ព័ត៍មានទាន់​ហេតុការណ៏
Search

ទទួល​លុយ​កក់​គេ​ ពីរ​ពាន់​ដុល្លារ​រឿង​សាងសង់​ផ្ទះ​១​ល្វែង​ ចង់​ប្រែ​ក្រឡាស់ ​ចូល​ប៉ុស្ដិ៍​សិន

ភ្នំពេញ ៖ បុរស​ជាជាង​ម៉ៅការ​សំណង់​ម្នាក់ ​បាន​ព្រមព្រៀងគ្នា​ថា​នឹង​ទទួល​ម៉ៅការ​សាងសង់​ផ្ទះ​១​ល្វែង​ឲ្យ​ភាគី​ម្ចាស់​ទីតាំង​ក្នុង​តម្លៃ​សរុប​ជាង​មួយ​ម៉ឺន​ដុល្លារ ហើយ​បាន​ទាមទារ​យក​លុយ​កក់​មុន​ចំនួន​ពីរ​ពាន់​ដុល្លា​ តែ​ដោយសារ​មិន​ព្រម​អនុវត្ត​តាម​កិច្ចសន្យា ​ពោល​គឺ​ចង់​គេចកែ​ប្រែ​ក្រឡាស់​ទើប​ម្ចាស់​លុយ​ប្ដឹង​ហៅ​ចូល​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ចោមចៅ​ ដើម្បី​ដោះស្រាយ​គ្នា​សិន ដែល​ករណី​នេះ​បាន​កើត​ឡើង​ កាលពី​ព្រលប់​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៧ ​នៅ​ក្នុង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ម្ចាស់ផ្ទះ ​ដែល​ជួល​ឲ្យ​គេ​សាងសង់​នោះ​មានឈ្មោះ ខាន់ ស្រស់ ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ទួ​ក​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ តែ​មាន​ដី​ឡូ​តិ៍​មួយកន្លែង​សម្រាប់​សាងសង់​ផ្ទះល្វែង​នៅ​ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រីឯ​ជនសង្ស័យ ជាជាង​ម៉ៅការ​សំណង់​នោះ ​មានឈ្មោះ សំ ស៊ី​ថា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ម៉ៅការ​សំណង់​រស់នៅ​ភូមិ​តា​ក្ដុល ​សង្កាត់​សេរីភាព​ ក្រុង​តាខ្មៅ​ ខេត្តកណ្ដាល។

បើ​យោងតាម​នារី​រង​គ្រោះជា​ម្ចាស់​លុយ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ​កាលពី​ថ្ងៃទី​៣១ ​ខែធ្នូ​ ឆ្នាំ២០១៦ ​កន្លងទៅ​ថ្មីៗ​នេះ​ខ្លួន​បាន​ធ្វើ​កិច្ចសន្យា​មួយ​ច្បាប់​ថា​ នឹង​ជួល​ឈ្មោះ​សំ ស៊ី​ថា ​នេះ​ឲ្យ​សាងសង់​ផ្ទះ​មួយ​ល្វែង​ ដែល​មាន​ទទឹង​៤,៥០​ម៉ែត្រ ​និង​បណ្ដោយ​១០,៥០​ម៉ែត្រ​ក្នុង​តម្លៃ​សរុប​១៣០០០​ដុល្លារ ក្នុង​នោះ​អ្នកម៉ៅការ​បាន​ទាមទារ​កក់​លុយ​មុន​ចំនួន​២០០០​ដុល្លារ​ ដោយ​បាន​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ប៉ុន្ដែ​ចាប់​ពី​ពេល​នោះ​មក​ លោ​កមេ​ជាង​រូប​នេះ​មិនបាន​អនុវត្តតាម​កិច្ចសន្យា​ឡើយ ពោល​គឺ​មិនឃើញ​ដឹក​សម្ភារៈ​សម្រាប់​សាងសង់​មក​ឡើយ មិនតែប៉ុណ្ណោះ​លោក​មេជាង​រូបនេះ ​ថែមទាំង​ទាមទារ​ឲ្យ​ភាគី​អ្នក​ជួល​បន្ថែម​លុយ​៥​ពាន់ដុល្លារ​ទៀត​ ទើប​គេ​មក​សាងសង់​ឲ្យ​បើ​មិន​ឲ្យ​៥​ពាន់​ដុល្លារ​ទេ​ គេ​មិន​មក​ធ្វើ​ផ្ទះ​ឲ្យ​នោះ​ទេ​ ហើយ​លុយ​ពីរ​ពាន់​ដុល្លារ ​ដែល​កក់​នោះ​ក៏​ទុកជា​អាសាបង់​ដែរ​។ នេះ​បើ​យោង​តាម​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​អ្នក​ជួល​ និង ​អ្នកម៉ៅការ​រូបនេះ។

ប្រភព​បន្ដ​ថា ​ក្រោយមក​ដោយសារ​និយាយ​មិន​ចុះសម្រុង​គ្នា​ ទើប​ម្ចាស់​លុយ​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍​ដោយ​បាន​នាំ​ខ្លួន​មេការ​សំណង់​រូប​នោះ​ មកកាន់​ប៉ុស្ដិ៍​នគរបាល​ដើម្បី​ដោះស្រាយ​គ្នា។ ជា​លទ្ធផល​មេការ​សំណង់​រូប​នេះ​មិន​ដឹង​ជា​យកលុយ​គេ​ទៅ​ណា​ទេ​ ពេល​មក​ដល់​ប៉ុស្ដិ៍​នគរបាល​បែរជា​គ្មាន​លុយ​សង​គេ​សោះ តែ​បាន​បុរស​ម្នាក់​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​គ្នា​ហើយ​មាន​តួនាទី​ជា​ក្រុមប្រឹក្សា​សង្កាត់​មួយ​នៅ​ក្នុង​ខណ្ឌទួលគោក​ មក​ចេញមុខ​ធានា​ថា​នឹង​ចេញ​លុយ​សង​ជំនួស​ជនសង្ស័យរូប​នោះ​ ដើម្បី​បាន​រួចខ្លួន​ទៅ​ផ្ទះ​វិញ តែ​ការធានា​នេះ​ថា​នឹង​យក​លុយ​មក​ប្រគល់​ឲ្យ​ជនរងគ្រោះ​ម្ចាស់​លុយ​នៅ​ថ្ងៃ​ទី​១០​ ខែមករា​នេះ​តែម្ដង​ទើប​សមត្ថកិច្ច​និង​ម្ចាស់​លុយ​យល់ព្រម​ឲ្យ​ចាក​ចេញពី​ប៉ុស្ដិ៍៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114