ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ជលផល​ចុះ បង្ក្រាប​បទល្មើស​នេសាទ​នៅ​ដង​ទន្លេសេសាន​

ស្ទឹងត្រែង ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​រួម​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​គ្នា​១៤​នាក់​ បាន​ចុះទៅ បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំ​ស្រែគរ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង ​ដែល​ភូមិ​សាស្ត្រ​នោះ ​ជនសង្ស័យ ​បាន​លួចលាក់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់។

ក្នុង​សកម្មភាព​ចុះ​ល្បាត​តាម​អន្លង់អភិរក្ស​ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​ថ្ងៃទី​០៩ ខែ​មករា ​ឆ្នាំ​២០១៧ ​លោក​ទុំ​នី​រ៉ូ​នាយ ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​ បាន​អះអាង​ថា ច្បាប់​ជលផល​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​ឃុំ​នីមួយៗ ​និង​ឆ្មាំ​ទន្លេ​ ផ្សព្វផ្សាយ​បាន​ទូលាយ​រួច​មក​ហើយ ​តែ​ជនសង្ស័យ​មួយ​ចំនួន​នៅតែ​លួចលាក់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ ជាពិសេស​លួច​ដាក់​ដាយ ឧបករណ៍ ឆក់ នៅ​តាម​អន្លង់អភិរក្ស នៅ​ពេល​យប់​។

លោកនាយ ខណ្ឌ​បញ្ជាក់​ថា ករណី​លួចលាក់​នេះ​សមត្ថកិច្ច​ចម្រុះ ចុះ​ល្បាត​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្រែគរ​រឹបអូស​បាន​-​ទូក​មួយ​គ្រឿង​-​ម៉ាស៊ីន​៩​សេះ​១​គ្រឿង​-​ឧបករណ៍ ​ដាយ​ខ្នាត​១០​គុណ​នឹង​២០​ម៉ែត្រ​ចំនួន​៣​គ្រឿង​-​ខ្នាត​១០​គុណ​នឹង​៤០​ម៉ែត្រ​ចំនួន​២​គ្រឿង​ចំណែក​ជនសង្ស័យ​ត្រូវ​គេចខ្លួន ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​សេ​សាន​ បាន​គាំទ្រ​ដល់​សកម្មភាព​បង្ក្រាប​បទល្មើស នេះ​ពីព្រោះ​វា​អាច​ការពារ​ពូជ​ត្រី​សំខាន់ៗ​ឲ្យ​សម្បូរបែប​ឡើងវិញបាន​ ហើយ​ជនសង្ស័យ​ក៏​វា ខ្លាចរអា​ខ្លះ​ដែរ​ ទោះបី​ចាប់ខ្លួន​មិនបាន​ក៏ដោយ​។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ​នៅ​ឆ្នាំ​២០១៧​នេះ​ ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងពេលដែល​ជនសង្ស័យ​លួចលាក់ ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ​និង​មធ្យោបាយ​ផ្សេងៗ​មួយ​ចំនួន​ទៀត ៗ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684