ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្ដេច​តេ​ជោ និង​នាយករដ្ឋមន្ត្រី​ឡាវ អញ្ជើញ​សម្ពោធ​អគារ​ទីស្នាក់ការ​ ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ច្រក​ត្រពាំង​ក្រៀល​

​ស្ទឹងត្រែង ​៖ ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧ នេះ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) បាន​អញ្ជើញ​សម្ពោធ​អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ច្រក​ត្រពាំង​ក្រៀល ​ខេត្តស្ទឹងត្រែង​ និង​ច្រក​ណង​ណុ​ក​ខៀន​ ខេត្ត​ចម្ប៉ា​សាក់ ហើយ​បន្ទាប់មក សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​បន្តដំណើរ​ទៅពិនិត្យ​មើល​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ក្នុង​ខេត្ត​ចម្ប៉ា​សាក់​។​

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​ថ្ងៃទី ៤ ខែ​មករា បាន​ឲ្យ​ដឹងថា សម្ដេច​តេ​ជោ ហ៊ុន សែន និង លោក ថង​លូន ស៊ី​ស៊ូ​លី​ត នឹង​ថ្លែង​សុន្ទរក​ថា ក្នុង​ពិធី​សម្ពោធ​នោះ​ បន្ទាប់មក​ អញ្ជើញ​កាត់​ខ្សែបូ​ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ស្នាក់​ការ​ត្រួតពិនិត្យ​នេះ។

បន្ទាប់​ ពិធី​សម្ពោធ​ សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​បន្តដំណើរ​ទៅពិនិត្យ​មើល​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ក្នុង​ខេត្ត​ចម្ប៉ា​សាក់​។​

សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់​អះអាងថា​ ការសិក្សា​កន្លង​មករក​មិនឃើញ​មាន​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ​ទេ។

ជាមួយនឹង​គម្រោង​សាងសង់​នេះ​ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ឡាវ​ ដែល​បាន​សន្យា​លក់​អគ្គិសនី​នោះ​ក្នុង​តម្លៃថោក​ចំពោះ​បណ្តា​ខេត្ត​របស់​កម្ពុជា​ដែល​ជាប់​ព្រំដែន​ជា​មួយនឹង​ទំ​បន់​វា​រី​នេះ​។​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់បាន​អញ្ជើញ​ទៅពិនិត្យ​ស្ថានភាព​នៅ​ទីនោះ​ និង​បាន​បញ្ជាក់​ថា​ គម្រោង​ នៃ​ការ​អភិវឌ្ឍ​នេះ​ មិនមាន​បញ្ហា​នោះទេ​ចំពោះ​ការព្រួយបារម្ភ​របស់​ក​ម្ពុ​ជា​អំពី​កង្វះ​ខាត​ទឹក ឬ ចលនា​របស់​ត្រី​មិនមាន​ការប៉ះពាល់​នោះទេ ហើយ​នៅពេលនេះ​ ឡាវ​ បានចាប់ផ្តើម​សាងសង់​ហើយ​នូវ​គម្រោង​វា​រី​អគ្គិសនី​នេះ។

ក្រុមហ៊ុន មេ​ហ្គា​ហ្វឺ​ស របស់​ប្រទេស​ម៉ាឡេស៊ី ​បានចាប់ផ្តើម​ដឹកជញ្ជូន​គ្រឿងចក្រ និង​ឈូសឆាយ​ចាក់​ដី​ចូល​ទន្លេ​ដើម្បី​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​ ដែលមាន​ចម្ងាយ​តែ​១​គីឡូម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ​ពី​ឃុំ​ព្រះ​រំកិល​ ស្ថិតក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្ត​ស្ទឹងត្រែង​ តាំងពី​ខែ​មិថុនា ឆ្នាំ​២០១៥។​

ក្រុមហ៊ុនមេ​ហ្គា ហ្វឺ​ស ខ​ប​ភឺ​រេ​សិន (Mega First Corporation Berhad) របស់​ប្រទេស​ម៉ាឡេស៊ី បាន​ចុះកិច្ចសន្យា​ជាមួយនឹង​រដ្ឋាភិបាល​ឡាវ​ កាលពី​ឆ្នាំ​២០០៨ ក្នុងការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា ហុង កម្លាំង​២៦០ មេ​ហ្គា​វ៉ា​ត់។

ប៉ុន្តែ​ក្នុងដំណាក់កាល​ដំបូង​ ក្រុមហ៊ុន មេ​ហ្គា​ហ្វឺ​ស កំពុង​ចរចា​ឲ្យ​ក្រុមហ៊ុន​ស៊ី​ណូ ហាយ​ដ្រូ ចិន​ធ្វើការ​សាងសង់៕