ព័ត៍មានទាន់​ហេតុការណ៏
Search

បឹង​កេត​អង្គរ តែងតាំង​លោក John Mcglynn ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន ក្រោយ​ចែក​ផ្លូវ​ជាមួយ​លោក ប្រាក់ សុវណ្ណារ៉ា​

ក្រុម​បឹង​កេត​អង្គរ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានប្រកាស​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា ក្លិប​និង​លោក ប្រាក់ សុវណ្ណារ៉ា បាន​ចែក​ផ្លូវ​គ្នា​ហើយ ខណៈ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែមករា សប្ដាហ៍​នេះ​វិញ ក្លិប​បាន​ប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី​ជា​ជនជាតិ​អូស្ត្រាលី លោក John McGlynn ដែល​ធ្លាប់​ដឹកនាំ​ក្លិប​ជើងឯក​២​សម័យកាល​មួយ​នេះ​បាន​មួយ​រយៈ​អំឡុង​ចុង​ឆ្នាំ​២០១៥ កន្លងទៅ​។

ការ​វិលត្រឡប់​របស់​លោក​John McGlynn ត្រូវ​បាន​ក្លិប​ប្រកាសប្រាប់​អ្នកគាំទ្រ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុម​ថា​៖« បឹង​កេត​អង្គរ​សូម​ប្រកាស​ពី​ការតែងតាំង John McGlynn ជា​គ្រូ​បង្គោល​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃនេះ​។ គ្រូ​បង្វឹក​សញ្ជាតិ​អូស្ត្រាលី កម្រិត A License រូបនេះ​នឹង​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម​បឹង​កេត​អង្គរ ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ​ពានរង្វាន់​អន្តរជាតិ AFC Cup នា​ពេលខាងមុខ​»​។
ក្រុម​បឹងកេត​អង្គរ ក្នុងនាម​ជា​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៦ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី កំណត់ឱ្យ​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ដើម្បី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីប AFC Cup 2017​។ ការ​ជម្រុះ​នេះ​ត្រូវ​ជួប​ក្រុម Lao Toyota FC ចំនួន​២​ជើង​គឺ​ជើង​ទី​១ នៅ​ថ្ងៃទី​៣១ ខែមករា និង​ជើង​ទី​២ នៅ​ថ្ងៃទី​៧ កុម្ភៈ មុន​សម្រេច​រក​អ្នកឈ្នះ​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល F ជាមួយ​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ក្លិប Magwe របស់​មី​យ៉ាន់​ម៉ា និង​ក្លិប Global របស់​ហ្វីលីពីន​។

ដំបូង​ឡើយ​លោក John Mcglynn បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០១៤ ប៉ុន្ដែ​គ្រានោះ​មាន​តួនាទី​ត្រឹម​ជា​គ្រូ​ជំនួយ​នៅឡើយ មុន​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​បឹងកេត​អង្គរ នៅ​ដើមឆ្នាំ​២០១៥ ជា​គ្រូ​បង្គោល​។ កិច្ចសន្យា​របស់លោក​បាន​បញ្ចប់​ក្រោយ​ចប់​យុទ្ធនា​ការដឹកនាំ​ក្រុម​ក្នុង​យុទ្ធនាការ​ពាន​រង្វាន់ Hun Sen Cup 2015 ពោល​គឺ​ក្រោយ​ចាញ់​ណាហ្គា​វើ​ល ៣-០ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រោយ​មក​ទៀត​លោក​បាន​បង្ហាញមុខ​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៥ នៅ​ដើម​រដូវ​កាល​ជាមួយ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684