ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​RAV4 ​បុក​គូទ​រថយន្ត​យី​ឌុប​ ស្លាប់​ម្នាក់​ និង​របួសស្រាល​២​នាក់​

កំពង់ធំ ៖ ​រថយន្ត​ចំនួន​២​គ្រឿង បាន​ព្រលះ​គ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់ៗ​នៅនឹងកន្លែង និង​២​នាក់​ទៀត​រងរបួស ដែល​ករណីនេះ​បណ្តាលមកពី​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ រហូត​បុក​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​០៨ ​ខែមករា ​ឆ្នាំ​២០១៧​។​

តាម​ការ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​មាន​រថយន្ត​ចំនួន​២​គ្រឿង ដោយ​រថយន្ត​ប្រភេទ​យី​ឌុប​បាន​ចត​ចោល​នៅលើ​កំណាត់​ផ្លូវជាតិ​ ក្នុង​ភូមិ​ទួល​ដំ​ណាត់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ។ ក្រោយមក​ស្រាប់តែ​រថយន្ត RAV4(​រ៉េ​ហ្វ័​រ​) ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2P8441 ​បាន​ជិះ​គ្នា​៣​នាក់ បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង ក៏បាន​បុក​គូទ​រថយន្ត​យី​ឌុប​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​បាញ់​ឌុប​ចំណុះ​៥​តោន ​ពាក់​ស្លាក​លេខ​កំពង់ធំ​3A1500 ដឹក​គ្រឿងសំណង់​ចត​ចោល​លើ​ចិញ្ចើមថ្នល់​។​

ករណី​ ដែល​បណ្តាលឲ្យ​ឈាន​ដល់​ស្លាប់​មនុស្ស​ បណ្តាល​មកពី​ដែកថ្នាំងអំពៅ​បុក​ចំ​អ្នករួមដំណើរ​ដែល​អង្គុយ​កៅអី​មុខ​មុត​ចំ​ក្រោម​ដើម​ដោះ​ខាងស្តាំ​ចំនួន​៣​ដើម​ធ្លាយ​កៀប​ជាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ ឯ​តៃកុង​រថយន្ត​ត្រូវជា​ឪពុកមា​បង្កើត ​និង​ម្នាក់ទៀត​ត្រូវជា​ម្តាយបង្កើត​ជនរងគ្រោះ រងរបួស​ស្រាល។ ជនរងគ្រោះ​ទី​១-ឈ្មោះ ​ទី សៀង​ហុក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ស្លាប់​)​។ ទី​២-ឈ្មោះ ឡុង ប៉ូ​ឡែ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ។ និង​ទី​៣-ពុំ​ស្គាល់ឈ្មោះ​ត្រូវ​ជា​ម្ដាយ​ជនរងគ្រោះ ទាំង​៣​នាក់ រស់នៅ​ក្រុងភ្នំពេញ។​

តៃកុង​រថយន្ត​ហ៊ី​យិន​ដាយ បាន​រត់​គេច​គេចខ្លួនបាត់​ស្រមោល បន្ទាប់ពី​បានឃើញ​ហេតុការណ៍​គ្រោះ​ថ្នាក់ ដែល​បច្ចុប្បន្ន​រថយន្ត​ទាំង​២ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បារាយណ៍​រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាមច្បាប់ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្នុងនោះ​ប្រជាពលរដ្ឋ​ក៏បាន​សំណូម​ពរ​ឲ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​បន្ថែម​លើ​ការ​ចត​យានយន្ត​នៅ​លើ​ដងផ្លូវ​សាធារណៈ ដោយ​មិន​មាន​ស្លាក​សញ្ញា បណ្ដាល​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជា​ច្រើន​ករណី​មក​ហើយ៕​
​ 




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114