ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ ពល​ការិនី​ខ្មែរ​ចំនួន​២៩​នាក់ ​ជួប​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍នៅ​ច័ន្ទ​បុរី​ប្រទេស​ថៃ

ភ្នំពេញ ​៖ ពលករ ពល​ការិនី​ខ្មែរ​ចំនួន​២៩​នាក់ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ បាន​ជួប​គ្រោះថ្នាក់​ចរាចរ នៅ​ច័ន្ទ​បុរី ប្រទេស​ថៃ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ចំនួន​៣​នាក់ របួសធ្ងន់ និង​កំពុង​សង្គ្រោះបន្ទាន់​ចំនួន​៤​នាក់ របួស​មធ្យម​ចំនួន​៤​នាក់ ហើយ​១៨​នាក់​ផ្សេងទៀត​របួសស្រាល នេះ បើ​តាម​ការ​បញ្ជាក់​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

លោក ជុំ សុន្ទរី ទើបបាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ ថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថ​យន្ត​ដឹក​ពលករ​ខ្មែរ​ចំនួន​២៩​នាក់ និង​រថយន្ត​កង់​១០ នៅ​ខេត្ត​ច័ន្ទ​បុរី កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​រាយការណ៍​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថា ពលករ​ដែល​បាន​បាត់បង់​ជីវិត​មាន​ចំនួន​៣​នាក់ គឺ​ទី​១- តេង ឆា​លី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មកពី​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប សព​ត្រូវ​បាន​បញ្ជូនមក​កម្ពុជា​វិញ​ហើយ ទី​២- មុច សាម៉ុន ភេទ​ស្រី អាយុ ៣៥​ឆ្នាំ មកពី​ស្រុក​ពាម​ជរ ខេត្តព្រៃវែង ក្រុមគ្រួសារ​កំពុង​ទាក់ទង​យក​សព​មក​កម្ពុជា​វិញ ទី​៣- វ៉ាន់ ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មកពី​ស្រុក​កំរៀង ខេត្តបាត់ដំបង ក្រុមគ្រួសារ​កំពុង សម្រួល​ឯកសារ​យកស​ពម​កក​ម្ពុ​ជា​វិញ​។

តាម​លោក ជុំ សុន្ទរី ក្រោយ​កិច្ច​អន្តរាគមន៍​របស់​ស្ថាន​អគ្គ​កុងស៊ុល ថៅកែ​ថៃ​យល់ព្រម​ជួយឧបត្ថម្ភ​ប្រាក់​ដល់​គ្រួសារ​សព ក្នុង​មួយ​គ្រួសារ​ចំនួន​២២.០០០​បាត និង​ម្ចាស់​រថយន្ត​កង់​១០ ឧបត្ថម្ភ​ចំនួន​៣០.០០០​បាត​សរុប ៥២.០០០​បាត​។

