ព័ត៍មានទាន់​ហេតុការណ៏
Search

តាក់ស៊ី​អន្លង់វែង ​សៀមរាប​ បុក​លុច​ស៊ី​ស​លាន់​ដូច​រន្ទះ ​បណ្តាល​ឲ្យ​របួសធ្ងន់​ធ្ងន់​ស្រាល​៨​នាក់​

សៀមរាប ​៖ ​រថយន្ត​តាក់ស៊ី​អន្លង់វែង​សៀមរាប ​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ​នៅ​ចំណុច​ផ្លូវ​កោង​មិន​ប្រុងប្រយ័ត្ន ​យក​ចង្កូត​មកវិញ​មិនទាន់​ ជ្រុល​ទៅបុក​ចំ​ពីមុខ​រថយន្ត​លុច​ស៊ី​សដឹក​ភ្ញៀវ ថៃ​២នាក់​ម្តាយ​និង​កូន​ពេញទំហឹង​ បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ទាំងសងខាង​ចំនួន​៨​នាក់ ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ​ពី​ត្បូង​ទៅ​ជើង​ នៅ​ក្នុង​ស្រុក​បន្ទាយស្រី។

ហេតុ​ការណ៍​នេះ​ បានកើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ​ថ្ងៃ​ទី​៩​ ខែមករា ​ឆ្នាំ​២០១៧​ស្ថិត​នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ ៦៧ ក្នុង​ភូមិ​ទួល​គ្រោះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បន្ទាយស្រី​ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៩ ​ខែមករា ​ឆ្នាំ២០១៧ថា មុន​កើតហេតុ​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​រថយន្ត​កាមរី​ ស៊េរី​ឆ្នាំ​៩៣​ រត់​តាក់ស៊ី​ពី​អន្លង់វែង​ទៅ​សៀមរាប​បុក​ជាមួយ​រថយន្ត លុច ស៊ី​ស R៣០០ ពណ៌​ស ដឹក​ភ្ញៀវ​ថៃ ២​នាក់ ម្តាយ​និង​កូនស្រី បណ្តាល​ឲ្យ​របួស​រណូករណែល​ពេញ​លើ​ដង​ផ្លូវ​។

ប្រភព​បាន​បន្ត​ថា ​បន្ទា​ប់​ពី​មាន​សេចក្តី​រាយ​ការណ៍​មក​អធិការ​ស្រុក​បន្ទាយស្រី​ភ្លាម​ កម្លាំង​ជំនាញ​របស់​សណ្តាប់ធ្នាប់​ចរាចរ​ណ៍ស្រុក​ក៏បាន​ចុះទៅ​ដល់​ទី​តាំង​កើតហេតុ​ផង​ដែរ​ រួច​ក៏បាន​ធ្វើការ​វាស់វែង​ដើម្បី​យក​រថយន្ត​ទាំង​២​គ្រឿង​ចេញ​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវ​។

ប្រភព​បាន​បន្ត​ថា អ្នកបើកបរ​រថយន្ត​តាក់ស៊ី មានឈ្មោះ ឡូញ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ​មុខរបរ​តាក់ស៊ី ពី​អន្លង់វែង ទៅ​សៀមរាប​ដឹក​ភ្ញៀវ​ចំនួន​៤​នាក់​ចេញពី​អន្លង់វែង​មក​សៀមរាប ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ រថយន្ត​ម៉ាក​កាមរី ​ស៊េរី​ឆ្នាំ​៩៣​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​កណ្តាល​2A-0253(បាក់ជើង​ទាំងសងខាង​) ចំណែក​អ្នក​រួមដំណើរ ក្មេង ចាស់ ទាំង​៤​នាក់ ទៀត មាន ទី​១/​ឈ្មោះ​ទិត្យ​មុន្នី ​ភេទ​ស្រី ​អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយដង្គំ​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​របួសធ្ងន់​) ទី​២/​ឈ្មោះ ស៊ីន ឧ​ត្ត​ម វឌ្ឍនៈ ភេទ​ប្រុស អាយុ​២​ឆ្នាំ ត្រូវជា​ចៅ របស់ ទិ​ត្យ មុន្នី (​របួសធ្ងន់​) ទី​៣/​ស្រី ចន្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​អន្លង់វែង (​របួសធ្ងន់​) ទី​៤/​ឈ្មោះ ស្រី ចន្ទី ភេទ​ប្រុស អាយុ៣១ឆ្នាំ ត្រូវជា​ប្អូន​បង្កើត ឈ្មោះ ស្រី ចន្ថា រស់នៅ​ស្រុក​អន្លង់វែង (​របួសធ្ងន់​)​។

ក្រោយពេល​កើតហេតុ អ្នក​រត់​ឡាន​តាក់ស៊ី ផ្សេងទៀត បាន​មក​ដឹក​យក​តៃកុង​តាក់ស៊ី ដែល​ដឹក​ភ្ញៀវ ចេញពី​អន្លង់វែង មក​សៀមរាប ដែល​ត្រូវរបួស​បាក់ជើង​(​ធ្ងន់​)​នោះ ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯកជន ក្នុង​ខេត្តសៀមរាប។

រីឯ​អ្នក​បើករថយន្ត លុច ស៊ី​ស RX300 មានឈ្មោះ ដូ ចេង ហុង ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ មានមុខ​របរ​ដឹក​ភ្ញៀវ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ពី​ត្បូង ទៅ​ជើង ចេញពី​ទី​រួម​ខេត្ត​សៀមរាប ទៅ​អន្លង់វែង បើក​រថយន្ត​ម៉ាក លុច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-0793 (​បាក់​ស្មង ជើង​ស្តាំ​)​ធ្ងន់​) អ្នក​រួម​ដំណើរ ២​នាក់​ម្តាយ​និង​កូនស្រី មានឈ្មោះ (​ម្តាយ​) PAPA ISARA អាយុ​៤១​ឆ្នាំ និង​កូនស្រី ឈ្មោះ SARAH BEIH អាយុ​៨​ឆ្នាំ​(​របួសស្រាល​) ដើម្បី​ធ្វើដំណើរ​ចូល​ទៅ​ប្រទេស​ថៃ​វិញ តាម​ច្រកទ្វារ ជាំ ច្រ​ង៉ាំ។

ក្រោយពេល​កើតហេតុ ត្រូវបាន​សមត្ថកិច្ច ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ឯកជន ចំនួន​២​គ្រឿង ដើម្បី​ដឹក​យក​ទៅ​សង្គ្រោះ មកដល់​វេលា​ម៉ោង​ប្រមាណ ៦ ល្ងាច​ថ្ងៃ​ទី​០៩​ខែមករា​ ឆ្នាំ​២០១៧ ជនរងគ្រោះ​ចំនួន​៨​នាក់​ទាំង​តៃកុង ត្រូវ​បាន​ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ​បាន​ទាន់​ពេលវេលា រួច​ផុតពី​សេចក្តីស្លាប់​អស់ហើយ​។

ចំណែក​រថយន្ត ត្រូវបាន​ខូចខាត ទាំងសងខាង​។ បច្ចុប្បន្ន រថយន្ត​តាក់ស៊ី​បង្ក និង​រថយន្ត លុច​ស៊ី​ស RX300 ត្រូវ​បាន​កម្លាំង​អូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114