ព័ត៍មានទាន់​ហេតុការណ៏
Search

លើស​ង្វៀន​បាយ័ន​បឹង​ស្នោ ៖ ធី តុង​ហ៊ី​ស្មើ​ផង់ សុភាព,​នូវ​ដា​រ៉ូ​ឈ្នះ​សំណាង សម្បត្តិ​

ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​ផង់ សុភាព​អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្តរតនគិរី ក្នុង​ការ​ជួប​គ្នា​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៨ ខែមករា​ឆ្នាំ២០១៧​នេះ។

អ្នក​ប្រដាល់​ជើងចាស់​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​ក្នុងការ​ប្រកួត​គ្នា​ប្រាំ​ទឹក​នោះ ពួកគេ​វាយ​គ្នា​ទៅវិញទៅមក​ម្តងម្នាក់ៗ ហាក់​ដូចជា​ប្រកួត​សម​ដៃ​គ្នា​យ៉ាង​អីចឹង គឺ​មិនមាន​ការ​ជក់​ចិត្ត​ដិតអារម្មណ៍​នោះ​ឡើយ ។

ចំពោះ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ គេ​បាន​ប្រកួត​ឈ្នះ​សំណាង សម្បត្តិ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ វាយ​គ្នា​គ្មាន​សំចៃ​កម្លាំង​ទេ ក្នុង​បំណង​ផ្តួល​យកឈ្នះ​រៀងៗ​ខ្លួន ។ ចាប់​តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥ គឺ​ពួកគេ​វាយ​សង្គ្រប់​ដាក់គ្នា​ជានិច្ច ប៉ុន្តែ​សំណាង សម្បត្តិ គេ​អន់​ជើង​ក្រោម​បន្ទាប់ពី​ដា​រ៉ូ​ព្យា​យាន​ទាត់​ជើង​របស់​គេ​នោះ ។

តែ​ទោះជា​យ៉ាង​នេះ​ក្តី សំណាង សម្បត្តិ មិន​ចុះចាញ់​ងាយៗ​នោះ​ឡើយ គឺ​តស៊ូ​និង​វាយប្រហារ​ទៅលើ​ដា​រ៉ូ​វិញ ធ្វើ​ឲ្យ​ដា​រ៉ូ ថិ​ត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ម្តងៗ​វិញ​ដែរ ។ ចប់​ការប្រកួត នូវ ដា​រ៉ូ ឈ្នះ​សំណាង សម្បត្តិ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។ ស្រ​ម៉ៃ សួន អ្នក​ប្រដាល់​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្តួល​អ្នក​ប្រដាល់​ជើង​ថ្មី អេង សេង​លាភ ក្លិប​បាត់ដំបង​ពាយ័ព្យ អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។ ពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។

អេង សេង​លាភ ត្រូវ​កណ្ដាប់ដៃ​របស់​ស្រ​ម៉ៃ សួន ដាល់​ចំ​មុខ បណ្ដាល​ឲ្យ​សេង​លាភ ដួល​ដេក​លើ​រេញ ទោះបីជា​អាជ្ញា​កណ្ដាល​រាប់​គេ​ដល់​ដប់​ហើយ​ក្តី ក៏​សេង​លាភ​មិន​ក្រោក​បន្ត​ការប្រកួត​ទៀត​ដែរ ។​


ចំណែក អ្នក​ប្រដាល់​ជើង​ថ្មី ប៊ី ចិន្តា ក្លិប​មហិទ្ធិឫទ្ធិ​តា​ដំបង​ដែក​វិញ គេ​បាន​ផ្តួល វុត្ថា រ៉ាវី អ្នក​ប្រដាល់​ក្លិប​អង្គរ​ធំគុន​ខ្មែរ អោ​សន្លប់​ក្នុង​ទឹក​ទី​២​ដែរ ។ វុត្ថា រ៉ាវី ចាញ់​ជង្គង់​ប៊ី ចិន្តា​ដាច់​តែម្តង ។ ក្នុង​ដើម​ទឹក​ទី​២​នោះ វុត្ថា រ៉ាវី ត្រូវ​អាជ្ញា​កណ្តាល​រាប់​៨ ដោយសារ​ត្រូវ​ជង្គង់​របស់​ចិន្តា​អុក​ចូល​ពោះ​ទឹក តែ​គេ​នៅ​បន្ត​ការប្រកួត ។​មកដល់​ចុង​ទឹក​២​ដដែល​នេះ វុត្ថា រ៉ាវី សន្លប់​ដោយសារ​ជង្គង់​ចិន្ដា​ទៀត ៕

