ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ប្រាក់ សុវណ្ណារ៉ា​៖ កិច្ចព្រមព្រៀង​ចាកចេញ​រវាង​លោក​និង​ក្លិប​បឹងកេត​អង្គរ ជា​ដំណើរ​ទៅកាន់​ក្លិប​អាជីព​មួយ​ពិតប្រាកដ​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី៧ ខែមករា កន្លង​ទៅនេះ​ក្លិប​បឹង​កេត​អង្គរ សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​បេក្ខភាព​ពានរង្វាន់ AFC Cup របស់​កម្ពុជា បាន​ប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ក្លិប​សម្រេច​ចែក​ផ្លូវ​ការ​ជាមួយ​លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​គ្រូបង្វឹក​ហើយ មុន​រដូវ​កាល​ឆ្នាំ​២០១៧ មកដល់។

ពេលនោះ​ក្លិប​បាន​សរសេរ​ប្រកាស​ដល់​អ្នកគាំទ្រ​ថា​៖ «​គ្រប់ៗ​គ្នា​នៅ​ក្លិប​បឹងកេត​អង្គរ​សូម​អរគុណ​ដល់​លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះ​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ជោគជ័យ​របស់​ក្លិប​អំឡុង​ពេល​២​រដូវ​កាល​ចុងក្រោយ​នេះ ដោយ​យើង​បាន​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ និង រង​ជើងឯក​ក្នុង​ពានរង្វាន់​អន្តរជាតិ Toyota Mekong Club Championship 2015 ដែល​ធ្វើអោយ​លោកគ្រូ​ក្លាយជា​គ្រូ​ជោគជ័យ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។ ប៉ុន្តែ​ក្លិប​និង​លោកគ្រូ ទទួលស្គាល់​នូវ​លទ្ធផល​មិនសូវ​សមប្រកប​ក្នុង​រយ​:​ពេល​ចុង​ក្រោយនេះ ហើយ​ជឿជាក់ថា​ការចែក​ផ្លូវ​គ្នា​នេះ​ធ្វើឡើង​ដើម្បី​ផល​ចំណេញ​ជា​អតិបរមា​ចំពោះ​ភាគី​ទាំងសងខាង​»​។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នេះ​បាន​សង្កត់ធ្ងន់ថា​៖ «​ទន្ទឹមនឹង​នេះដែរ ក្លិប​សូមបញ្ជាក់ថា​ការចាកចេញ​របស់​លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា ពុំមាន​បញ្ហា​ល្អក់កករ​អ្វី​ឡើយ ហើយ​បឹងកេត​អង្គ នៅតែមាន​ការ​គោរព​និង​ក្ដី​ស្រលាញ់ ចំពោះ​លោកគ្រូ​ជានិច្ច​។ ការផ្ដោត​សំខាន់​របស់​ក្លិប​នៅពេលនេះ​គឺ​ធ្វើ​យ៉ាងណា​ពង្រឹង​ទេពកោសល្យ​កីឡាករ​របស់​យើង​អោយដល់​សក្ដានុពល​ខ្ពស់បំផុត​របស់​ពួកគេ ហើយ​ក្លិប​ពុំមាន​ការអត្ថាធិប្បាយ​អ្វី​ផ្សេង​បន្ថែមទៀត​នោះឡើយ រហូតដល់​ការតែងតាំង​គ្រូ​បង្គោល​ថ្មី​ត្រូវ​បាន​ធ្វើឡើង​»​។​

​យ៉ាងណាក្តី​ការប្រកាស​របស់​ក្លិប​ស្របពេល​លោក ប្រាក់ សុវណ្ណារ៉ា កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន នៅ​ឡើយ​នោះទេ ដោយ​កំពុង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​សម្រាប់​គ្រូ​បាល់ទាត់​អាស៊ី រយៈពេល​៥​ថ្ងៃ នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា (Hiroshima)​។ សន្និសីទ​នេះ​ត្រូវបាន​ធ្វើឡើង​រៀងរាល់ឆ្នាំ ដើម្បី​ជួបជុំ​គ្រូបង្វឹក​បាល់ទាត់​នៅ​អាស៊ី ក្រោយ​បញ្ចប់​រដូវ​កាល​រៀងៗ​ខ្លួន ហើយ​រំលឹក​ពី​សកម្មភាព​នៅ​ឆ្នាំ​២០១៦ និង ពិភាក្សា​ស្ដី​ផែនការ​សម្រាប់​ឆ្នាំ​២០១៧ ជា​បន្ត​។​