ក្នុង​នោះ​ពលករ​របួសធ្ងន់ កំពុង​សង្គ្រោះ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មាន​ចំនួន​៤​នាក់ ទី​១- នៅ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ខណ្ឌ​មានជ័យ ភ្នំពេញ ទី​២- វុត្ថា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស្រុក​ត្បែង ខេត្តព្រះវិហារ ទី​៣ – នុ​ល ពីង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង ទី​៤- សិ ថេ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្រុក​ឈូក ខេត្តកំពត​។ ចំពោះ​បញ្ហា​នេះ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​រៀបចំ​ឯកសារ និង​ត្រៀម​ជូន​ដំណើរ​ក្រុមគ្រួសារ​អ្នករបួសធ្ងន់​ទៅ​មន្ទីរពេទ្យ​។​
​ពលករ​ចំនួន​៤​នាក់​ទៀត​របួស​មធ្យម ហើយ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រួមមាន ទី​១- រស់ ចាន់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្រុក​កំចាយមារ ខេត្តព្រៃវែង រងរបួស​បាក់ជើង ទី​២- ឌុល ឆាយ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ស្រុក​ពាម​ជរ ខេត្តព្រៃវែង របួស​ក្បាល និង​បាក់ជើង (​ស្វាមី​សព​ឈ្មោះ មុច សាម៉ុន​) ទី​៣- ឌុល ស្រី​កា អាយុ ៩​ឆ្នាំ របួស​បាក់ជើង ជា​កូនស្រី ឌុល ឆាយ និង​មុច សាម៉ុន ទី​៤- ចាន់ នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្រុក​ឈូក ខេត្តកំពត ។ ចំពោះ​ពលករ​ដ៏ទៃទៀត រងរបួស​ស្រាល បាន​ចេញពី​មន្ទីរពេទ្យ និង​ត្រូវបាន​ថៅកែ​ថៃ​ទទួល​ទៅធ្វើ​ការ​វិញ​ហើយ​។ ពលករ​ទាំង​២៩​នាក់ ត្រូវបាន​ថៅកែ​ថៃ ឈ្មោះ ឆី​ម វិឆ័យ អាយុ​៥២​ឆ្នាំ ជួល​មក​បេះ​ផ្លែ​មៀន​។ ដោយសារ​ពួកគាត់​ពុំមាន Work permit ដូច្នេះ​ពុំមាន​សិទ្ធិ​ទទួលបាន​ធានារ៉ាប់រង​ការងារ​ណាមួយ​ឡើយ​។

លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ដែរ​ថា ស្ថាន​អគ្គ​កុងស៊ុល ក៏បាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ក្រុមគ្រួសារ​សព និង​អ្នក​រងរបួស និង​បាន​សំណូមពរ​ថៅកែ​ថៃ​ជួយ​ចេញ​ថ្ងៃ​ព្យាបាល​ដល់​ពលករ​រងរ​បួស​ទាំងអស់​ផងដែរ​។ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ថៅកែ​ថៃ រក​មេធាវី​ការពារ​ក្តី នៅ​តុលាការ​នាពេលខាងមុខ ដើម្បី​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ជូន​ពលករ​បាត់​បង់ជីវិត និង​រងរបួស​។​

សូម​បញ្ជាក់​ថា តាម​របាយការណ៍​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩ និង​៣៥ នាទី​យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅត្រង់ចំណុច​ភូមិ ណឺ​ន​ថង ឃុំ​តា​មូល ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ រវាង​រថយន្ត​ប្រភេទ​ដឹកទំនិញ​កង់​១០ ជាមួយ​នឹង​រថយន្ត​នីសា​ន់ ដែល​ដឹក​កម្មករ​ខ្មែរ​ចេញពី​ចម្ការ​បេះ​ផ្លែ​មៀន ឆ្ពោះទៅកាន់​ទីតាំង​ស្នាក់នៅ ហើយ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ក្រុម​តម្រួត​ចរាចរណ៍​របស់​ថៃ បានចេញ​ប្រតិបត្តិការ​ដើម្បី​ត្រួតពិនិត្យ​ត្រង់​ចំណុច​ទីតាំង​កើតហេតុ គឺ​បាន​សង្កេតឃើញ​ថា មាន​កម្មករ​ម្នាក់​ត្រូវបាន​កៀប​ជាប់​នៅក្នុង​រថយន្ត និង​មាន​ពីរ​នាក់​ទៀត​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ព្រមទាំង​មាន​អ្នករងរបួស​ធ្ងន់ ស្រាល នៅ​រាយប៉ាយ​ពេញ​ផ្លូវ​។

ភ្លាមៗ​នោះ​ដែរ ក៏​មាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​នានា បាន​ចេញ​មក​ជួយ​ដឹក​ជនរងគ្រោះ​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ សយ​ដាវ មន្ទីរពេទ្យ ពោង​ណាំ​រ៉​ន និង​មន្ទីរពេទ្យ​ប្រាក់​ប៉ុក​ខ្លៅ ដើម្បី​ធ្វើការ​សង្គ្រោះ​បឋម​សិន​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114