ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ណាហ្គា​វើ​ល ត្រូវ​ក្លិប​របស់​ម៉ាឡេស៊ី​មួយ​អញ្ជើញ​ឲ្យ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​កោះ Penang

ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល សមាជិក​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា (MCL) ត្រូវ​បាន​ក្លិប​បាល់ទាត់ Pepang FA សមាជិក​លីក​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) អ​ញ្ជើញ​ឱ្យធ្វើ​ដំណើរ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ទឹកដី​របស់ខ្លួន ក្នុង​ថ្ងៃ​សុក្រ ទី​១៣ ខែមករា ឆ្នាំ​២០១៦ សប្ដាហ៍​នេះ​។

យោងតាម​ប្រភព​មកពី​ក្លិប​ណាហ្គា​វើ​ល បានឱ្យដឹងថា ​ការប្រកួត​នៅលើ​កីឡដ្ឋាន City Stadium លើ​កោះ Penang ប្រទេស​ម៉ាឡេស៊ី ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​ប្រមាណ​១​ម៉ឺន​នាក់ ត្រូវ​ចាប់ផ្ដើម​ពី​ម៉ោង​៩​យប់ (​ម៉ោង​៨​យប់​នៅ​កម្ពុជា​) ក្នុង​ថ្ងៃ​សុក្រ នេះ​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល នឹង​ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី១១ ខែមករា ឆ្នាំ២០១៧ ដោយ​អវត្តមាន​កីឡាករ​សំខាន់ៗ​៣​រូប​រួមមាន ឆេង ម៉េង សុះ ស៊ូ​ហា​ណា និង សារី ម៉ា​ណូ​រ៉ូ​ទីន ព្រោះ​ពួកគេ​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​អារ៉ាប់​ប៊ី​សា​អូឌីត នៅ​ថ្ងៃ១៤ ខែមករា ខាងមុខនេះ​។

ក្រុម Penang FA បានបញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៦ របស់​ខ្លួន​ត្រឹម​ចំណាត់ថ្នាក់​លេខ ១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​៥​លើក ស្មើ ៧​លើក​និង​ចាញ់​១០​លើក​មាន​២២ ពិន្ទុ​។ ក្រុម​នេះ​មាន​រហស្សនាម​ថា Harimau Kumbang (​ខ្លាដំបង​ខ្មៅ​) មាន​មូលដ្ឋាន​នៅក្នុង​កោះ Penang ដែលមាន​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ​ពី​ទីក្រុង​កូ​ឡា​ឡំ​ពួរ ក្រោម​ការដឹកនាំ​របស់​លោក Ashley Westwood ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​Manchester United ក្នុងប្រទេស​អង់គ្លេស​ចន្លោះ​ឆ្នាំ ១៩៩៤-១៩៩៥​។

ចំពោះ​ក្រុម​ណាហ្គា​វើ​ល នេះ​ជា​ឆ្នាំ​ទី​៣ ហើយ​ដែល​លោក មាស ចាន់ណា ដឹកនាំ​ក្រុម ខណៈ​ក្រុម​មួយ​នេះ​បាន​ខកចិត្ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​២​លើក​កាលពី​ឆ្នាំ ២០១៥ កន្លង​ទៅដោយ​ចាញ់​ស្វាយរៀង​អែ​ហ្វ​ស៊ី (​ស្វាយរៀង​ព្រះខ័ន​រាជ​) ដោយ​លទ្ធផល ២​ទល់​១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​ហ៊ុនសែន (Hun Sen Cup)​ហើយ​លើក​ទី​២ របូត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​២០១៥ ពី​ដៃ​ក្រោយ​ចាញ់​ភ្នំពេញ​ក្រោ​ន ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី​។ ប៉ុន្តែ​ចូលឆ្នាំ​២០១៦ នេះ​ណាហ្គា​វើ​ល បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ខណៈ​កៅអី​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា វិញ​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ប្រកួត​បាន​១៨​លើក ឈ្នះ​១០​លើក ស្មើ​៥​លើក និង​ចាញ់​៣​លើក មាន​៣៥​ពិន្ទុ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114