ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​របស់​លោក Trump កាន់តែ​បន្ទោស​អ្នក​ខាង​ប្រជាធិបតេយ្យ ​អំពី​ការ Hack

​កាលពី​ថ្ងៃអាទិត្យ ក្រុម​រៀបចំ​ការផ្ទេរអំណាចរ​បស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump បាន​បន្ទោស​កាន់តែខ្លាំង​លើ​ការអះអាង​ដែលថា​អ្នក​ខាង​ប្រជាធិបតេយ្យ​បានអនុញ្ញាត​ឲ្យ​គណនី​អ៊ីមែល​របស់​ពួកគេ​ត្រូវបាន Hack និង​ច្រានចោល​របាយការណ៍​ចារកម្ម​មួយ​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។​

ការអត្ថាធិប្បាយ​នេះ ​ធ្វើឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​គណបក្ស​សាធារណរដ្ឋ​រូបនេះ​បាន​ជួប​ជាមួយ​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​ឈានមុខ​គេ​របស់​ប្រទេស​ដែល​បាន​ប្រាប់​គាត់​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ដឹកនាំ​ការវាយប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ទម្លាយ​ឯកសារ​ក្នុង​គោលបំណង​ជួយ ​លោក Trump ឲ្យ​ឡើងកាន់តំណែង​សេតវិមាន​។​

បើទោះបីជា​លោក Trump ទទួលយក​នូវ​លទ្ធភាព​ដែលថា​ក្រុង​មូ​ស្គូ​អាច​ចូលរួម​ក្នុងការ Hack គោលដៅ​របស់​អាមេរិក​រួមទាំង​គណៈកម្មាធិកា​រ​ថ្នាក់ជាតិ ​នៃ​គណបក្ស​ប្រជាធិបតេយ្យ (DNC) ក៏ដោយ ក៏​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ​បាន​បដិសេធ​យ៉ាង​ឆាប់រហ័ស​ទៅនឹង​ការសន្និដ្ឋាន​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ដែលថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ ហើយ​បាន​ហៅ​ការ​ចោទប្រកាន់​នេះ​ថា​ជា បញ្ហានយោបាយ​ប្រឆាំងនឹង​គាត់​។​

ជំនួយការ​ជាន់ខ្ពស់រ​ប​ស់លោក Trump គឺ​លោកស្រី Kellyanne Conway បានលើកឡើង​ម្តងទៀត​កាលពី​ថ្ងៃអាទិត្យ​ប្រាប់​ទូរទស្សន៍ CNN ថា “​ការប៉ុនប៉ង​ណាមួយ សេចក្តីប្រាថ្នា​ណាមួយ​ដើម្បី​ដាក់​ឥទ្ធិពល​លើ​ការបោះឆ្នោត​របស់​យើង ​គឺ​បាន​បរាជ័យ​”​។​

លោកស្រី​បាន​និយាយទៀតថា “​ពួកគេ​មិន​ទទួលបាន​ជោគជ័យ​ទេ​ក្នុង​ការធ្វើ​ ដូច្នេះហើយ​វា​ជា​ចំណុច​សំខាន់​ខ្លាំងណាស់​”​។ ផ្ទុយទៅវិញ​លោកស្រី​បាន​បន្ទោស​អ្នក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការអនុញ្ញាត​ឲ្យ​គណនី​របស់ខ្លួន​ត្រូវបាន​គេ Hack​។​

លោកស្រី​បន្តថា “​យើង​កំពុងនិយាយ​អំពី​រឿងនេះ​ព្រោះ​យើង​មានការ​អាម៉ាស់​ពី​ការ​លេច​ធ្លាយ​អ៊ីមែល​របស់ DNC ”​។​

លោកស្រី Conway បាន​អះអាងថា ​ការ​ចាញ់ឆ្នោត​របស់លោក​ស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​គូប្រជែង​របស់លោក Trump គឺ​ដោយសារតែ​ខ្លួន​លោកស្រី​ផ្ទាល់​៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114