ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ខ្លួន​ជនសង្ស័យ​០៩​នាក់​ ទៅ​តុលាការ​ពី​បទ​ជួញដូរ​ និង ​សេព​គ្រឿងញៀន

ព្រះវិហារ ៖ នគរបាល​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្តព្រះវិហារ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក មាឃ សំ​អូន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់​ ជា​មុខសញ្ញា​ជួញដូរ​ និង ​សេព​គ្រឿងញៀន​យ៉ាងសកម្ម​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៦ ​ខែមករា ​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់​ នៅ​តាម​ទីតាំង​ចំនួន​០៣​កន្លែង​ផ្សេងគ្នា​ ក្នុង​ថ្ងៃ​តែមួយ​នៅ​ក្នុង​ទី​រួម​ខេត្តព្រះវិហារ។

ស្នងការ​រង​នគរបាល​ខេត្តព្រះវិហារ​ទទួលបន្ទុក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​លោក​វរសេនីយ៍​ឯក មាឃ សំ​អូន​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​នោះ​ដកហូត​វត្ថុតាង​បាន​នូវ​ថ្នាំញៀន​ម្សៅ​ ពណ៌​ស​ថ្លា​៧​កញ្ចប់ ទម្ងន់​២,២៥ ម៉ូតូ​ម៉ាក​អាយ​ខុន​ចំនួន​១​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​១០​គ្រឿង និង​សម្ភារៈ​ជក់​គ្រឿងញៀន ​មួយ​ចំនួន​ទៀត​។

លោក​ស្នងការ​រង​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៩​នាក់​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​រួមមាន ទី​១- ឈ្មោះ ឡុ​ន ច​ន្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ រស់នៅ​ខេត្តព្រៃវែង ទី​២- ធូ ស៊ីនួន ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ រស់នៅ​ខេត្តបាត់ដំបង​។ ទី​៣- នី​តារា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ រស់នៅ​ខេត្ត​ព្រៃវែង ឆ្នាំ​ទី​៤- ភិ​ច ទូច ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ រស់នៅ​ខេត្តកំពង់ចាម​។ ទី​៥- អេ​ន វណ្ណ​ណេ​ត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ រស់នៅ​ខេត្តព្រៃវែង និង​ទី​៦- ណែម តុលា អាយុ​១៨​ឆ្នាំ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ រស់នៅ​ខេត្តព្រៃវែង​។

លោក​មានប្រសាសន៍​ថា ជ​ន​សង្ស័យ ទី​៧- រ៉​ន ស៊ីម៉ាក់​ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្តព្រៃវែង មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ទី​៨- ផាន់ រាជ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជា​មុខសញ្ញា​ប្រើប្រាស់ រស់នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ​និង​ទី​៩- ដាំ ឌី​ណា ភេទ​ប្រុស ​អាយុ៣៦ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ។

លោក​ថ្លែង​ថា ជនសង្ស័យ​ទាំង​០៩​នាក់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​និង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ កាលពី​ព្រឹក​ថ្ងៃទី​០៨​ ខែមករា ​ឆ្នាំ​២០១៧ ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់។​

ប្រជាជន​និយាយ​ថា ​សកម្មភាព​ជួញដូរ​និង​សេព​គ្រឿងញៀន​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​មាន​សកម្មភាព​កើន​ឡើង​ខ្លាំង​ ស្រប​ពេលនេះ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​បាន​និងកំពុង​ជាប់រវល់​មមាញឹក​ឃ្លាំមើល​តែ​ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​តែមួយ​មុខ​ប៉ុណ្ណោះ​។

បញ្ហា​អវិជ្ជមាន​នេះ​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ជនល្មើស​ឆ្លៀតឱកាស​ជួញដូរ​និង​សេព​គ្រឿងញៀន​កាន់តែ​រីក​ដុះដាល​ឡើង​ ហើយ​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខ​សុវត្ថិភាព​ប្រជាជន​រស់នៅ​ទូទាំង​ខេត្តព្រះវិហារ​តែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114