ព័ត៍មានទាន់​ហេតុការណ៏
Search

យ៉េន ឌី​ណា ជួប Sen Lit ឯ​ឡៅ ចិត្រា​ជួប​Hong Fa​នៅ​SEA-TV

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីររូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់​K.Cement នៅ​សង្វៀន​SEA-TV ថ្ងៃ​សុក្រ​ទី ១៣ ខែមករា ឆ្នាំ២០១៧ នេះ​។ ក្នុងនោះ យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Sen Lit ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦១ គីឡូក្រាម។

តាមពិត​អ្នក​ប្រដាល់​ថៃ Sen Lit ដែល​មកជួប​យ៉េន ឌី​ណា​នេះ គេ​គឺ​Yorth Phit ដែល ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​មកហើយ​កន្លងមក ។​នេះ​បើតាម​លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង ។ Sen Lit​នេះ គេ​ធ្លាប់​វាយ​ឈ្នះ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​យើង ដូចជា​ឈ្នះ​សារឿន ច័ន្ទ ក្លិប​តា​ព្រហ្ម​មានជ័យ ឈ្នះ​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ឈ្នះ​ម៉ន ចាន់​ដា​រ៉ា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ហើយ​គេ​ក៏​ធ្លាប់​ចាញ់​ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ ចាញ់​និង​ស្មើ​ជាមួយ​សូត្រ​ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ចាញ់​ឆៃ សា​រ៉ា សមាគម​កីឡា​ក្រសួងការពារជាតិ ចាញ់​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ និង​ចុង​ក្រោយនេះ​(៣១​ធ្នូ​២០១៦) គេ​វាយ​ចាញ់​យ៉េន ឌី​ណា​ដោយ​ពិន្ទុ​។

ដូច្នេះ លើក​នេះ Sen Lit ដូចជា​មកជួប​សងសឹក​យ៉េន ឌី​ណា វិញ​យ៉ាង​ដូច្នោះ​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៨៨​លើក ឈ្នះ​៦៧​លើក ចាញ់​១៩​លើក និង ស្មើ​០៣​លើក ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​សងសឹក យ៉េន ឌី​ណា បានសម្រេច​នោះឡើយ ព្រោះថា​ឌី​ណា​នេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មិន​ប្រណី​ដៃ​ថែមទៀត ។

យ៉េន ឌី​ណា ជើង​ខ្លាំង​របស់​កម្ពុជា​នេះ ធ្លាប់​បំបាក់​ថៃ​និង​អឺរ៉ុប​អស់​ប្រមាណ​ជាង​២០​នាក់​មកហើយ ។ ឌី​ណា វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ គេ​មាន​កណ្តាប់​ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។ ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា យ៉េន ឌី​ណា ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជា​អ្នក​ប្រដាល់​ថៃ Sen Lit នេះ​ឡើយ ? ព្រោះថា​ឌី​ណា ពេលខ្លះ​ក៏​វាយ​អន់​ដែរ ដូចជា​ពេល​ជួប​ប្រកួត​ជាមួយ Kalap Dam កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៦ គឺ​គេ​វាយ​អត់​ចេញរួច​តែម្តង​ហើយ​គេ​បាន​សុំ​ចាញ់​ក្នុង​ទឹក​ទី​៥ ។ តែ​បន្ទាប់មក ឌី​ណា​ប្រកួត​ឈ្នះ​Yorth Phit នេះឯង ។
​ឌី​ណា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៦៥​លើក និង​ចាញ់​០៤ លើក​ប៉ុណ្ណោះ ។ ចាំមើល​រវាង​យ៉េន ឌី​ណា និង Sen Lit តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើក​ទី​២​នេះ​?​។ ចំពោះ ឡៅ ចិ​ត្រា គេ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Hong Fa ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គ​.​ក្រ ។ Hong Fa នេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ពោលគឺ​គេ​ថ្មី​នៅ​កម្ពុជា តែ​ជា​អ្នក​ប្រដាល់​ជើងចាស់​នៅ​ស្រុកថៃ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៤​លើក ហើយ​ក្នុង​នោះគេ​វាយ​ឈ្នះ​៥៩​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក។

តែបើ​មើល​ពី​ប្រវត្តិ​នេះ អ្នក​ប្រដាល់​ថៃ​នេះ​លើ​ឡៅ ចិ​ត្រា​ច្រើន​ណាស់ ។ ចិ​ត្រា​មានកំនត់​ត្រា​ប្រកួត​តែ​២៨​លើក ឈ្នះ​២២​លើក ចាញ់​០៤​លើក និង​ស្មើ​០២​លើក ។​
Hong Fa នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។ តែ​យ៉ាងណា Hong Fa មិនដឹងថា​អាច​ឈ្នះ ឡៅ ចិ​ត្រា បាន​ឬ​អត់​នោះឡើយ​? ។ ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​ដែលមាន​អំណោយផល​ល្អ​ខាង​កាយសម្បទា ។ គេ​ល្អ​ទាំង​កណ្តាប់​ដៃ ជង្គង់ និង​កែង ។ ចិ​ត្រា​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​១៣​លើក​ហើយ​កន្លងមក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Phach Ngen Thong ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២៥​ធ្នូ​២០១៦ ។ ចាំ​មើ ល ឡៅ ចិ​ត្រា និង Hong Fa តើន​រណា​ជា​អ្នកឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ? ។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ធី តុង​ហ៊ី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នឹងត្រូវ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ។​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩ គីឡូក្រាម។

អ្នក​ប្រដាល់​ជើងចាស់​ទាំងពីរ​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​ពីមុនមក ។ ទោះជា​យ៉ាងណា ធី តុង​ហ៊ី ប្រហែលជា​មិន​ឈ្នះ​វ៉ែន សុវណ្ណ​នោះ​ទេ ព្រោះថា​តុង​ហ៊ី ឥឡូវ​គេ​វាយ​រាង​ស្រុត​ធ្លា​ក់ជាង​មុន ដោយ​ឡើង​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ គឺ​ចាញ់​រហូត។

គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​សាត ពុ​ទ្ធី​សូត្រ អ្នក​ប្រដាល់​ក្លិប​សម្បត្តិ គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ដែរ​ពីមុនមក ។ ចំណែក ឡុង សាមី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​ស៊ុំ សុខ​ឡេង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ខាងលើនេះ មិនដឹងថា​នរណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ ? ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684