ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកគាំទ្រ​ក្រុម Real Madrid និង Liverpool នៅ​កម្ពុជា ប្រកួត​បាល់ទាត់​មិត្តភាព​ស្វែងរក​ប្រាក់​បាន​ជាង​៦០០ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា

ក្រុម​អ្នកគាំទ្រ​ក្លិប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប គឺ​អ្នកគាំទ្រ​ក្រុម Real Madrid នៅ​កម្ពុជា និង​អ្នកគាំទ្រ​ក្រុម Liverpool នៅ​កម្ពុជា បាន​ណាត់គ្នា​ប្រកួត​បាល់ទាត់​មិត្តភាព​ដើម្បី​ស្វែងរក​ប្រាក់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃអាទិត្យ ទី​៨​ខែមករា ឆ្នាំ​២០១៧ ចុង​សប្ដាហ៍​កន្លងទៅនេះ​។

យោង​តាម​ការ​ឲ្យ​ដឹង​ ពី​អ្នក​រៀបចំ​ការប្រកួត​បា​ន​លើក​ឡើង​ថា ​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន (​ក្នុង​រាជធានី​ភ្នំពេញ​) បាន​បើក​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​អាច​ចូល​រួម​បាន​ដោយ​សេរី​។ ជា​លទ្ធផល​នៃ​ការប្រមូល​មូលនិធិ​តាមរយៈ​ធុង​សប្ប​រសធម៌​ដែល​ក្រុមការងារ​អ្នករៀបចំ​ដាក់​នៅក្បែរ​កីឡដ្ឋាន រកបាន​ទឹកប្រាក់​សរុប​៦៦០ដុល្លារ។ សម្រាប់​លទ្ធផល​នៅក្នុង​ការប្រកួត​នេះដែរ បានបញ្ចប់​ទៅដោយ​ក្រុម​ទាំង​២​ប្រកួត​ស្មើគ្នា ៥​ទល់​៥​។

ប្រភព​បន្ថែម​ថា ​ទឹកប្រាក់​ដែល​បានមកពី​ការ​រ៉ៃ​អង្គាស​ពី​សំណាក់​កីឡាករ​ក្រុម​ទាំងសងខាង និង​អ្នកគាំទ្រ​ជួយ​បរិច្ចាគ អ្នកតំណាង​ក្រុម​ទាំង​២​គ្រោង​នឹង​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ ខែមករា ចុង​សប្ដាហ៍​នេះ​ផងដែរ​។

កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ក៏​មាន​ការប្រកួត​បែប​មនុស្សធម៌​បែបនេះ​ដែរ ដោយ​កាលនោះ​ក្រុម​អ្នកគាំទ្រ Real Madrid នៅ​កម្ពុជា លេង​ជាមួយ​ក្រុម​អ្នកគាំទ្រ Manchester United នៅ​កម្ពុជា ក្នុង​គោលដៅ​រក​ប្រាក់​ជួន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដូចគ្នា​។ គោលបំណង​នៃ​ការប្រកួត​នេះ​ គឺ​ធ្វើ​ឡើង​ចេញពី​ចិត្ត​របស់​អ្នក​ស្រលាញ់​បាល់ទាត់​នៅ​កម្ពុជា ហើយក៏​មានបំណង​ចង់​ចូល​រួម​ចំណែក​ជួយ​សង្គម​តាមរយៈ​ការ​លេង​បាល់ទាត់​ផង​ដែរ​។ នេះ​ជា​កម្លាំង​សាមគ្គី​មួយ​របស់​យុវជន​នៅ​កម្ពុជា ក្នុងការ​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌​តាមរយៈ​បាល់ទាត់។

​ប្រសិនបើ​មិត្ត​អ្នកអាន​មិនបាន​ទៅ​ចូលរួម ឬ នៅតាម​បណ្តា​ខេត្ត​ឆ្ងាយៗ មានចិត្ត​ចង់​ចូលរួម​ជួយ​ក្នុងការ​ប្រមូលប្រាក់​ជូន​គន្ធបុប្ផា​តាមរយៈ​ការប្រកួត​បាល់ទាត់​នេះ អាច​ទំនាក់ទំនង​អ្នករៀបចំ​កម្មវិធី​បាន​តាម​លេខ​ទូរ​សព្ទ​098755442 ឬ 0967956834 និង​016 743 843៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114