សង្វៀន​ស្ទឹងមានជ័យ ៖ វង្ស​ណ​យ​ឈ្នះ Darnsai​ទឹក​៣ ឯ ឆាំ រ៉ែ​ម ឈ្នះ Sunti Shimuay ដោយ​ពិន្ទុ ​​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ពួកគេ​វាយ​ឈ្នះ​ថៃ​ដូចគ្នា ក្នុង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ទី​០៨ មករា ២០១៧ នេះ​។

វង្ស ណ​យ ក្នុង​ទឹក​ទី​២​រាង​យ៉ាប់​ជាមួយ​អ្នក​ប្រដាល់​ថៃ​Darnsai Petch Palapady ដោយ​ត្រូវ​អ្នក​ប្រដាល់​ថៃ​ទាត់​ត្រូវ​មួយ​ជើង​ចំ​ស្មា ដែល​ធ្វើអោយ​សន្លាក់ឆ្អឹង​ស្មា​របស់​វង្ស ណ​យ ចង់​មាន​បញ្ហា ។

​តែ​មកដល់​ទឹក​ទី​៣ វង្ស ណ​យ គេ​បាន​ចូល​វាយ​ប្តូរ​កែង​ជាមួយ Darnsai ដែល​ធ្វើអោយ​អ្នក​ប្រដាល់​ថៃ​រូបនោះ ដួលសន្លប់​ធំ​លើ​រេញ បន្ទាប់ពី​គេ​ត្រូវ​កែង​មុខ​កប៉ាល់​របស់​វង្ស ណ​យ បុក​ចូល​មុខ​របស់គេ​នោះ ។



ចំពោះ ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​មហិទ្ធិឫទ្ធិ​តា​ដំបង​ដែក បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Sunti Shimuay ដោយ​ពិន្ទុ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។ Sunti Shimuay អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ល្អ​គួរសម​ដែរ ប៉ុន្តែ គេ​វាយ​ខុស​គោលដៅ​ច្រើនពេក ទើប​បណ្តាលអោយ​ចាញ់​ឆាំ រ៉ែ​ម​នោះ ។

ឆាំ រ៉ែ​ម ជា​ជើង​ខ្លាំង​ជើងចាស់​របស់​កម្ពុជា តែ​គេ​បាន​អាក់ខាន​ការប្រកួត​ប្រមាណ​៤​ខែ​មកហើយ ដោយ​ទើបតែ​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ថៃ​លើក​នេះ​ប៉ុណ្ណោះ ។ Sunti Shimuay មិនអាច​ទប់​ការ​វាយប្រហារ​របស់​ឆាំ រ៉ែ​ម បាន​នោះទេ ។ ដោយឡែក សម្រាប់​ការប្រកួត​គូ​ពិសេស​ខ្មែរ​និង​ខ្មែរ​វិញ ថន វាសនា អ្នក​ប្រដាល់ នៃ​ក្លិប​នាគរាជ​មានជ័យ បាន​សងសឹក​សួង សុវណ្ណ​ថា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ដោយ​ពិន្ទុ ៕

សេង​ស្រឿ​ន​ក្លាយជា​ម្ចាស់​នៃ​ប្រា​ក់លាន ពានរង្វាន់​បាយ័ន​ទម្ងន់​៦០​គ​.​ក្រ​អ្នក​ប្រដាល់​ខ្មែរ​២​រូប និង អ្នក​ប្រដាល់​ថៃ​២​រូប ដែល​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​ទូរទស្សន៍​បាយ័ន ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍​ទី ០៧ មករា ២០១៧ កន្លងមកនេះ ទីបំផុត​បាន​ធ្លាក់​ទៅលើ​សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក បន្ទាប់ពី​គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ។​

ក្នុងការ​ប្រកួត​ជម្រុះ​ដំណាក់​ទី​១ ក្នុង​ការ​ប្រកួត​នេះ សេង ស្រឿ​ន ក្លិប​មហិទ្ធិឫទ្ធិ​តា​ដំបង​ដែក បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Kongphungern Petch Palapadt ដោយ​ពិន្ទុ ។​ឯ ចាន់ ប៊ុន​ហឿន​វិញ គេ​ប្រកួត​ជម្រុះ​ដំបូង គេ​វាយ​ឈ្នះ​Luckh in Panmoung ក្នុង​ទឹក​ទី​២ ។​
គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សំរាក​២​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ប៉ុណ្ណោះ ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684