ព័ត៍មានទាន់​ហេតុការណ៏
Search

តំណាង​ក្រុម​ហ៊ុនស្រា​បៀ​ភ្នំពេញ ត្រូវ​ជាប់ពន្ធនាគារ​៣​ឆ្នាំ​ដដែល ករណី​កិបកេង​ប្រាក់​ជិត​៧​ដុល្លារ​អាមេរិក

​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​សម្រេច​កាល​ពី​រសៀល​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ តម្កល់​សាលក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ទុក​ជា​បាន​ការ​ដដែល ពោល​គឺ ផ្តន្ទាទោស​បុរស​ម្នាក់​ជា​តំណាង​ក្រុម​ហ៊ុនស្រា​បៀ​ភ្នំពេញ ដាក់​ពន្ធនាគារ​៣​ឆ្នាំ ដដែល ពី​បទ​រំលោភ​លើ​ទំនុកចិត្ត និង ក្លែងបន្លំ​ឯកសារ ដើម្បី​កិបកេង​ប្រាក់​ក្រុមហ៊ុន​ចំនួន​ជិត​៧​ម៉ឺន​ដុល្លារ​អាមេរិក។

លោក ញូ​ង ធុល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បញ្ជាក់ថា ជនជាប់ចោទ​មានឈ្មោះ ម៉ិ​ញ វិសុទ្ធ អាយុ​៤៥​ឆ្នាំ។ តាម​អង្គហេតុ​គឺ ជនជាប់ចោទ​ឈ្មោះ ម៉ិ​ញ វិសុទ្ធ បាន​ចូល​បម្រើការ​នៅ​ក្រុមហ៊ុន​ផលិត​ស្រាបៀ​ភ្នំពេញ ហើយ​ក្រុមហ៊ុន​បាន​ឲ្យ​តួនាទី​ជា​ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​នៅ​ខេត្តតាកែវ កំពត និង​ខេត្តកំពង់ស្ពឺ។

ក្នុងអំឡុងពេល​គ្រប់គ្រង​ការចែក​ចាយ​ស្រា​បៀរ​តាម​ដេប៉ូ​ដល់​បណ្តា​ខេត្ត​ទាំង​បី​នោះ​ធ្វើ​ឲ្យ​បាត់​លុយ​ពី​ការ​លក់​ស្រា​បៀ​ជា​បន្តបន្ទាប់។

អង្គហេតុ​បង្ហាញ​បន្ត​ថា ដោយមាន​ការសង្ស័យ​ក្រុមហ៊ុន​បាន​ធ្វើ​សវនកម្ម​ហើយ​រក​ឃើញ​ថា លុយ​ដែល​បាត់​មាន​ចំនួន ៦៩៨៣៧ ដុល្លារ​ ហើយក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​តែម្តង។

ជនជាប់ចោទ​បាន​ឆ្លើយ​ក្នុង​សវនាការ​ថា​ ខ្លួន​បាន​ចូល​បម្រើការ​ក្នុង​ក្រុមហ៊ុនស្រា​បៀ​ភ្នំពេញ​នៅ​អំឡុង​ឆ្នាំ២០១១​។ ចំពោះ​ការចែក​ចាយ​ស្រា​បៀរ​ដាក់​តាម​ដេប៉ូ​នោះ​ ត្រូវ​បាន​អតិថិជន​មិន​ព្រម​សង​លុយ​។ លុយ​ដែល​បាត់បង់​នោះ​ ដោយសារ​អតិថិជន​មិន​បង់​ឲ្យ​។ ប៉ុន្តែ​បាន​ធ្វើ​របាយការណ៍​ផ្ញើ​ទៅ​ក្រុមហ៊ុន​ប្រចាំខែ​ដែរ​។ ខ្លួន​ទទួលស្គាល់​លុយ​បាត់បង់​តែ​ជាង ២ ម៉ឺន​ដុល្លារ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114