ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ទាំង​៥​នាក់ ​អស់លក្ខណ៍​ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

​បាត់ដំបង ៖ មុខសញ្ញា​ចោរលួច​ចំនួន​៥​នាក់​ ដែល​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ អស់លក្ខណ៍ ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ជាបន្តបន្ទាប់។

​យោង​តាម​សេចក្ដីរាយការណ៍​ពី​ លោក​ ប៉ាង​ ហៀ​ង​ អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ថ្ងៃទី​៩​ ខែមករា​​ថា​ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង ​និង​ក្តីកង្វល់​របស់​ប្រជា​ពលរដ្ឋ​នូវ​ករណី​លួច​ចំនួន​២​លើក​ក្នុង​ចំណុច​ក្រុម​ទី​៣៤ ​និង​៣៥​ ស្ថិត​ក្នុង​ភូមិ​ដាំ​ស្ពៃ​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ លោក​បាន​អនុវត្ត​ប្រើប្រាស់​កម្លាំង​ស៊ើបអង្កេត​ជាច្រើន​ថ្ងៃជា​ដំណាក់កាល​ៗ ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជន​បង្ករ​ចំនួន​៥​នាក់​បន្តបន្ទាប់ ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៧​។

​មុខសញ្ញា​ដែល​កម្លាំង​ការិយាល័យ​ជំនាញ​មូលដ្ឋាន ​និង​ក្រុង​ឃាត់ខ្លួន​បាន​នោះ​រួមមាន​១/​ឈ្មោះ ​អាន គីស​ភ្លី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​។ ២/​ឈ្មោះ​ ទី​ ប៊ុន​តាន​ ហៅ​តឿ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​។ ៣/​ឈ្មោះ​ ស៊ុប​ ​រ៉​នី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ។ ​៤/​ឈ្មោះ​ ខន​ ប៊ុន​វ័ន​ ហៅ​ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​និង​ឈ្មោះ ​ម៉ក់​ ​សូ​មើ​ត​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ជនសង្ស័យ​ទាំងអស់​រស់នៅក្នុង​សង្កាត់​ស្លា​កែ​ត ​និង​សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​។​

ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ រ៉េះ​ ជា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ និង​ម្ចាស់ផ្ទះ​រងគ្រោះ​មួយទៀត​ឈ្មោះ​ ទួត​ បូរ៉ា ​ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ទាំងពីរ​នាក់​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

ទ្រព្យសម្បត្តិ ​ដែល​បាត់បង់​ជាច្រើន​មាន​ទូរស័ព្ទ​ដៃ​ណូគា​,​អិន​ចុច​ពិល​ចំនួន០១​គ្រឿង​,​អាយ​ផេ​ត​សាំ​ស៊ុ​ង​ចំនួន​១​គ្រឿង​ សាច់គោ​ក្លាសេ​ទម្ងន់​១០​គីឡូក្រាម​,​ទូរស័ព្ទ​ដៃ​ម៉ាក​ហូ​វេ​១​គ្រឿង ប្រាក់​ចំនួន​២៣០០​បាត​ ប្រាក់​ដុល្លារ​៣២០០​ដុល្លារ ​ប្រាក់​ខ្មែរ​៥០​ម៉ឺន​រៀល​ ស៊ីម​កាត​ចម្រុះ​ប្រព័ន្ធ​មួយចំនួន​ និង​កាត​អេ​ធី​អឹម​ចំនួន​២​សន្លឹក​ផងដែរ​។

​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុង​បន្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅកាន់​តុលាការ​ដើម្បី​មាន​ចំណាត់​តាមច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114