ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​កម្ពុជា ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ល្ងាច​ថ្ងៃ​អង្គារ​

​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ក្រៅផ្លូវការ​ជាមួយ​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​លី​គ​លំដាប់​កំពូល​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១០ ខែមករា ឆ្នាំ​២០១៧ នេះ​ លើ​ទីលាន​កីឡដ្ឋាន RSN ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​៤និង​០០​នាទី​ល្ងាច​តទៅ​។​

​យោងតាម​ការជូនដំណឹង​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដែលជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​នេះ​បានឲ្យ​ដឹងថា ជំនួប​កម្ដៅ​សាច់ដុំ​នេះ​បើក​ឲ្យគាំទ្រ​ចូល​ទស្សនា​ដោយ​សេរី​ផងដែរ​។

ក្រុម​ភ្នំពេញ​ក្រោ​ន នឹង​យក​ការប្រកួត​នេះ​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី ក៏ដូចជា​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ត្រៀម​ចូលរួម​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ជាមួយ​ក្រុម Home United របស់​សិង្ហ​បុរី នៅ​ចុងខែ​មករា នេះ​ផងដែរ​។

​ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា​វិញ​ទើបតែ​ប្រមូលផ្ដុំ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមករា ឆ្នាំ​២០១៧​នេះ​ដើម្បី​ត្រៀម​ចេញទៅ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​អារ៉ាប់​ប៊ី​សា​អូឌីត ដែលជា​ប្រទេស​ក្នុង​ចក្រភព​អារ៉ាប នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ ខាងមុខ ក្នុង​ទីក្រុង Abu Shabi នៃ​ប្រទេស​អារ៉ាប​រួម​។

ការប្រកួត​នេះ​ គឺជា​ការប្រកួត​កម្ដៅ​សាច់ដុំ​របស់​កម្ពុជា មុន​ចូលរួម​ប្រកួត​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីប​អាស៊ី (2019 AFC Asian Cup UAE) និង​ការប្រកួត​សំខាន់ៗ​នានា​ក្នុង​តំបន់​ គួបផ្សំ​នឹង​ការប្រកួត​មិត្ត​ភាព​អន្តរជាតិ​នានា ​ដើម្បី​រក្សា​កម្លាំង​និង​បច្ចេកទេស​របស់​កីឡាករ​ផងដែរ​។​

​លោកគ្រូ​បង្វឹក Lee Tae Hoon ជនជាតិ​កូរ៉េខាងត្បូង នឹង​បន្ត​ដឹកនាំ​ក្រុម​កម្ពុជា ទៅ​ចូលរួម​ការប្រកួត​នេះ ខណៈ​លោក​បាន​កោះហៅ​កីឡាករ​ចំនួន​២៤​រូប ​មកពី​៦​ក្លិប​ផ្សេងគ្នា​ ក្នុង​លី​គ​កំពូល​កម្ពុជា​។

កីឡាករ​ទាំង​២៤​រូប​ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កោះហៅឲ្យ​ចូល​រួម​ក្នុង​ក្រុម​ជម្រើសជាតិ​ដើមឆ្នាំ​២០១៧ នេះ​មានដូចជា អ៊ុំ សេរី​រ័ត្ន​, ឆេង ម៉េង​, នេន សុធា​រ័ត្ន​, សឿ​យ វិសាល​, ណុប តុលា​, រស់ គង់​សំរេច​, កែវ សុខ​សិលា​, លី វ៉ា​ហេ​ទ​, អ៊ិន សូ​ដា​វីត​, ច្រឹង ពលរដ្ឋ​, ទិ​ត្យ ឌី​ណា​, សុះ ស៊ូ​ហា​ណា​, ហួយ ផល្លី​ន​, សុខ សំណាង​, សំអឿន ពិដោរ​, ឈិន ឈឿន​, រស់ សំអឿន​, សឿត បារាំង​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, ឃួ​ប ឡា​បូ​រ៉ាវី​, សារី មាត់​ណូ​រ៉ូ​ទីន​, ស៊ុន វ៉ាន់​ដេ​ត​, លី មី​ហ្សា​ន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114