​ថ្លែង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​មកពី​ប្រទេស​ជប៉ុន ជុំវិញ​ការចែក​ផ្លូវ​រវាង​ក្លិប​ជាមួយ​ខ្លួន លោក​ប្រាក់ សុវណ្ណារ៉ា បាន​សរសេរ​ឆ្លើយតប​វិញ​ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​គ្រូបង្ហាត់​ម្នាក់ អាច​និយាយបានថា​តំណាង​ឲ្យ​គ្រូបង្ហាត់​ជនជាតិខ្មែរ​ទាំងអស់ សូម​អនុញ្ញាត​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួម​ជាតិ​ដែល​ស្នេហា​កីឡាករ​បាល់ទាត់ ដែល​បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការចាកចេញ​របស់ខ្ញុំ​ពី​ក្លឹប​បឹង​កេត​អង្គរ និង ព្រួយ​បារ​ម្ម​ណ៏​ពី​អនាគត​របស់​អាជីព​គ្រូបង្ហាត់ នៃ​យើងខ្ញុំ​ទាំងអស់គ្នា​។​
​ចំពោះ​ខ្ញុំ ខ្ញុំ​សប្បាយចិត្ត និង ពេញចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្លឹប នូវ​កិច្ច​ព្រម​ព្រៀម​មួយ​ជាមួយ​រូបខ្ញុំ​។ នេះ​សរ​បញ្ជាក់​អោយឃើញថា ក្លឹប​កំពុងតែ​ឈានទៅរក​ក្លឹប​អាជីព​មួយ​យ៉ាងពិត​ប្រក​ដ ដូច​ក្លឹប​អាជីព​ទាំងអស់​នៅលើ​ពិភពលោក​»​។​

​ជា​ចុងក្រោយ​លោក បាន​បញ្ជាក់ថា​៖ «​សូម​ជូនពរ​ក្លឹប​បឹងកេត​អង្គរ អោយ​ទទួលបាន​ជោគជ័យ​បន្ថែម​ទៀត ក្នុងការ​ប្រកួត​ដ៏​សំខាន់ (AFC Cup) នាពេល​ដ៏​ខ្លី​ខាងមុខនេះ និង រក្សា​គ្រង​ជើងឯក​លី​គ​ឆ្នាំ​២០១៧ បន្តទៀត​។ ហើយក៏​សូម​សំណូម​ដល់​ប្រិយមិត្ត មេត្តា​គាំទ្រ​លី​គ​ខ្មែរ​បន្តទៀត ដើម្បីអោយ​លី​គ​យើង​មាន​ប្រជាប្រិយភាព នៅលើ​ឆាក​អន្តរជាតិ​»​។

​រំលង​បាន​២​ថ្ងៃក្រោយ​ប្រកាស​ចាកចេញ​របស់លោក ប្រាក់ សុវណ្ណារ៉ា ក្លិប​បឹងកេត​អង្គរ បាន​បង្ហាញ​មុខ​គ្រូបង្វឹក​ថ្មី ដែល​កាន់តំណែង​ជំនួស​ហើយ​គឺ​លោក​លោក John McGlynn ជា​ជនជាតិ​អូស្ត្រាលី ដែល​ធ្លាប់​ដឹកនាំ​ក្លិប​ជើងឯក​២​សម័យកាល​មួយ​នេះ​បាន​មួយរយៈ​អំឡុង​ចុងឆ្នាំ​២០១៥ កន្លងទៅ​។ ការតែងតាំង​នេះ​គឺ​បណ្តោះអាសន្ន​សិន​ប៉ុណ្ណោះ ដើម្បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 ដែល​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ជាមួយ​ក្រុម Lao Toyota FC ចំនួន​២​ជើង​គឺ​ជើង​ទី​១ នៅ​ថ្ងៃទី​៣១ ខែមករា និង​ជើង​ទី​២ នៅ​ថ្ងៃទី​៧ កុម្ភៈ មុន​សម្រេច​រក​អ្នកឈ្នះ​ឡើងទៅ​វគ្គ​ចែក​ពូ​ល F ជាមួយ​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ក្លិប Magwe របស់​មី​យ៉ាន់​ម៉ា និង​ក្លិប Global របស់​ហ្វីលីពីន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684