ព័ត៍មានទាន់​ហេតុការណ៏
Search

វិទ្យាស្ថាន​ខុង​ជឺ ប្រចាំ​វិទ្យាល័យ​ក្រុងព្រះសីហនុ រៀបចំ​ពិធី​រំលឹក​បុណ្យ​បបរ​រដូវរងា​(​ឡា​ប៉ា​ជេ​)

​ព្រះសីហនុ ៖ នៅ​ថ្នាក់រៀន​ភាសា​ចិន​របស់​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រចាំ​វិទ្យាល័យ​ក្រុងព្រះសីហនុ​ បាន​រៀបចំ​រំលឹក​បុណ្យ​បបរ​រដូវរងា​(​ឡា​ប៉ា​ជេ​)​ទៅដល់​សិក្ខាកាម​ភាសា​ចិន​ បាន​ស្វែងយល់​ពី​រឿងនិទាន​នៃ​វប្បធម៌​ចិន​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

លោក ម៉ាន់ និវត្តន៍ អ្នកទទួលខុសត្រូវ​សា​ខា​វិទ្យាស្ថាន​ ប្រចាំ​វិទ្យាល័យ​ក្រុងព្រះសីហនុ​បាន​បញ្ជាក់​ថា ពិធីបុណ្យ​បបរ​រដូវរងា​នេះ​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​៨ ខែ​១២ (​រាប់​តាម​ចន្ទគតិ​) ដើម្បី​រំលឹក​ដល់​ស្វាមីភរិយា​មួយ​គូ​ដែល​បាន​ទទួល​មរណភាព​ នា​ថ្ងៃនោះ​ដោយសារតែ​ភាព​ខ្ជិល​ច្រអូស​របស់ខ្លួន​។

រឿន​នោះ​បាន​ដំណាល​ពី​កូនប្រុស​ម្នាក់​ ដែល​រស់នៅក្នុង​គ្រួសារ​ស្តុកស្តម្ភ​មួយ តែ​ដោយ​ខ្លួន​គ្មាន​ចំណេះ មិន​ឧស្សាហ៍​ព្យាយាម​និង​មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកជិតខាង ​និង​ សង្គម​ដែល​ខ្លួន​រស់នៅ ហើយ​រំពឹង​ទៅលើ​តែ​មាតាបិតា​របស់ខ្លួន​ចិញ្ចឹម​ខ្លួន​។ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​មួយរូប​ ដែល​មាន​លក្ខណៈសម្បត្តិ​ដូច​ខ្លួន​បេះបិទ ទើប​អ្នក​ទាំងពីរ​មិន​រវល់​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឡើយ​។ ថ្ងៃមួយ មាតាបិតា​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​លាចាក​លោក​ទៅ ទើប​ប្តី​ប្រពន្ធ​នេះ​ភ្ញាក់ខ្លួន យល់​ពី​តម្លៃ​នៃ​រស់នៅ​។ ដោយសារ​គ្មាន​ពុទ្ធិ និង​ពោរពេញ​ដោយ​ភាព​ខ្ជិល​ច្រអូស ពួកគេ​មិន​អាច​រក​ការងារ និង​មិន​មាន​អាហារ​ទទួលទាន ហើយ​រស់​រំពឹង​លើ​អំណោយ​របស់​អ្នកដទៃ​។ យប់​ថ្ងៃ​ទី​៨ ខែ​១២ ដោយសារ​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​មិន​មាន​អ្នក​ផ្តល់​អាហារ​ឲ្យ ទើប​អ្នក​ទាំងពីរ​ប្រមូល​យក​នូវ​អង្ករ​និង​បន្លែ​ដែល​សល់​បន្តិចបន្តួច​ក្នុង​ផ្ទះ តាម​រូង​កណ្តុរ យក​មក​ចម្អិន​ជា​បបរ​ដើម្បី​ទទួលទាន​។ ប៉ុន្តែ​ជា​អកុសល​ក្រោយ​ទទួលទាន​រួច ខ្យល់​ដ៏​ធំ​មួយ​បាន​បក់​បោក​ផ្ទះ​របស់​ពួកគាត់ ធ្វើ​អោយ​ផ្ទះ​រលំ​សង្កត់​ស្លាប់​ទាំងពីរ​រូប​ទៅ​។

ចាប់​ពី​ពេល​នោះ អ្នកភូមិ​បាន​រំលឹក​នូវ​ពិធីបុណ្យ​នេះ ដើម្បី​រំលឹក​ដល់​អ្នក​ទាំងពីរ​ផង និង​ដើម្បី​ផ្តល់​ជា​គតិ​ដល់​អ្នក​ជំនាន់ក្រោយ​ឲ្យ​ខិត​ខំ​តស៊ូ សិក្សា​រៀន​សូត្រ យល់​ពី​តម្លៃ​នៃ​ការ​ចិញ្ចឹម​បីបាច់​របស់​មាតាបិតា ជម្នះ​នូវ​ឧបសគ្គ​នានា ហើយ​ត្រូវ​មាន​ស្មារតី​ឯករាជ្យ​ដោយ​មិន​រស់​ពឹង​លើ​ដង្ហើម​របស់​អ្នកដទៃ​ឡើយ តែ​ត្រូវ​មាន​ទំនាក់ទំនង បង្កើតជា​ប្រព័ន្ធ​នៃ​ការពង្រីក​សេដ្ឋកិច្ច​តាមរយៈ​ទំនាក់ទំនង​ក្នុងសង្គម។

លោក លី ជឺ (Li Zhi) ក្នុងនាម នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​លោក ខូវ វុ​ឌ្ឍី នាយក​វិទ្យាល័យ​ក្រុងព្រះសីហនុ​ដែល​បាន​ជួយ​គាំទ្រ​ដល់​បេសកកម្ម​ការងារ​របស់​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​សម្របសម្រួល​របស់​លោក ម៉ាន់ និវត្តន៍ ដែល​តែង​ជួយ​ជ្រោមជ្រែង​ដល់​ថ្នាក់រៀន​ភាសា​ចិន​នេះ ហើយ​គ្រូបង្រៀន​ជន​ជាតិ​ចិន​នៅ​ទី​នេះ​អនុវត្តបាន​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការណែនាំ​និង​ចង្អុលបង្ហាញ​របស់​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ដែល​បាន​គូស​បញ្ជាក់ថា​ទីណា​ដែល​វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​តាំងនៅ ទីនោះ​នឹង​កាន់​តែមាន​វឌ្ឍនភាព៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114