ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ជំនាញ​ កោះហៅ​អ្នក​បង្ហោះ​រូបភាព​កាត់ត​របស់​ព្រះមហាក្សត្រ ព្រះមហាវីរក្សត្រ និង​សម្តេចម៉ែ មក​សាកសួរ​ដើម្បី​កំណត់​មុខសញ្ញា

ភ្នំពេញ​ ៖ កាលពី​ថ្មីៗ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​កោះហៅ​អ្នក​បង្ហោះ​រូបភាព​កាត់ត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះមហាវីរក្សត្រ និង​ព្រះ​បរម​រតន​កោដ្ឋ ព្រមទាំង​សម្តេច​ម៉ែ មក​សាកសួរ ដើម្បី​កំណត់​មុខសញ្ញា​រក​អ្នកប្រព្រឹត្តិ​ជាក់ស្តែង នេះ​បើតាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​។

ប្រភព​នោះ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​រូបភាព​កាត់ត​ព្រះ​ឆាយា​ល័​ក្ខ​ប្រមាថ​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះមហា​ក្សត្រិយ៍ លើ​បណ្តាញ​សង្គម​នោះ គឺ​ត្រូវបាន​កម្លាំង​ជំនាញ​បាន​កោះហៅ​មក​សាកសួរ ដើម្បី​ឈាន​ទៅដល់​ការរក​ប្រភពដើម​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​សាកសួរ​អ្នក​បង្ហោះ​រូបភាព​កាត់ត​នោះថា​ បាន​យក​បន្ត​ពី​គេ ហើយ​ធ្វើ​ដោយ​អ​ចេតនា ហើយ​ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផង​ដែរ ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​ដែល​ផ្តើមធ្វើ​ការ​កាត់ត​រូបភាព​និង​បង្ហោះ​រូបភាព​កាត់ត​ទាំងនោះ ហើយ​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​កំពុងតែបន្ត​ការស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់ ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​គ្រប់គ្រាន់​។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​បង្ហោះ​រូបភាព​កាត់ត​នេះ គឺ​នៅក្រៅ​ប្រទេស ហើយ​ការរក​ប្រភព​នៅ​ខាងក្រៅ គឺ​វា​ទាក់ទង​បញ្ហា​ពីរ គឺ​ទីមួយ នៅ​ខាងក្រៅ​ប្រទេស​ទាល់តែ​មាន​ដីកា និង​ឯកសារ​ផ្សេងៗ ទើបបាន​ខាង​ប្រទេស​គេ​សហការ​ជាមួយ និង​ទី​ពីរ មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​កំណត់​ឲ្យ​ចេញ​អត្តសញ្ញាណ និង​កំណត់​មនុស្ស​។ ជាមួយគ្នា​នោះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ការពារ​ព្រះមហាក្សត្រ និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ប្តឹង​នូវអ្វី ដែល​ប្រមាថ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ និង​សហការ​ទប់ស្កាត់​នៅ​រាល់​អំពើ​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​។​

ទាក់ទង​បញ្ហា​នេះ កម្ពុ​ជាថ្មី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បានទេ កាលពី​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ ប៉ុន្តែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពាក់ព័ន្ធ​ករណី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​កាត់ត​រូប​ព្រះ​ឆាយា​ល័​ក្ខ​ព្រះមហាក្សត្រ​នេះ សមត្ថកិច្ច​នាយកដ្ឋាន​ជំនាញ​កំពុង​ស៊ើបអង្កេត ដើម្បី​ស្វែងរក​អ្នក​បង្ហោះ​រូប​កាត់ត​នោះ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

សូម​បញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​កាត់ត​រូប​ព្រះ​ឆាយា​ល័​ក្ខ និង​បាន​សរសេរ​ប្រមាថ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺមាន​ឈ្មោះ សុខា​រី សុខា​រី ហើយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ អាច​នៅក្នុង​ប្រទេស​ថៃ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114