ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Buriram United របស់​ថៃ ឈ្នះ​ជើងឯក​ពានរង្វាន់ TMCC 2016 ជា​លើក​ទី​២ ក្រោយ​វាយបក​លើ​ក្រុម Lanexang United របស់​ឡាវ ក្នុង​ជើង​ទី​២

​ក្រុម Buriram United របស់​ថៃ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេមេគង្គ Toyota Mekong Club Championship 2016 (TMCC) ក្រោយ​វាយបក​ឈ្នះ​លើ​ក្រុម​ក្រុម Lanexang United របស់​ក្រុម​ឡាវ វិញ​ក្នុង​ជើង​ទី​២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៨ ខែមករា ឆ្នាំ​២០១៧ ថ្មីៗ​នេះ ​ក្នុង​រាជធានី​បាងកក​។

​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ​រៀបចំ​ឡើងជា​២​ជើង​ដោយ​កាលពី​នៅក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ដែលជា​ជើង​ទី​១ ក្រុម​ម្ចាស់​ស្រុក Lanexang United បាន​យកឈ្នះ Buriram United ដោយ​លទ្ធផល ១​ទល់​០ ដោយ​ថ្វី​ជើង​កីឡាករ Khampheng Sayavutthi​តែ​ជើង​ទី​២ មក​ធ្វើ​នៅ​កីឡដ្ឋាន​Thammasat Stadium ក្នុង​រាជ​ធានី​បាងកកវិញ​ ក្រុម Buriram United បាន​យកឈ្នះ​វិញ ដោយ​លទ្ធផល ២​ទល់​០ ដោយ​ថ្វី​ជើង​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Diogo និង​កីឡាក​ជនជាតិ​កូរ៉េខាងត្បូង Go Seul-ki​។ សរុប​លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Buriram United ឈ្នះ Lanexang United ដោយ​លទ្ធផល ២​ទល់​១​។

​សូម​រំលឹកថា​ តាម​គម្រោង​ពានរង្វាន់ Toyota Mekong Club Championship 2016 ត្រូវ​រៀបចំឡើង​ពី​ខែវិច្ឆិការ ឆ្នាំ​២០១៦ ដល់​ខែមករា ឆ្នាំ​២០១៧​។ ការប្រកួត​នេះ​បែង​ចែកជា​៣​វគ្គ ដោយ​វគ្គ​ទី​១ ក្រុម​មកពី​ប្រទេស​វៀតណាម ឡាវ និង មី​យ៉ាន់​ម៉ា ត្រូវ​ប្រកួត​ជម្រុះ​គ្នា​សិន ហើយ​ក្រុម​ដែលមាន​ចំណាត់​ថ្នាក់​ល្អ​ត្រូវ​ឡើងទៅ​ជួប​ក្រុម​កម្ពុជា ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលជា​វគ្គ​ទី​២​។ វគ្គ​ទី​៣ ក្រុម​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវ​ឡើងទៅ​ជួប​ក្រុម​របស់​ថៃ​ដែល​អង្គុយចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​២​លើក ដើម្បី​ដណ្ដើម​ជើងឯក​។​

​ចំពោះ​កម្មវិធី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដំបូង​វិញ បន្ទាប់ពី​ក្រុម Lanexang United របស់​ឡាវ បានឈ្នះ​ក្រុម SHB Danang របស់​វៀតណាម ២​ទល់​១ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ហើយ​គូ​ទី​២ ក្រុម SHB Danang បាន​បើកទ្វា​កីឡដ្ឋាន Hang Day Stadium ក្នុង​ទីក្រុង​ហាណូយ ទទួល​ក្រុម Yadanarbon របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៣ ខែធ្នូ តែ​ស្មើគ្នា​ដោយ​លទ្ធផល ២​ទល់​២ ខណៈ​ប្រកួត​ចុងក្រោយ​ក្រុម Yadanarbon ត្រូវ​ទទួល​ក្រុម Lanexang United របស់​ឡាវ លើ​ទីលាន​កីឡដ្ឋាន Thuwunna Stadium ក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន វិញ​។

ចំណែក​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ វិញ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បឹងកេត​អង្គរ ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ខ្លាំងជាងគេ​នៅ​វគ្គ​ជម្រុះ​គឺ​ក្រុម Lanexang United​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ តែ​ជា​លទ្ធផល​បឹងកេត​អង្គរ ចាញ់​ដោយ​លទ្ធផល ៣​ទល់​០​។ ក្រុម​ដែល​ឈ្នះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ Lanexang United ត្រូវ​ឡើងទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម Buriram United របស់​ថៃ នៅ​ថ្ងៃទី​៤ ខែមករា នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ហើយ​ឈ្នះ ១​ទល់​០ និង​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ ប្តូរ​មកលេង​នៅ​ទីក្រុង​បាងកក វិញ​ម្ដង​តែ​ចាញ់​វិញ ២​ទល់​០​។​

​សរុប​ចំណាត់ថ្នាក់​ប្រចាំ​ពានរង្វាន់​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ Toyota Mekong Club Championship 2016 (TMCC) ក្រុម​ដែល​ឈ្នះ​ជើងឯក Buriram United ទទួលបាន​ពានរង្វាន់​១ អម​ដោយ​ទឹកប្រាក់​ចំនួន​៧៥,០០០​ដុល្លារ​អាមេរិក​ហើយ​ក្រុម​ជើងឯក​រង Lanexang United ទទួលបាន​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ បឹងកេត​អង្គរ របស់​កម្ពុជា ទទួលបាន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ Yandanarbon របស់​មី​យ៉ាន់​ម៉ា ទទួលបាន​ទឹកប្រាក់ ៥​ពាន់​ដុល្លារ​អាមេរិក ខណៈ​កីឡាករ Soukthavy Soundala​របស់​ឡាវ ទទួលបាន​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ (MVP) អម​ដោយ​ពានរង្វាន់​១ និង​ទឹកប្រាក់ ៣​ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114