ក្នុង​ស្រទាប់ យុវជន​ឲ្យ​បាន​កាន់តែ​កើន​ឡើង​ទាំង​បរិមាណ និង​គុណភាព។

បច្ចុប្បន្ន​គ្រួសារ​ក្រុម​យុវជន ក​.៧៧​ដែល​មាន​ឯ​លោក​មាន​ចាន់ យ៉ា​ដា ជា​ប្រធាន​ក្រុមយុវជន ក​.៧៧ មាន​និស្សិត​មកពី​១៦ សកល​វិទ្យាល័យ​ទាំង​រដ្ឋ និង​ឯកជន​,​ស្ថាប័ន អង្គភាព​និង​ទីផ្សារ​នានា​។

លោក​កែ ប៊ុន​ខៀង ប្រធាន​ក្រុមការងារ​យុវជន​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជាបាន​រំលឹក​ឡើងវិញ​ពី សោកនាដកម្ម ការ​កាប់សម្លាប់​យ៉ាង​រង្គាល​នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត ហើយ ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ត្រូវ​បំផ្លាញ​ដល់​ឫសគល់​។ ជាពិសេស​សិស្ស​និស្សិត បញ្ញវន្ត គ្រួ​បង្រៀន​ជា​មុខសញ្ញា​ត្រូវ​ពួក​ប្រល័យ​ពូជសាសន៍​កម្ទេច​មុនគេ​។ ដោយសារ​គុណបុណ្យ​ថ្ងៃ ៧​មករា​ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​ដែល​សេសសល់​ពី​ការ​កាប់សម្លាប់​បាន​រស់រាន​មាន​ជីវិត​ជាថ្មី​។

ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កម្ពុជា​បាន​រស់​ឡើងវិញ​ខិតខំ កសាង​ប្រទេស​ពី​បាត​ដៃទទេ ក្នុង​ដំណាក់​កាល​ដែល​កម្ពុជា​បាន​ដំណើរ​ការ​កសាង​ប្រទេស ផង និង​ជួប​សង្គ្រាម​ផ្ទៃក្នុង​ផង​។​ដោយសារ​មាន​នយោបាយ​ឈ្នះៗ​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុន​សែន ទើប​កម្ពុជា​បាន​ឃើញ​ពន្លឺ​សន្តិ​ភាព​ពេញ​ផ្ទៃ​ប្រទេស​។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ត្រូវតែ​រួមគ្នា​ការពារ​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ និង​ប្រឆាំង​ជន​ណា ឬ​ក្រុម​ណាមួយ​ដែល​បង្ក​បញ្ហា​នាំ​ទៅ​រក​សង្គ្រាម​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684