ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្សារ​លក់​ផលិតផល​ខ្មែរ​នៅ​ខេត្តសៀមរាប​ បានចាប់ផ្តើម​បើក​ឲ្យ​មាន​ការលក់​បន្លែ​ផ្លែឈើ​ខ្មែរ​ គ្មាន​ជាតិគីមី​

​សៀមរាប ៖ លោក អ៊ុន សាវ៉ា​ន់ អ្នកគ្រប់គ្រង​ផ្សា​រលក់​ផលិតផល​ខ្មែរ​ខេត្តសៀមរាប​ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​Kings Road Angkor បាន​ឲ្យ​ដឹងថា ផ្សារ​លក់​ផលិតផល​ខ្មែរ​កន្លងមក​មាន​លក់​តែ​វត្ថុ​អនុស្សាវរីយ៍​ដែល​កែច្នៃ​ដោយ​ដៃ​ប្រជាពលរដ្ឋ​កម្ពុជា​តែ​ប៉ុណ្ណោះ ឥឡូវនេះ​ដើម្បី​ជួយ​លើ​ស្ទួយ​ផលិត​ផល​ខ្មែរ និង​បង្ក​ភាព​ងាយ​ស្រួយ​ដល់​ប្រជាពលរដ្ឋ​ដែល​តែងតែ​ស្វែងរក​ទិញ​បន្លែ ​ផ្លែឈើ​ខ្មែរ​ គ្មាន​ជាតិ​គីមី​ ដែល​ដាំ​ដុះ​ដោយ​ផ្ទាល់ដៃ​ប្រជាជន​កម្ពុជា​នោះ​ផង​នោះ ផ្សារ​លក់​ផលិតផល​ខ្មែរ​នៅ​ខេត្ត​សៀមរាប​ក៏បាន​ផ្តល់​កន្លែង​សម្រាប់​ឲ្យ​ប្រជាកសិករ​មក​លក់​បន្លែ​ផ្លែឈើ​ខ្មែរ​គ្មាន​ជាតិគីមី​ដោយផ្ទាល់​ដែល​ការលក់​បន្លែ​ផ្លែឈើ​ខ្មែរ​នេះ ​ចាប់​លក់​ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​១១​ថ្ងៃ​។​

​អ្នកស្រី​ឈ្មោះ ​វ៉ា​ត់ វី ជា​ប្រជាកសិករ​ម្នាក់​រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​បាន​នាំយក​កសិផល​មក​លក់​នៅក្នុង​ផ្សារ​ផលិតផល​ខ្មែរ​នេះ បាន​ឲ្យ​ដឹងថា ពួកគាត់​ពិតជា​ត្រេកអរ​ខ្លាំង ដែល​តែមាន​ទីតាំង​ដ៏​ល្អ​មួយ​សម្រាក់​ដាក់លក់​កសិផល​របស់​ពួកគាត់​ដែល​ផលិត​បាន​។

អ្នកស្រី​ថា ការផ្តល់​ទីតាំង​នេះ គឺមាន​សារៈសំខាន់​ណាស់​ពួកគាត់​ព្រោះ​ពេល​យើង​មាន​ទីតាំង​លក់​អចិន្ត្រៃយ៍​យើង​អា​ច​រក​ចំណូល​ប្រចាំ​ថ្ងៃ​បាន​ជួយ​ឲ្យ​ជីវភាព​របស់​ពួកគាត់​បាន​មាន​ល្អប្រសើរ​ជាង​មុន​។​

​អ្នកស្រី​គង់ រដ្ឋា មន្ត្រី​ នៃ​អង្គការ​កសិកម្ម​នៅ​ទិស​ខាងត្បូង​នៃ​ប្រទេស​បារាំង​(AGRISUD)​បាន​ថ្លែងថា នេះ​ជា​សកម្មភាព​មួយ​ដ៏​ល្អ​របស់​ផ្សា​រលក់​ផលិតផល​កម្ពុជា​ក្នុង​ជួយ​លើកទឹកចិត្ត និង​ជួយ​ធ្វើ​ឲ្យ​ជីវភាព​កសិករ​ធូរធារ​។​

អ្នកស្រី​បន្តថា ដើម្បី​ឲ្យ​កសិករ​មានលទ្ធភាព​ផ្គត់ផ្គង់​បាន​កាន់តែច្រើន​អង្គការ AGRISUD នឹង​ផ្តល់នូវ​បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ឲ្យ​ការដាំដុះ​របស់​ពួកគាត់​ទទួលបាន​ផល​កាន់តែច្រើន​។​

​សូមបញ្ជាក់ថា ដើម្បី​លើកស្ទួយ​ផលិតផល​ខ្មែរ និង​ធានាបាន​ថា មុខម្ហូប​ខ្មែរ​ដែលមាន​នៅតាម​សណ្ឋាគារ​នានា​ក្នុង​ខេត្តសៀមរាប​គឺធ្វើឡើង​ដោយ​ផលិតផល​ខ្មែរ​សុទ្ធសាធ​នោះ កន្លងមក​សមាគម​ចុងភៅ​កម្ពុជា បាន​ចុះទៅ​ជួប​ផ្ទាល់​ជាមួយ​កសិករ​ដាំ​បន្លែបង្កា​ស្ថិតនៅក្នុង​សង្កាត់​ក្របី​រៀល ​ក្រុង​សៀមរាប ​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ប្រមូល​ទិញ​បន្លែបង្ការ​ពី​កសិករ​ផ្ទាល់ ក្នុង​គោលដៅ​យក​មក​ផ្គត់ផ្គង់​ផ្នែក​ម្ហូបអាហារ​នៅក្នុង​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន ដែល​សកម្មភាព​នេះ​បាន​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាកសិករ​សប្បាយចិត្ត​ក្នុង​ការ​ធ្វើ​ជីវភាព​របស់​ពួកគាត់​ល្អប្រសើរ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684